សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
របរដាំបន្លែសរីរាង្គជួយឲ្យអ្នក​ស្រី យ៉ាន មានចំណូលចិញ្ចឹមម្តាយជរា និងការសិក្សា​របស់ចៅ​៣នាក់​
07, Sep 2019 , 9:30 am        
រូបភាព
អ្នកស្រី រាជ យ៉ាន
អ្នកស្រី រាជ យ៉ាន
​ស្វាយរៀង​៖ ជីវភាព​រស់នៅ​របស់​អ្នកស្រី រាជ យ៉ាន ល្អប្រសើរ​ដោយសារតែ​ការដាំ​បន្លែ​សរីរាង្គ នៅលើ​ផ្ទៃដី​ទទឹង​២០​ម៉ែត្រ និង​បណ្តា​យ​៤០​ម៉ែត្រ នៅជាប់​ផ្ទះ​។ ការដាំដុះ​បន្លែ​សរីរាង្គ​នេះ ធ្វើឱ្យ​ស្ត្រី​មេម៉ាយ​វ័យ​៦៥​ឆ្នាំ​រូបនេះ មានលទ្ធភាព​ចិញ្ចឹម​ម្តាយ​វ័យ​៩០​ឆ្នាំ និង​ចៅ​៣​នាក់​ឱ្យបាន​សិក្សា​រៀនសូត្រ នឹង​គ្រោង​បញ្ជូន​ចៅ​ច្បង ឱ្យទៅ​បន្ត​ការសិក្សា​កម្រិត​បរិញ្ញាបត្រ បន្ទាប់ពី​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា​២០១៨-២០១៩ ត្រូវបាន​ប្រកាស​។

 
​ថ្វី​ដ្បិត​មាន​ម្តាយ​វ័យ​៩០​ឆ្នាំ និង​ចៅ​បីនាក់​ជា​បន្ទុក​ក្តី ប៉ុន្តែ អ្នកស្រី រាជ យ៉ាន ហាក់​មិន​ព្រួយបារម្ភ​ពី​ការចំណាយ​ប្រចាំថ្ងៃ​ឡើយ ជាពិសេស​លើ​ការចំណាយ​របស់​ចៅ​ទាំងបី​នាក់ ដែល​កំពុង​សិក្សា​។ កំពុងស្ថិត​ក្នុង​ចម្ការ​របស់ខ្លួន នៅ​ភូមិ​ព្នៅ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ដែលមាន​ទៅដោយ​បន្លែ​ចម្រុះ ដូចជា ម្រះ ត្រសក់ សណ្តែក​គួរ និង​ស្ពៃ ជាដើម អ្នកស្រី   បាន​និយាយប្រាប់​សារព័ត៌មាន ThmeyThmey ថា បច្ចេកទេស​នៃ​ដាំ​ដុះ គឺ​អ្នកស្រី​ទទួលបាន​ការបណ្តុះបណ្តាល​ពី​អង្គការ​ដៃគូ​របស់់​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង (​សាក់​) និង​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង​។​
 
 
«​រយៈពេល​ជិត​១០​ឆ្នាំ ដែល​ខ្ញុំ​ដាំ​បន្លែ​សរីរាង្គ ដោយ​អនុវត្តតាម​បច្ចេកទេស​ត្រឹមត្រូវ គឺ​ខ្ញុំ​ទទួលបាន​ទិន្នផល​ល្អ​ច្រើន និង​លក់បាន​តម្លៃ​ខ្ពស់ ជាង​កាល​ខ្ញុំ​ដាំ​បន្លែ​តាមបែប​ធម្មជាតិ ដោយ​គ្មាន​បច្ចេកទេស​ដាំ​ដុះ និង​ការពារ​បន្លែ​ទាំងនោះ​។ បន្លែ​សរីរាង្គ​នេះ គឺមាន​ទីផ្សារ​ស្រាប់ គឺ​ខ្ញុំ​លក់​ទៅឱ្យ​សហគមន៍​សាក់ ដែល​គេ​ចាំ​ទទួល​ទិញ​ជាប្រចាំ និង​មួយចំនួន​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​យើង​ធម្មតា​។ ក្នុង​មួយខែ ខ្ញុំ​អាច​ទទួល​ប្រាក់ចំណូល​ពី​បន្លែ​សរីរាង្គ​នេះ យ៉ាងហោចណាស់​៥០​ម៉ឺន​រៀល ហើយ​ខែ​ខ្លះ​ខ្ញុំ​ទទួល​ប្រាក់​បាន​រហូតដល់​៨០​ម៉ឺន​រៀល​»​។ នេះ​ជាការ​រៀបរាប់ របស់ អ្នកស្រី រាជ យ៉ាន ក្នុង​ទឹកមុខ​សប្បាយរីករាយ​ចំពោះ​សមិទ្ធផល​ដែល​អ្នកស្រី​ទទួលបាន​ប្រចាំខែ ពី​បន្លែ​សរីរាង្គ​។​


