ONE Championship
កីឡាជាតិ
ជាតិ
អែម សុ​វណ្ណា​រី បង្កើន​ការហ្វឹកហាត់​ត្រៀម​ឡើង​សង្វៀន ONE នៅ​ជប៉ុន ខែតុលា​
07, Sep 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កីឡាការិនី អែម សុ​វណ្ណា​រី អ្នកលេង​គុន​ចម្រុះ​កូន​ខ្មែរ​-​អាមេរិក កំពុង​រៀបចំ​គម្រោង​មួយចំនួន​ដើម្បី​ផ្ដួល​ដៃគូ​នៅ​សង្វៀន ONE Championship នា​ដើមខែ​តុលា ក្នុង​ព្រឹត្តិការណ៍ ONE Warrior Series 8 នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ សុ​វណ្ណា​រី បង្កើន​ការហ្វឹកហាត់​ខ្លាំងក្លា​នៅ​ក្លិប Modern Martial Arts and Fitness ស្ថិតនៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក ក្នុង​បំណង​រក្សា​ជ័យជម្នះ​ជា​លើក​ទី​២ នៅ​សង្វៀន​លំដាប់​អន្តរជាតិ​មួយ​នេះ​។​



​កីឡាការិនី​ដែលជា​សមាជិក​នៃ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បាន​រៀបរាប់ថា ៖«​គូប្រកួត​របស់ខ្ញុំ​ដែល​ត្រូវ​ជួប​នៅ ONE Warrior Series 8 គឺជា​ជើង​ខ្លាំង​មកពី​ប្រេ​ស៊ី​ល ប៉ុន្តែ​ខ្ញុំ​អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​គឺ​មិន​ចុះ​ញ៉ម​ងាយៗ​នោះឡើយ និង​ត្រៀម​ជើង​ព្រួល​ដើម្បី​ឈ្នះ​។ ខ្ញុំ​គិតថា​ខ្ញុំ​មាន​ប្រសិទ្ធភាព​លើ​ក្បាច់​ប្រយុទ្ធ​របស់ខ្ញុំ​។ ប៉ុន្តែ​កីឡាការិនី​ប្រេ​ស៊ី​ល ឮថា​ល្អ​ជើង​ក្រោម​ជាង​ខ្ញុំ​។ រឿង​ដែល​ខ្ញុំ​ត្រូវធ្វើ គឺ​ចាប់​ផ្ដួល និង​ប្រើ​ក្បាច់​នៅ​ផ្ទាល់​នឹង​រេញ​»​។
​វីដេអូ​៖ សុ​វណ្ណា​រី ប្រកួត Iryna Kyselova
https://www.onefc.com/videos/sovannahry-em-hits-first-round-tko-in-one-debut/



​សុ​វណ្ណា​រី សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​នឹង​រៀបចំ​គម្រោង​ប្រកួត​នៅលើ​សង្វៀន​ជាមួយនឹង​គ្រូបង្វឹក​របស់ខ្ញុំ​។ ហើយ​យើង​នឹង​មើល​លើ​ភាពជាក់ស្ដែង​បន្តទៀត​»​។
​ជើង​ខ្លាំង​តំណាង​ឲ្យ​កម្ពុជា​រូបនេះ​ប្រលូក​លើស​ង្វៀន​គុន​ចម្រុះ​តាំងពី​ឆ្នាំ ២០១៦ មក ក្រោយ​ចាប់​ហ្វឹកហាត់​ប្រដាល់សកល​តាំង​ឆ្នាំ ២០១២​។ នៅ​ឆ្នាំ ២០១៤ សុ​វណ្ណា​រី បានចាប់ផ្ដើម​ក្បាច់គុន ជី​ជិត​ស៊ូ ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ក្បាច់គុន​មួយ​ក្នុង​ជំនាញ​ក្បាច់​ទាំងឡាយ​អាច​ប្រើ​បោក កាច់ ឬ ឃ្លេ ដើម្បី​ជា​ទុន​សម្រាប់​ប្រកួត​គុន​ចម្រុះ​។ ក្រៅពីនេះ​កីឡាការិនី​សម្បុរ​ស្រអែម​បាន​ចូល​ហ្វឹកហាត់​ចំបាប់ យូ​ដូ និង ប្រដាល់សេរី ផងដែរ​។
 
​គួរ​ដឹងថា អែម សុ​វណ្ណា​រី ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ​ចំនួន ៣ លើក មិនដែល​ចាញ់​។   សុ​វណ្ណា​រី ឈ្នះ​កីឡាការិនី​អាមេរិក Lanikqua Robins នា​ទឹក​ទី​១  កាល​ខែធ្នូ​ឆ្នាំ ២០១៦ និង ឈ្នះ​កីឡាការិនី​អាមេរិក Evelyn Nieves នៅ​ទឹក​ទី​១ កាល​ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្នុងការ​ប្រកួត​ដាក់​ទ្រុង​នៅ​អាមេរិក​។ ចំណែក​ការប្រកួត​ចុងក្រោយ សុ​វណ្ណា​រី ឈ្នះ​កីឡា​កា​រិ​និ​អ៊ុយ​ក្រែ​ន Iryna Kyselova នៅ​សង្វៀន ONE កាល​ខែ ធ្នូ ឆ្នាំ ២០១៨ នៅ ម៉ាឡេស៊ី​។
​អ្នកលេង​គុន​ចម្រុះ​កូន​ខ្មែរ​នៅ​អាមេរិក​ដែលមាន​រហស្សនាម​ថា «Savage Buddha» បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​កាល​ខែ មិថុនា​។ ការចុះឈ្មោះ​នេះ​ជា​ប្រយោជន៍​សំខាន់​ផ្ទាល់ខ្លួន​មួយ ហើយ​មួយទៀត គឺ ឡើង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​។
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕ 





© រក្សាសិទ្ធិដោយ thmeythmey.com