ជាតិ
សង្គមជាតិ
នៅ​ឆ្នាំ​១៩៦៧ លោក លី ក្វាន់​យូ បាន​បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ខ្មែរ​
07, Sep 2019 , 12:46 pm        
រូបភាព
កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​១៩៦៧ លោក លី ក្វាន់​យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រី និង​ជា​បិតា​ស្ថាបនិក​ប្រទេស​សិង្ហ​បុរី បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស (docteur honoris causa) ផ្នែក​ច្បាប់​ពី​សាកល​វិទ្យា​ភូមិន្ទ​ខ្មែរ (​ឬ​សាកលវិទ្យាល័យ​សង្គមរាស្ត្រនិយម​)​។ ពិធី​ប្រគល់​នេះ ធ្វើឡើង​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​របស់លោក​នៅ​កម្ពុជា​។​





យោងតាម​កាសែត​ជា​ភាសា​បារាំង Cambodge, Quotidien National ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​១៩៦៧ សាល​រៀបចំ​ពិធី​នៃ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​សង្គមរាស្ត្រនិយម (Centre Universitaire “Sangkum Reastr Niyuym”) ជាទី​តាំង​នៃ​ពិធី​ប្រគល់​សញ្ញាបត្រ បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់ ជូន​ដល់​លោក លី ក្វាន់​យូ ក្រោម​ព្រះរាជ​វត្តមាន​សម្តេចព្រះ​ប្រមុខរដ្ឋ នរោត្តម សីហនុ​។​




​ពិធី​នាពេលនោះ មានការ​ចូលរួម​ផងដែរ​ពី​សំណាក់​សម្តេច សឺ​ន សាន នាយករដ្ឋមន្ត្រី សម្តេច ញឹក ជូ​ឡុង មេបញ្ជាការ​កងទ័ព លោក វណ្ណ មូលី​វណ្ណ រដ្ឋមន្ត្រីក្រសួង​សិក្សាធិការ​ជាតិ និស្សិត និង​តំណាង​អង្គទូត​ជាច្រើនរូប​។

​ក្នុងនាម​ជា​រដ្ឋមន្ត្រី​នាពេលនោះ លោក វណ្ណ មូលី​វណ្ណ បាន​រៀបរាប់​ពី​គុណសម្បត្តិ​ផ្សេងៗ​របស់លោក លី ក្វាន់​យួ ក្នុង​ការកសាង​សិង្ហ​បុរី ដែលជា​សាធារណរដ្ឋ​ដ៏​ក្មេងខ្ចី ក៏ដូចជា​តួនាទី​សំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​។



​បន្ទាប់ពី​សន្ទរកថារ​ប​ស់លោក វណ្ណ មូលី​វណ្ណ ត្រូវបាន​បញ្ចប់ លោក លី ក្វាន់​យូ ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់​ដោយផ្ទាល់​ពី​ដៃ លោក ភឹង តុ​ន ដែលជា​សាកលវិទ្យាធិការ នាពេលនោះ​។ បិតា​ស្ថាបនិក​សិង្ហ​បុរី បាន​ឡើង​ថ្លែង​អរគុណ​ជា​ភាសា​អង់គ្លេស មុនពេល​មាន​ចំណារ​នៅ​ក្រាំងមាស​របស់​សាកលវិទ្យាល័យ​។​

​តាម​ឯកសារ «The Essentials of Economic Growth» ដែលជា​បទ​អន្តរាគមន៍ និង​សេចក្តីអធិប្បាយ​ជុំវិញ​ការទទួល​បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់ (Honorary degree of Doctor of Law) ពី​កម្ពុជា លោក លី ក្វាន់​យូ បាន​លើកឡើងថា ការ​ថ្លែង​ជា​សាធារណៈ​របស់​រដ្ឋមន្ត្រី​សិក្សាធិការ គឺជា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត និង​មិនបាន​រំពឹងទុក​មុន​សម្រាប់​លោក​។​

​លោក លី ក្វាន់​យូ ដែល​បាន​រៀន​ចប់​ច្បាប់​នៅ​សាកលវិទ្យាល័យ Cambridge ចក្រភព​អង់គ្លេស បានលើកឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សិង្ហ​បុរី រួមទាំង​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​។ ជាមួយគ្នានេះ លោក​ក៏បាន​គូសបញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ផងដែរ​៕





លោក លី ក្វាន់យូ និងភរិយា ព្រមទាំងកូនៗដែលក្នុងនោះមាន លោក លី សៀនឡុង នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាន​ចូលគាល់សម្តេចឪ និងសម្តេចម៉ែ នាអំឡុងទសវត្សរ៍៦០។ ប្រភព៖ norodomsihanouk.info

© រក្សាសិទ្ធិដោយ thmeythmey.com