 
​អ្នកស្រី រាជ យ៉ាន បន្តថា ការដាំដុះ​បន្លែ​សរីរាង្គ អាចឱ្យ​ស្រី្ត​មេម៉ាយ​រូបនេះ មានលទ្ធភាព​កាន់តែ​ខ្ពស់​ក្នុងការ​ផ្គត់ផ្គង់​ចំណីអាហារ ថ្នាំ​បង្ការ​និង​ព្យាបាល​ផ្សេងៗ សម្រាប់​ជំងឺ​របស់​ម្តាយ​ខ្លួន​។ លើសពីនេះ អ្នកស្រី ក៏​នៅមាន​លទ្ធភាព​បង់ថ្លៃ​ការសិក្សា​ក្រៅ​ម៉ោង (​រៀន​គួរ​) របស់​ចៅ​ទាំងបី​នាក់​ផងដែរ ក្រៅពី​ម៉ោង​សិក្សា​របស់​រដ្ឋ​។ អ្នកស្រី មានប្រសាសន៍ថា​៖«​ខ្ញុំ​ចំណាយ​ប្រាក់​៧​ម៉ឺន​រៀល​ក្នុង​មួយខែ ទៅលើ​ការរៀន​គួ​របស់​ចៅ​ម្នាក់ ហើយ​ថវិកា​ដែល​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់​ចៅ​ទាំងបី​នេះ គឺ​បានមកពី​ការ​សន្សំ​ប្រាក់​តាមរយៈ​ការលក់​បន្លែ​សរីរាង្គ ព្រោះ​ខ្ញុំ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើ​ចម្ការ​នេះ​ទេ​»​។ អ្នកស្រី បន្ថែមថា​៖«​ចៅ​ច្បង​ខ្ញុំ​ទើប​ប្រឡង​ចប់​បាក់​ឌុប​ឆ្នាំនេះ ប៉ុន្តែ​មិនទាន់​ដឹង​លទ្ធផល​ទេ​។ ប្រសិនបើ​ចៅ​ប្រឡង​ជាប់​បាក់​ឌុប​នេះ ខ្ញុំ​នឹង​ឱ្យ​ចៅ​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​ទៅតាម​មុខជំនាញ​ដែល​ចៅ​ស្រឡាញ់ និង​ចូលចិត្ត​។  មិន​ថា​ចៅ​ចង់​រៀន​បន្ត​នៅត្រឹម​សាកល​វិទ្យាល័យ​​នៅ​ខេត្ត​ឬ​នៅ​ភ្នំពេញ​ទេ គឺ​ខ្ញុំ​មានលទ្ធភាព​ឱ្យ​ចៅ​រៀនសូត្រ តាមរយៈ​ការ​សន្សំ​ប្រាក់​ពី​ការដាំ​បន្លែ​ទាំងនេះ​»​។  


 
​ក្រៅពី​ចេះ​ធ្វើ​ជីធម្មជាតិ​ដោយមាន​អង្កាម អាចម៍គោ និង​បន្លែ​រលួយ ជាដើម ដែល​លាយ​ប​ញ្ជូ​ល​គ្នា​នៅក្នុង​ឡ​ជី​ឧស្ម័ន​នៅក្បែរ​ផ្ទះ ស្ត្រី​វ័យ​៦៥​ឆ្នាំ​រូបនេះ ក៏​ចេះ​ពី​របៀប​ដាំ​ដុះ និង​ការពារ​ផលដំណាំ​បន្លែ​ពី​ការរំខាន ឬ​បំផ្លាញ​របស់​សត្វល្អិត​ចង្រៃ​ផងដែរ ដូចជា​ប្រើប្រាស់​សំណាញ់​ហ៊ុមព័ទ្ធ​ចម្ការ​បន្លែ និង​ប្រើប្រាស់​បា្ល​ស្ទិ​ក​គ្របដណ្តប់​លើ​រោងបន្លែ​។ 


