FIFA
កីឡាជាតិ
ជាតិ
​លោក Felix និង លោក Mixu សុទ្ធតែ​មិន​ពេញចិត្ត​លទ្ធផល តែ​សរសើរ​ការប្រកួត​ដ៏​ទាក់ទាញ​
06, Sep 2019 , 2:10 pm        
រូបភាព
ដោយ:
គ្រូបង្វឹក​​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ហុងកុង ហាក់​មិន​ពេញចិត្ត​ជាមួយ​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រាប់​ជំនួប​វគ្គ​ជម្រុះ FIFA World Cup 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ តែ​យ៉ាងណា​គ្រូបង្វឹក​ហុងកុង​សរសើរ​ថា កម្ពុជា​ជា​ក្រុម​មានការ​អភិវឌ្ឍ​លឿន និង​សម្បូរ​កីឡាករ​មាន​ល្បឿន​លឿន​។ ជាមួយគ្នានេះ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​លទ្ធផល​នេះ​ផងដែរ​។​




លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិកម្ពុជា នាពេល​ប្រកួត។ ថតដោយ ប៉ាន់ បូនី

ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង បន្ទាប់ពី​ពួកគេ​បញ្ចប់​លទ្ធផល​ស្មើ ១-១ នា​ជំនួប​ជើង​ទី​១​ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2022 កាលពី​យប់​ថ្ងៃទី​៥ កញ្ញា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ជាង​៤៥,០០០​នាក់ ខ្សែប្រយុទ្ធ កែវ សុខ​ផេង បានរ​កបាល់​គ្រាប់​តាម​ស្មើ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោយ​ខ្សែបម្រើ Chun Lok Tan រក​គ្រាប់​បាល់​នាំមុខ ១-០ នៅ​នាទី​ទី​១៦​។

អត្ថបទទាក់ទង



លោក Mixu Paatelainen គ្រូបង្វឹក​ក្រុម​ហុងកុង នាសន្និសីទសារព័ត៌មាន។ ថតដោយ FFC

​ទោះបី​ទទួលបាន​១​ពិន្ទុ​ពី​ជំនួប​ក្រៅ​ដី​ក៏ដោយ តែ​គ្រូបង្វឹក​ក្រុម​ហុងកុង​លោក Mixu Paatelainen មិន​ពេញចិត្ត​ជាមួយ​លទ្ធផល​នេះឡើយ​។ អ្វីដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ​មិន​ពេញចិត្ត ដោយសារ​លទ្ធផល​នេះ​ខុសពី​ក្តី​រំពឹង​របស់លោក ដែល​សង្ឃឹម​ទទួលបាន​៣​ពិន្ទុ​ពី​ការប្រកួត​នេះ​។  គ្រូបង្វឹក​រូបនេះ បានបង្ហាញ​អារម្មណ៍​បែបនេះ​ថា​៖«​ពួកយើង​មិន​ពេញចិត្ត​ជាមួយ​លទ្ធផល​នេះ​ទេ ព្រោះ​យើង​គិតថា នឹង​ទទួលបាន​៣​ពិន្ទុ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា បាល់ទាត់​មិន​ងាយស្រួល​ដូច​យើង​គិត​នោះទេ​»​។​

​កត្តា ដែល​ធ្វើ​ឲ្យ​ហុងកុង​មិនអាច​ទទួលបាន​៣​ពិន្ទុ ដោយសារ​ក្រុម​ជម្រើសជាតិ​កម្ពុជា​សម្បូរ​កីឡាករ​មាន​ល្បឿន​លឿន​ច្រើន ដែល​បង្ក​ការលំបាក​ដល់​ហុងកុង​ក្នុងការ​បង្កើត​ឱកាស​មាស​។ នេះ​ជាការ​យល់ឃើញ​របស់លោក Mixu Paatelainen ហើយ​លោក​ឆ្លៀត​សរសើរ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថា​៖«​កម្ពុជា​ជា​ក្រុម ដែលមាន​ការអភិវឌ្ឍ​លឿន​ជាង​អ្វីដែល​ខ្ញុំ​បានគិត ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការប្រកួត​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​»​។



​មិន​ខុសគ្នា​ពី​គ្រូបង្វឹក​ហុងកុង​នោះទេ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​ជាមួយ​លទ្ធផល​នេះ​ផងដែរ ដោយ​លោក​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​៣​ពិន្ទុ​ពី​ការប្រកួត​ជើង​ទី​១​ក្នុង​ដី​របស់ខ្លួន​។ តែ​យ៉ាងណា​លទ្ធផល​ស្មើ ១-១ ជាមួយ​ហុងកុង​លើកដំបូង វា​មិនអាក្រក់​សម្រាប់​កម្ពុជា​នោះទេ​។ ផ្ទុយទៅវិញ វា​ជា​លទ្ធផល​មួយ​ដ៏​ល្អ សម្រាប់​វិស័យ​កីឡាបាល់ទាត់ និង​អ្នក​ប្រជាពលរដ្ឋ​កម្ពុជា​។



«​យើង​មិន​ពេញចិត្ត​ជាមួយ​លទ្ធផល​នេះ​ទេ តែ​យើង​ក៏​មិន​ខកចិត្ត​នោះដែរ​។ យើង​បានធ្វើការ​ជាមួយ​កីឡាករ​បាន​មួយឆ្នាំ​ហើយ ប៉ុន្តែ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ហើយ​វា​ជា​មូលដ្ឋាន​គ្រឺះ​ដែល​យើង​ចង់​លេង​»​។ លោក Felix Dalmas លើកឡើង​បែបនេះ​ក្នុង​សន្និទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​នៅ​ថ្ងៃទី​៥ ខែកញ្ញា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​សម្រាប់​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ អ្នកគាំទ្រ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា គួរតែ​រីករាយ និង​មាន​មោទកភាព​ចំពោះ​លទ្ធផល​នេះ​។ ព្រោះ​វា​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ ដែល​បានបង្ហាញ​ឆន្ទៈ ទំនុកចិត្ត និង​លេង​សហការ​ជា​ក្រុម​បាន​យ៉ាង​ល្អ​នៅលើ​ទីលាន​។ សម្រាប់​ជំនួប​បន្ទាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន នៅ​ថ្ងៃទី​១០ កញ្ញា នា​ពហុ​កីឡដ្ឋាន​ជាតិ​៕      



ក្រុម​កីឡាករជម្រើសហុងកុង មុនពេល​ប្រកួត។ ថតដោយ ប៉ាន់ បូនី


Tag:
 ​ជម្រើសជាតិ​កម្ពុជា​
  Mixu Paatelainen
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com