អន្តរជាតិ
ក្រៅពី​ភាព​ត្រជាក់ តើ​អាកទិច និង​អង់​តាក​ទិច​ខុសគ្នា​ត្រង់ណា​ទៀត​?
07, Sep 2019 , 6:29 pm        
រូបភាព
​ទោះបីជា​វា​មាន​សភាព​ត្រជាក់​ខ្លាំង​ដូចគ្នា ទ្វីប​ពីរ​អាកទិច និង​អង់​តាក​ទិច​ដែល​មួយ​មាន​ទីតាំងនៅ​ខាងជើង និង​មួយទៀត​មាន​ទីតាំងនៅ​ខាងត្បូង​នៃ​ភពផែនដី មាន​លក្ខណៈ​ជាច្រើន​ទៀត​ដែល​ខុសៗ​គ្នា​ដែល​មនុស្ស​យើង​មិន​បានដឹង​។ ខាងក្រោម​នេះ​គឺជា​ការដកស្រង់​ចេញពី​គេហទំព័រ​វិទ្យាសាស្ត្រ​មួយ​មាន​ឈ្មោះថា Cool Antarctica ៖



​បើ​លោកអ្នក​ឈរ​នៅលើ​ទ្វីប​ទាំងពីរ លោកអ្នក​អាច​ពិបាក​បង្ហាញ​ពី​ភាពខុសគ្នា​នៃ​បរិវេណ​ជុំវិញ​ណាស់ ដោយសារតែ​ផ្ទាំង​ទឹក​កកធំៗ​ទាំងនោះ​។ អាកទិច​គឺជា​ផែន​ទឹកកក​ដែល​អណ្តែត​នៅលើ​ទឹកសមុទ្រ​។ ផែន​ទឹកកក​ទាំងនោះ​អាចមាន​កម្រាស់​ចាប់ពី​មួយ​ម៉ែត្រ​រហូត​ទៅដល់​បី​ម៉ែត្រ​អាស្រ័យ​ទៅតាម​តំបន់​។ ហើយ​នៅក្រោម​ផែន​ទឹកកក​ដែល​អណ្តែត​នោះ គឺ​ជម្រៅ​សមុទ្រ​ប្រមាណ​ជាង​៤​គីឡូម៉ែត្រ​មុននឹង​ទៅដល់​ផ្ទៃ​បាត​។ ផែន​ទឹកកក​អាចធ្វើ​ដំណើរ​យឺត​តាម​ចរន្តទឹក​។

​ចំពោះ​អង់​តាក​ទិច​វិញ វា​គឺជា​ផែន​ទឹកកក​ដែល​ស្ថិតនៅ​លើដី​ទ្វីប បង្កប់​នៅ​ជម្រៅ​ជ្រៅ​ក្រោម​ផ្ទាំង​ទឹកកក​ទាំងនោះ​។ ផែន​ទឹកកក​នេះ​អាចមាន​កម្រាស់​រហូត​ទៅ​ដល់​២៧០០​ម៉ែត្រ​។ ដី​ទ្វីប​ដែល​នៅ​ពីក្រោម​ផែន​ទឹកកក​នៃ​អង់​តាក​ទិច​មាន​កម្ពស់​ប្រមាណ​ជា​១០០​ម៉ែត្រ​ខ្ពស់ជាង​នា​វ៉ូ​ទឹកសមុទ្រ​។ ទឹកកក​នៅ​អង់​តាក​ទិច​មិន​ងាយ​រលាយ​នោះទេ ហើយ​ជា​រៀងរាល់ឆ្នាំ ផែន​ទឹកកក​នោះ​មាន​ចលនា​ប្រមាណ​១០​ម៉ែត្រ ទៅតាម​ទិស​នៃ​ចលនា​នោះ​។

​បើ​និយាយ​ពី​ពន្លឺព្រះអាទិត្យ​វិញ ទ្វីប​ទាំងពីរ​ទទួល​រដូវ​ភ្លឺ​រហូត​ចំនួន​៥​ខែ ងងឹត​រហូត​ចំនួន​៥​ខែ និង​ពីរ​ខែភ្លឺ​តិចៗ ដោយមាន​មួយខែ​នៅ​ចន្លោះ​ខែងងឹត និង​ភ្លឺ​នោះ​។ បាតុភូត​នេះ​កើតឡើង​ផ្ទុយគ្នា​ក្នុងពេល​តែមួយ រវាង​ទ្វីប​ទាំងពីរ ដោយសារតែ​អ័ក្សរ​ង្វិ​ល​របស់​ផែនដី​មាន​លក្ខណៈ​ទ្រេត​បន្តិច​នៅពេល​ធ្វើ​ចលនា​ជុំវិញ​ព្រះអាទិត្យ​។

​បើ​និយាយ​អំពី​សណ្ឋាន​ភូមិសាស្ត្រ​វិញ អាកទិច​បង្ហាញ​ពី​វត្តមាន​ខ្លះៗ​នូវ​ភ្នំ ជ្រលង​ភ្នំ ទន្លេ បឹង​ជាដើម​ដោយសារតែ​វា​មាន​ទីតាំង​ព័ទ្ធជុំវិញ​ដោយ​ទ្វីប​ចំនួន​បី​គឺ ទ្វីបអាមេរិក​ខាងជើង អឺរ៉ុប និង​អាស៊ី​។ ចំណែកឯ​អង់​តាក​ទិច ៩៨​ភាគរយ​នៃ​ទ្វីប​គឺជា​ទឹកកក​។ កម្រ​នឹងមាន​កន្លែង​ដែលមាន​ចលនា​ទឹក​ហូរ​ខ្លាំងណាស់ ដូចជា​ទន្លេ​ជាដើម​។ បឹង​មួយចំនួន​អាច​កកើតឡើង តែ​ត្រូវបាន​កក​ទៅវិញ​នៅពេល​តែ​សីតុណ្ហភាព​ធ្លាក់ចុះ​។ វា​ក៏​កម្រ​មាន​វត្ត​មាននៃ​ដំណាំ​នានា​ផងដែរ​។

