ជាតិ
ពលរដ្ឋ​ជាង​២០០០​គ្រួសារ​នៅ​ស្ទឹងត្រែង ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព
07, Sep 2019 , 4:07 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តស្ទឹងត្រែង
រូបភាពពីរដ្ឋបាលខេត្តស្ទឹងត្រែង
​ពលរដ្ឋ​ជាង​២០០០​គ្រួសារ  នៅ​ស្រុក​ទាំង​៦​ក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ដោយសារ​រង​ការ​ជន​លិច​ពី​ការកើនឡើង​នៃ​កម្ពស់​ទឹកទន្លេ​មេគង្គ​។



​ទឹកទន្លេ​មេគង្គ​បន្ត​កើនឡើង ធ្វើ​ឲ្យ​ស្រុក​ទាំង​៦​នៅ​ទូទាំង​ខេត្តស្ទឹងត្រែង​មានការ​ជន់​លិច​តាម​តំបន់ ហើយ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​រង​ការ​ជន់​លិច​ខ្លាំង​។ នេះ​បើតាម​លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៧​កញ្ញា ឆ្នាំ​២០១៩​។



​លោក ម៉ែន គុង បាន​អះអាងថា​៖ «​ពលរដ្ឋ​ជាង​៦​ពាន់​គ្រួសារ​រង​ការ​ជន់​លិច ហើយ​ក្នុងនោះ​មាន​ជាង​២​ពាន់​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទី​ទទួល​សុវត្ថិភាព ដោយឡែក​គ្រួសារ​ដែរ​នៅសល់​គឺ​រង​ការ​ជន់​លិច​តិចតួច​មិនទាន់​ប្រឈម​មានការ​ប្រឈម​គ្រោះថ្នាក់​អ្វី​ឡើយ​»​។​



 ចំពោះ​ការអន្តរាគមន៍​ជួយ​ពលរដ្ឋ មានការ​ចូលរួម​ពី​មន្ត្រី​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ  ចុះ​សហការគ្នា​ជួយ​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​ជន់​លិច​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់​អ្នកនាំពាក្យ​ខេត្តស្ទឹងត្រែង​។

​សូមបញ្ជាក់ថា ទន្លេមេគង្គ - ស្ទឹងត្រែង មានកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹម ១០.៧០ ម៉ែត្រ ។ រីឯ ទន្លេមេគង្គ - ក្រចេះ មានកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹម ២០ ម៉ែត្រ ។
​បើតាមការព្យាករណ៍កម្ពស់ទឹកតាមស្ថានីយជលផលរបស់ ក្រសួងធនធានទឹក នៅ ថ្ងៃទី ៨-១០ កញ្ញា ឆ្នាំ ២០១៩ ទន្លេមេគង្គ - ស្ទឹងត្រែង និង ក្រចេះ នឹងចុះស្រកវិញជាបន្តបន្ទាប់ ។ រីឯ ទន្លេបាសាក់ - កោះ ខែល នឹងមានកម្ពស់ទឹកឡើងជាបន្តបន្ទាប់ វិញ ៕


Tag:
 ជំនន់​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com