ជាតិ
ការផលិត​ថាមពល​កកើត​ឡើងវិញ​កើនឡើង ខណៈ​ការ​បំ​ភាយ​ជាតិពុល​ទៅក្នុង​បរិយាកាស​កើន​ដូចគ្នា​
07, Sep 2019 , 8:59 pm        
រូបភាព
ដោយ:
​ថាមពល​កកើត​ឡើងវិញ ដែលមាន​ផលិត​ពី​ប្រភព​មានការ​ប្រកួតប្រជែង​ខ្លាំង​ដូចជា​កម្លាំង​ខ្យល់ និង​ពន្លឺព្រះអាទិត្យ បាន​កើនឡើង​បួន​ដង​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ត្រឹមតែ​១០​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែ វា​នៅ​មិនទាន់​អាចបំពេញ​តម្រូវការ​បា​ន​គ្រប់គ្រាន់​នៅឡើយ ស្រប​ពេលដែល​ការបញ្ចេញ​ជាតិពុល​បាន​កើនឡើង ១០%​បន្ថែម​ផងដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់ អង្គការសហប្រជាជាតិ​ចេញ​នៅ​ថ្ងៃទី​៥ ខែកញ្ញា​។​



​គម្រោង​វិនិយោគទុន​ទូទាំង​ពិភពលោក​ទៅលើ​ការផលិត​ថាមពល​ដែល​កកើត​ឡើងវិញ​តាំងពី​ឆ្នាំ​២០០៩ នឹង​កើន​ដល់​២,៦​ពាន់​ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​ការវាយតម្លៃ​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​និន្នាការ​ថាមពលបៃតង​។​

​បច្ចុប្បន្ននេះ បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​មាន​សមត្ថភាព​ផលិត​ថាមពល​ឡើងវិញ ចេញពី​ពន្លឺព្រះអាទិត្យ (​បន្ទះ​សូ​ឡា​), ខ្យល់​, ពី​កម្តៅ​ផែនដី​, និង​សមាសធាតុ​សរីរាង្គ​រប​ស់ស​ត្វ រុក្ខជាតិ​ជាដើម​។ ថាមពល​ផលិត​បាន បាន​កើនឡើង​ពី​៤១៤ ជី​ហ្គា​វ៉ា​ត់​ក្នុង​ឆ្នាំ ២០០៩ ទៅដល់ ១៦៥០ ជី​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំនេះ​។ សព្វថ្ងៃ ថាមពល​កកើតឡើង​វិញ​មាន​អត្រា ១២,៩% នៃ​ថាមពលអគ្គីសនី​ទាំងអស់​ដែល​បាន​បង្កើត​នៅលើ​ផែនដី​។​

​ថាមពល​ពន្លឺព្រះអាទិត្យ មាន​រួមចំណែក​ធំ​បំផុត ដោយមាន​ទិន្នផល​ច្រើនជាង ២៣០០ ជី​ហ្គា​វ៉ា​ត់​បន្ថែម​ទៅលើ​ថាមពល​នៅ​ទូទាំង​ពិភពលោក​ក្នុង​ទសវត្សរ៍​កន្លងមកនេះ​។ លើសពីនេះ វា​បានផ្តល់​ទិន្នផល​ច្រើនជាង​ការប្រើ​ឥន្ធនៈផូស៊ីល​ដូចជា​ធ្យូងថ្ម​និង​ឧស្ម័ន​។​
​យ៉ាងណាមិញ ការ​សាយភាយ​សា​ធាតុ​ពុល​ទៅក្នុង​បរិយាកាស ក៏បាន​បន្ត​កើនឡើង​ផងដែរ ដោយ​ពិភពលោក​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ផលិត​ដោយ​មនុស្ស​នៅក្នុង​ឆ្នាំ ២០១៨ ច្រើនជាង​ឆ្នាំ​ណាៗ​ទាំងអស់​។​

​លោកស្រី Inger Andersen នាយក​ប្រតិបត្តិ​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ បាន​សាទរ​ចំពោះ​អ្វីដែល​លោកស្រី​បាន​ហៅថា​ជា ទសវត្សរ៍​នៃ​ការរីកចម្រើន​មិនគួរ​ឱ្យ​ជឿ​នៃ​ការផលិត​ថាមពល​ដែល​កកើត​ឡើងវិញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ៕

​កាលពី​ឆ្នាំមុន ថាមពល​កកើត​ឡើងវិញ មាន​បរិមាណ​ស្មើនឹង​ការ​បំ​ភាយ​កាបូនឌីអុកស៊ីត​ចំនួន ២ ពាន់​លាន​តោន​។ ការបំពុល​បរិយាកាស​នៅតែ​បន្ត​កើនឡើង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​គោលដៅ​សីតុណ្ហភាព​បានចែង​នៅក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស នៅពេលដែល​តម្រូវការ​ពិភពលោក​មិនអាច​បញ្ចប់​។​

​ប្រទេស​ចំនួន ៣០ បាន​វិនិយោគ​យ៉ាងហោចណាស់ ១ ពាន់​លាន​ដុល្លារ​ក្នុង​ការកកើត​ឡើងវិញ​នៅក្នុង​ទសវត្ស​ចុងក្រោយ​នេះ ហើយ​ភាគច្រើន​ជា​អ្នក​ផលិត​ផង និង​ប្រើប្រាស់​ប្រេងឥន្ធនៈ​ផូស៊ីល​ផង​។​

​ជា​ឧទាហរណ៍​ប្រទេស​ចិន​ដែល​ផលិត​បាន​ប្រហែល ២៩% នៃ​ឧស្ម័ន​កាបូ​និ​ច និង​គឺជា​អ្នកវិនិយោគ​ធំជាងគេ​ក្នុង​ការផលិត​ថាមពល​កកើតឡើង​វិញ​ដោយ​ចំណាយ ៧៦០ ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ ២០១០​។ ប៉ុន្តែ​ចិន ក៏​ជា​អ្នក​បំពុល​ធំ​មួយ​ដែរ ព្រោះ​ចង់​រក្សា​ទីផ្សារ​សម្រាប់​ឥន្ធនៈផូស៊ីល​ដែល​ពួកគេ​អាច​ទាញយក​ប្រាក់ចំណូល​បាន​យ៉ាងច្រើន​៕





© រក្សាសិទ្ធិដោយ thmeythmey.com