FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រី​កីឡា​ម៉ាឡេស៊ី រៀបរាប់​ពី​សកម្មភាព​ហិង្សា​របស់​ក្រុម​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​
06, Sep 2019 , 4:55 pm        
រូបភាព
​រដ្ឋមន្ត្រី​យុវជន និង​កីឡា​ម៉ាឡេស៊ី ដែលមាន​វ័យក្មេង​ជាងគេ លោក Syed Saddiq Syed Abdul Rahman ក៏មាន​វត្តមាន​ក្នុងការ​ប្រកួត​បើកឆាក​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ក្នុង​ពូ​ល G នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 ដែល​ជម្រើសជាតិ​ម៉ាឡេស៊ី​ឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ៣-២ ផងដែរ​។ លោក Syed Saddiq បាន​រិះគន់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​ដែល​គ្មាន​ការគោរព​សិទ្ធិ​ម៉ាឡេស៊ី និង​បង្ក​ឲ្យ​មាន ភាពវឹកវរ​ក្នុង​ទីលាន ដ្បិត​ក្រុម​របស់​ពួកគេ​ចាញ់​នោះ​។​



អត្ថបទទាក់ទង

​ក្នុង​ជ័យជម្នះ នា​កីឡដ្ឋាន Gelora Bung Karno ក្នុង​ក្រុង​ហ្សា​ការ​តា នៅ​ថ្ងៃទី ៥ ខែកញ្ញា ជាការ​ប្រកួត​ដែល​ទទួល​ការរំខាន​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី រហូត​បង្ក​ឲ្យ​មាន​អ្នករបួស និង​បង្ខំ​ឲ្យ​ពន្យា​ពេល​ប្រកួត​ចំនួន​១០​នាទី​ផង​។​

​រដ្ឋមន្ត្រី​ម៉ាឡេស៊ី វ័យ​២៦​ឆ្នាំ លោក Syed Saddiq ដែល​ស្ថិតក្នុង​ស្ថានភាព​ច្របូកច្របល់​ដែរនោះ បាន​អះអាង​ក្នុង​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់លោក​ថា​ក្រុម​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​មួយចំនួនធំ​បាន​បង្ក​ហិង្សា​ដោយ​ព្យាយាម​វាយលុក​ចូល​តំបន់​អ្នកគាំទ្រ​ម៉ាឡេស៊ី ដែល​បង្ខំ​ឲ្យ​ក្រុម​សន្តិសុខ រួមទាំង​កងទ័ព​និង​ប៉ូល​ស​ផង​ចូលមក​រារាំង​។​



«​មាន​ទាំង​ដែក ដប និង​ដុំ​ភ្លើង​ក្នុងចំណោម​របស់របរ​ជាច្រើន​ទៀត​ដែល​ភាគី​ឥណ្ឌូណេស៊ី​គប់​ចូល​តំបន់​អ្នកគាំទ្រ​ម៉ាឡេស៊ី​អំឡុង​ការប្រកួត​នោះ​។ ក្រោយ​ចប់​ការប្រកួត អ្នកគាំទ្រ​មួយចំនួន ព្រម​ទាំ​កីឡាករ​ម៉ាឡេស៊ី​ត្រូវ​ទទួល​ការការពារ និង​រង់ចាំ​រហូត​ស្ថានភាព​នៅ​កីឡដ្ឋាន​ស្ងប់ស្ងាត់​ទើប​អាច​ចេញ​ដោយ​សុវត្ថិភាព​»​។ បន្ថែម​ពី​ការអះអាង​ខាងលើ លោក Syed Saddiq ថា​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) នឹងដាក់​ពាក្យ​ប្តឹង​ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ជុំវិញ​ហិង្សា​របស់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​នេះ​។​

​លោក Syed Saddiq ដែលជា​រដ្ឋមន្ត្រី​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី ក៏​នឹងដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ដោយ​ខ្លួនឯង​ទៅកាន់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ផងដែរ ក្រោយ​ការអះអាង​ចុងក្រោយ​ថា​មាន​អ្នកគាំទ្រ​ម៉ាឡេស៊ី​ម្នាក់​របួសធ្ងន់​ក្នុង​ហេតុការណ៍​នោះ​៕




Tag:
 World Cup
  ជម្រើសជាតិ​
  Syed Saddiq
© រក្សាសិទ្ធិដោយ thmeythmey.com