​ចំពោះ​ធាតុអាកាស អាកទិច​មាន​សីតុណ្ហភាព​មិនសូវ​ត្រជាក់​ដូច​អង់​តាក​ទិច​នោះទេ​។ ដោយសារតែ​អាកទិច​ស្ថិតនៅលើ​សមុទ្រ ហើយ​ទឹកសមុទ្រ​មិន​ងាយ​ធ្លាក់​ក្រោម​សីតុណ្ហភាព​ដក​២​អង្សារ​សេ​នោះឡើយ ។ តែ​សម្រាប់​អង់​តាក​ទិច វា​គឺជា​ទ្វីប​មួយ​ដែលមាន​រយៈកម្ពស់​ជា​មធ្យម​ខ្ពស់ជាង​ទ្វីប​ណាៗ​ទាំងអស់់ ជាមួយនឹង​កម្ពស់​ជា​មធ្យម​២៣០០​គីឡូម៉ែត្រ​។ ដោយសារតែ​ហេតុនេះ រាល់​កម្ពស់​១០០​ម៉ែត្រ អង់​តាក​ទិច​បាត់បង់​សីតុណ្ហភាព​ម្តង​មួយ​អង្សារ​សេ​។ ជារួម អាក​ទិ​ក​ទទួល​សីតុណ្ហភាព​ពី​ដក​៤៦ ទៅ​ដក​២៣​អង្សារ​សេ និង​ពី​ដក​៦២ ទៅ​ដក​៥៥​អង្សារ​សេ​ចំពោះ​អង់​តាក​ទិច​។

​និយាយ​អំពី​សត្វ​នឹង​រុក្ខជាតិ អាកទិច​ជា​កន្លែង​ដែល​អាច​ទ្រទ្រង់​ជីវិត​រុក្ខជាតិ និង​សត្វ​ជាច្រើន​ប្រ​ភេ​ដូចជា​ឈ្លូស ខ្លាឃ្មុំ​ទឹកកក ក​ញ្ច្រោ​ង និង​បក្សី​បាន ដោយសារតែ​ផ្នែក​ខាងចុងៗ​របស់​អាកទិច​មា​នវ​ត្ត​មាននៅ​ជាប់​ដី​ខ្លះៗ​។ ឯអង់​តាក​ទិច​វិញ គេ​ពិបាក​នឹង​រក​រុក្ខជាតិ​ឬ​សត្វ​ណាស់​។ តែ​គេ​បាន​រកឃើញ​ពពួក​ស្លែ សារាយ ឬ​កូន​ដើមឈើ​តូចៗ​មួយចំនួន​។ តែ​គេ​ក៏បាន​រកឃើញ​សត្វ​ជាច្រើន​ដូចជា​ភេ​ន​ឃ្វី​ន​ជាដើម ដែល​ធ្វើដំណើរ​មកពី​ទ្វីប​ផ្សេងៗ​ជិតៗ​ក្នុង​ការរក​ចំណី និង​បន្ត​ពូជ​។ ទោះបីជា​ទ្វីប​អង់​តាក​ទិច​មិនសូវមាន​ចំណី​នៅលើ​នោះ​មែន តែ​នៅក្នុង​សមុទ្រ​ជុំវិញ គេ​ឃើញ​មាន​ប្រភេទ​ត្រី និង​សត្វ​ផ្សេងៗ​ជាច្រើន ដែលជា​ប្រភព​អាហារ​ដ៏​ល្អ​។

​សម្រាប់​ការរស់នៅ​រប​ស់មនុស្ស​វិញ អាកទិច​ត្រូវបាន​មនុស្ស​បង្កបង្កើត​ជីវភាព​អស់​ពេល​រាប់ពាន់​ឆ្នាំ​មកហើយ អាចជា​ជនជាតិភាគតិច ក្នុងនោះ​មានដូចជា​នៅ​កោះ​ហ្គ្រោ​អង់​ឡង់ និង​ប្រទេស​ខាងជើង​នៃ​អឺរ៉ុប​។ ជារួម មាន​មនុស្ស​ប្រមាណ​ជា​៤​លាន​នាក់​រស់​នៅលើ​អាកទិច​ជា​រៀងរាល់​ពេល​។ តែ​អង់​តាក​ទិច​ត្រូវបាន​មនុស្ស​ធ្វើដំណើរ​ទៅដល់​ក្នុង​ឆ្នាំ​អំឡុង​ដើមឆ្នាំ​១៨០០​។ អ្នក​ដែល​រស់​នៅលើ​អង់​តាក​ទិច​គឺជា​អ្នកវិទ្យាសាស្ត្រ និង​អ្នកជំនាញ​នានា ដែល​មក​ធ្វើការ​ពិសោធន៍​របស់ខ្លួន​អំពី​ធរណីវិទ្យា ឬ​ជីវវិទ្យា​ជាដើម​។ ពួកគេ​រស់នៅ​មួយ​ទៅ​ពីរ​ឆ្នាំ មុននឹង​ត្រលប់មក​ផ្ទះ​វិញ​តាម​យន្តហោះ ឬ​នាវា​។ អាហារ​ទាំងឡាយ​ត្រូវ​នាំចូល​មកពី​ទ្វីប​ផ្សេងៗ សូម្បីតែ​សំរាម​កាកសំណល់​ក៏ត្រូវ​នាំយក​ទៅវិញ​ដែរ​៕


Tag:
 ​ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com