ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក ត្រៀម​បើក​សាខា​៣​បន្ថែមទៀត​នៅក្នុង​រាជធានី
07, Sep 2019 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក បង្ហើប​ពី​ផែនការ​ត្រៀម​បើក​សាខា​៣​បន្ថែមទៀត លើ​ទីតាំង​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ នាពេល​ឆាប់ៗ​នេះ បន្ទាប់ពី​សេវាកម្ម​របស់ខ្លួន​មានការ​ប្រើប្រាស់​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា ក្រោយពី​ធនាគារ​នេះ​ចាប់ផ្ដើម​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅ ដើមឆ្នាំ​២០១៩​មក​។
 
​លោក យូ វ៉ាន់​កាប់ អគ្គនាយក​ធនាគារ ជីប ម៉ុង មានប្រសាសន៍ថា​៖ «​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បានជ្រើសរើស​ប្រើប្រាស់​សេវាកម្ម​ធនាគារ​របស់​យើង សម្រាប់​ប្រតិបត្តិការ​ចរន្ត​សាច់ប្រាក់ ក្នុងការ​ដោះដូរ​ពាណិជ្ជ​កម្ម​របស់​ពួកគេ​។ ដោយសារ​ទំនុកចិត្ត និង​ការគាំទ្រ​ដ៏​ខ្លាំង​នេះ ថ្នាក់ដឹកនាំ​ធនាគារ ជីប ម៉ុង បានសម្រេច​ចិត្ត​ធ្វើការ​វិនិយោគ​បន្ថែមទៀត ដោយ​ពង្រីក​៣​សាខា​បន្ថែម​ក្នុងការ​ប្រតិបត្តិការ​សេវាកម្ម​ធនាគារ​របស់​ខ្លួន ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​បច្ចុប្បន្ន និង​អតិថិជន​ដទៃទៀត ដែលមាន​បំណង​ចង់​ប្រើប្រាស់​សេវាកម្ម​ធនាគារ ជីប ម៉ុង ដែរ​»​។​
 
​លោក វ៉ាន់​កាប់ បញ្ជាក់​ផងដែរ​ថា មកដល់​បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មាន​ប្រតិបត្តិការ​ចំនួន​២​ទីតាំង ដោយ​ទី​តាំងទី​នៅ​ទីស្នាក់ការ​កណ្ដាល ស្ថិតនៅលើ​មហាវិថី ម៉ៅ​សេទុង និង​ទី​តាំងទី​២​នៅ​សាខា​ព្រះ​នរោត្តម ស្ថិតនៅលើ​មហាវិថី ព្រះ​នរោត្តម​។ 
 
​ដោយឡែក សាខា​ថ្មី​ទាំង​៣​ទីតាំង ដែល​គ្រោង​បើក​ប្រតិបត្តិការ​នោះ នឹង​សម្ពោធ​នៅក្នុង​ថ្ងៃ​តែមួយ​តែម្តង គឺ​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដោយ​កំណត់​ទីតាំង​ទី​៣ នៅ​សាខា​បឹង​សាឡាង ស្ថិតនៅ​អគារ​លេខ​១៩H ផ្លូវ​២៧១ សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទីតាំង​ទី​៤ នៅ​សាខា​ផ្សារ​ដើមថ្កូវ ស្ថិតនៅ​អគារ​លេខ​៣៧ ផ្លូវ​២៧១ សង្កាត់ បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ទី​តាំងទី​៥ នៅ​សាខា​ទួលគោក ស្ថិតនៅ​អគារ​លេខ​១៦ និង ១៨ ផ្លូវ​១៩២៨ សង្កាត់ ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com