 
​បើតាម​ប្រសាសន៍​របស់​ស្ត្រី​ដាំ​បន្លែ​សរីរាង្គ​ក្នុង​ខេត្តស្វាយរៀង​រូបនេះ  ការងារ​កសិកម្ម​​នេះ គឺ​អ្នកស្រី ធ្វើជា​មួយ​ជា​កូនស្រី​របស់ខ្លួន ដែលជា​ម្តាយ​របស់​ចៅ​ទាំង​បីនាក់​អ្នកនោះ​។ អ្នកស្រី រាជ យ៉ាន បាន​បន្តថា ក្រៅពី​ជួយ​ដាំ​ដុះ​បន្លែ​ក្នុង​ចម្ការ កូនស្រី​របស់គាត់ បានធ្វើ​ការងារ​ផ្នែក​វេច​ខ្ចប់​បន្លែ​សរីរាង្គ និង​សុវត្ថិភាព នៅក្នុង​សហគមន៍​សាក់ ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​ការចំណាយ​ផ្សេងៗ​របស់​គ្រួសារ ពិសេស​លើ​ចំណាយ​របស់​ចៅ​ទាំងបី​នាក់​នោះ​។ «​ខ្ញុំ​ធ្វើបាន​ចំណូល​ខ្លះ​ពី​ការដាំ​បន្លែ  ហើយ​កូន​រកបាន​ខ្លះ​ពី​ការធ្វើការងារ​ក្នុង​សហគមន៍​លក់​បន្លែ ទើប​ធ្វើ​ឲ្យ​គ្រួសារ​យើង​កាន់តែ​ល្អប្រសើរ និង​មាន​ថវិកា​សម្រាប់​ឱ្យ​រៀន​បន្ត​»​។ 


 
​ជាមួយគ្នានេះ អ្នកស្រី រាជ យ៉ាន បាន​ផ្តាំផ្ញើ​ដល់​ប្រជាកសិករ​ទាំងអស់ កុំ​បោះបង់​ការធ្វើ​កសិកម្ម ជាពិសេស​ការដាំ​បន្លែ​។ អ្នកស្រី អះអាងថា​៖«​ការដាំ​បន្លែ​សរីរាង្គ គឺ​មិន​នឿយហត់ និង​មិន​ចំណាយ​ដើមទុន​ច្រើន​ក្នុង​ការទិញ​ជី​-​ថ្នាំពុល​គីមី​នោះទេ​។ ម្យ៉ាងទៀត ទីផ្សារ​បន្លែ​ទាំងនេះ គឺមាន​គេ​ត្រូវការ​ច្រើន​។ ថ្វី​ដ្បិត​ការដាំ​បន្លែ​សរីរាង្គ​នេះ មិនសូវ​ទទួលបាន​ទិន្នផល​ច្រើន​ក៏ពិតមែន ប៉ុន្តែ​តម្លៃ​គឺ​បាន​ខ្ពស់ជាង​បន្លែ​ធម្មតា​»​។​


  
​អ្នកស្រី បញ្ជាក់​ដូច្នេះ​៖«​ការដាំដុះ​បន្លែ​សរីរាង្គ​ហ្នឹង ឱ្យ​ផល​យើង​មកវិញ​ក៏​មិន​ពិបាក​ដែរ ព្រោះ​វា​អាច​ដោះស្រាយបាន​ថ្លៃ​ម្ហូបអាហារ​ប្រចាំ​ថៃ្ង​បាន មិនបាច់​ទៅរក​ប្រាក់​ឯណា​ឆ្ងាយ​ទេ​។ យើងរ​កនៅ​ទី​ហ្នឹង​ក៏​វា​គ្រាន់បើ​ដែរ បើ​ធៀប​នឹង​ប្រាក់ខែ​គេ​មួយចំនួន​ក៏​វា​មិន​ជាង​គ្នា​ប៉ុន្មាន​ដែរ​។ បើ​យើង​ដាំ​បន្លែ តិច​ណាស់​ក៏​ចូល​បាន​១​ម៉ឺន​រៀល​ក្នុង​ថ្ងៃ​ដែរ​»៕ 
 
 
 

Tag:
 កសិកម្ម​
  បន្លែ​
  សរីរាង្គ​
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com