FIFA
កីឡាជាតិ
ជាតិ
លោក Honda ទៅកាន់​កីឡាករ​ខ្មែរ​៖ សូមកុំ​ភ័យ ហើយ​បន្ត​លេង​តាម Style របស់​យើង​!
07, Sep 2019 , 2:09 pm        
រូបភាព
ដោយ: រួបរួម
លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ណែនាំ​ដល់​កីឡាករ​ជម្រើសជាតិ​កម្ពុជា បន្ត​អនុវត្ត​របៀប​លេង​របស់ខ្លួន ក្នុងជំនួប​ជា​បន្តបន្ទាប់ ជាពិសេស​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup ជុំ​ទី​ពីរ ដែល​កំពុងដំណើរការ​។ នេះ​បើតាម​ឃ្លី​ប​វីដេអូ​ខ្លី​មួយ ដែល​បង្ហោះ​នៅក្នុង​គណនី Instagram របស់​វីរបុរស​ក្រុម​ជម្រើសជាតិ នា​ថ្ងៃទី​៧ ខែកញ្ញា នេះ​។​



«​នេះ​ជា​របៀប​លេង​របស់​អ្នក នេះ​ជា​អនាគត​របស់​អ្នក​។ សូមកុំ​បោះបង់​ឲ្យ​សោះ យើង​ត្រូវមាន​របៀប​លេង​បែបនេះ រៀងរាល់​ការប្រកួត​»​។ លោក Keisuke Honda បាន​ថ្លែង​ទៅកាន់​ក្រុម​កីឡាករ​ខ្មែរ​យ៉ាង​ដូច្នេះ ដោយ​ក្រើន​រំលឹកថា មនុស្ស​រង់ចាំ​មើល​ការប្រកួត ប្រសិនបើ​កីឡាករ​បន្ត​រក្សា​របៀប​លេង​របស់ខ្លួន ដែល​កំពុង​នាំ​ភាពប្រែប្រួល​ដល់​វិស័យ​បាល់ទាត់​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា មនុស្ស​ជាច្រើន​បាន​និយាយ​ទៅកាន់​លោក​ទាក់ទង​នឹង​ក្រុម​កម្ពុជា ជាមួយនឹង​ការកោតសរសើរ ប៉ុន្តែ​ក៏មាន​ការ​លើកឡើងថា កម្ពុជា​អាចមាន​ឱកាស​វាយបក​វិញ​តែមួយ​លើក ឬ​ពីរលើក​ប៉ុណ្ណោះ ពេល​ជួប​ជាមួយ​ក្រុម​ខ្លាំង​។​



«​ខ្ញុំ​បាន​ប្រាប់​ទៅ​ពួកគេ​វិញ​ថា NO យើង​មិន​ធ្វើបែបនេះ​ឡើយ​»​។ នេះ​ជា​ប្រតិកម្ម​តប​របស់លោក Honda ដោយ​រំលឹកថា លោក​មិន​និយាយ​ពី​គុណភាព​នោះឡើយ ប៉ុន្តែ​និយាយ​ពី​បច្ចុប្បន្ន ជាពិសេស​ការលេង​ដោយ​មិនមាន​ការភិតភ័យ​។​

​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​មិនដែល​និយាយ​ពី​កំហុស​ប្រាប់​អ្នក​នោះឡើយ​។​ ​បើ​ពេល​អ្នក​ទាំងអស់គ្នា​ភ័យ ខ្ញុំ​គិតថា ខ្ញុំ​នឹង​ខឹង​។ ប៉ុន្តែ​បើ​អ្នក​មិន​ភ័យ ហើយ​លេង​តាម Style របស់​យើង ខ្ញុំ​គោរព​អ្នក​។ នោះ​ហើយ​ជា​យើង​ទាំងអស់គ្នា​​។ នោះ​ហើយ​ជា​វិន័យ​របស់​យើង​»៕




© រក្សាសិទ្ធិដោយ thmeythmey.com