ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាវាចម្បាំង​មី​ស៊ី​ល​របស់​ឥណ្ឌា ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ដើម្បី​បំពេញ​ទស្សនកិច្ច​
06, Sep 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ពីរ​គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ការទទួល​ស្វាគមន៍​ពី​ឧ​ត្ត​មនា​វី​ទោ រស់ វាសនា មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ​។ ការចូល​ចត​នេះ គឺ​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រហូតដល់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩​។​



​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ទាំង ពីរ​គ្រឿង​នេះ ឈ្មោះ INS KILTAN ជា​ប្រភេទ​នាវា​ប្រឆាំង​នាវាមុជទឹក និង ឈ្មោះ INS SAHYADRI (F49) ជា​ប្រភេទ​នាវាចម្បាំង​មី​ស៊ី​ល​។  នាវា​ទីមួយ មាន​បណ្តោយ ១១០​ម៉ែត្រ ទទឹង ១២.៨​ម៉ែត្រ មាន​ល្បឿន ៤៦​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ដោយមាន​មន្ត្រី​៣០​នាក់ និង​នាវិក ២៥០​នាក់​។ ចំណែក​នាវា​ទី​ពីរ មាន​បណ្តោយ ១៤៣​ម៉ែត្រ ទទឹង ១៣​ម៉ែត្រ មាន​ល្បឿន ៥៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយមាន​មន្ត្រី​៤០០​នាក់ និង​នាវិក​៣៥០​នាក់​។​



​ឧ​ត្ត​មនា​វី​ទោ រស់ វាសនា ចាត់ទុកថា​ជា​មោទនភាព​របស់​កម្ពុជា ដែល​នាវា​កងទ័ពជើងទឹក​ឥណ្ឌា បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដើម្បី​បំពេញ​ទស្សនកិច្ច ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំងពីរ រួមទាំង​មានកម្ម​វិធី​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលនេះ ផ្តោត​សំខាន់​ទៅលើ​ការការពារ​ដែនសមុទ្រ​រវាង​កងទ័ព​កម្ពុជា​-​ឥណ្ឌា ដើម្បី​រួមចំណែក​ការពារ​សន្តិសុខ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ 

​សូម​រម្លឹកថា កាលពី​ខែមីនា ដើមឆ្នាំ​២០១៩ នាវា​កងទ័ពជើងទឹក​ឥណ្ឌា​មួយគ្រឿង​ឈ្មោះ INS KADMATT (P-29) ដែលជា​ប្រភេទ​នាវា​ប្រឆាំងនឹង​នាវាមុជទឹក បាន​ចូល​ចត​នៅ​ខេត្ដ​ព្រះសីហនុ​ម្តង​រួចមកហើយ​៕


Tag:
 នាវា​ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com