ជាតិ
លោកតា ប៉ុន ហម ជាអ្នកអនាម័យប្រមូលសំរាមដែលអណ្ដែតនៅកំពង់ភ្លុក រូបភាពផ្តល់សិទ្ធិដោយ លោក ប៊ុន សុភារិទ្ធ
× សៀមរាប៖ នារដូវទឹកឡើងនេះ សំរាមប្លាស្ទិកជាច្រើនបានអណ្ដែតពាសពេញផ្ទៃទឹក តួយ៉ាងនៅតំបន់អេកូទេសចរណ៍កំពង់ភ្លុកជាដើម។ លោកតា ប៉ុន ហម ជាប្រជាពលរដ្ឋរស់នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង គឺនៅជាប់នឹងបឹងទន្លេសាបតែម្ដង។ សព្វថ្ងៃលោកតានិងគ្រួសារ មានរបរជាអ្នកអនាម័យបម្រើការងារឱ្យសហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក ហើយនារដូវនេះលោកតាកំពុងមមាញឹកខ្លាំងនឹងការដួសយកសំរាមដែលភាគច្រើនជាប្លាស្ទិក អណ្ដែតលើផ្ទៃទឹកមកទើរនៅមាត់ច្រាំង។
តាមទំព័រហ្វេសប៊ុករបស់សហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក សព្វថ្ងៃលោកតាកំពុងបម្រើការងារនៅស្ថាប័ននេះរយៈពេលជាង២ឆ្នាំមកហើយ ដោយទទួលបានប្រាក់ខែ២០០ដុល្លារ និងមានប្រាក់ឧបត្ថម្ភពីខាងក្រៅទៀត។ លោកតា ហម មានជីវភាពខ្វះខាត ហើយបានការគាំទ្រពីសហគមន៍ដោយឱ្យលោកមកធ្វើការជាអ្នកអនាម័យដើម្បីសម្រាលជីវភាព ក៏ដូចជាចំណែកលើកកម្ពស់បញ្ហាអនាម័យក្នុងតំបន់ទេសចរណ៍កំពង់ភ្លុកផង។ សកម្មភាពរបស់លោកតា ប៉ុន ហម ជាសារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនត្រូវបោះចោលផ្ដេសផ្ដាសឡើយ៕
Tag:
សំរាម
កំពង់ភ្លុក
បរិស្ថាន
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com