ជាតិ
ភាពយន្ត​ឯកសារ​ស្តីពី «​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​»​ត្រូវ​ប្រកួតប្រជែង នៅ​ឆ្នាំនេះ​
07, Sep 2019 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ ៧​ឆ្នាំ​កន្លងមកហើយ​ដែល​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​(CSFF) ជ្រើសរើស​តែ​ភាពយន្ត​បែប​ប្រឌិត​មក​ប្រកួតប្រជែង​។ ប៉ុន្តែ​ឆ្នាំនេះ​ពិសេស​ជាង​រាល់​ឆ្នាំ ដោយ​មហោស្រព​បានសម្រេច​ផ្ដល់ឱកាស​ឱ្យ​ភាព​ខ្លី​ឯកសារ​ដាក់​ប្រកួតប្រជែង​ជា​លើកដំបូង ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតករ ដែល​ផលិត​ភាពយន្ត​ឯកសារ​។



​លោក ស៊ុំ ស៊ីថែ​ន ប្រធាន​ក្រុម​ភាពយន្ត​ឈូករ័ត្ន បាន​និយាយថា ការប្រកួតប្រជែង​នៅ​ឆ្នាំនេះ គឺមាន​ភាពយន្ត​ឯកសារ​ចំនួន​១៩​រឿង ដោយ​បែង​ចែកជា​២​ប្រភេទ គឺ​ទី​១ ភាពយន្ត​ប៉ុស្ដិ៍​ឯកសារ​កម្ពុជា ដែល​ត្រូវ​ប្រកួតប្រជែង និង​ទី​២​ភាពយន្ត​រំលេច​ស្នាដៃ ដែលជា​ភាពយន្ត​ឯកសារ​ឯករាជ មិន​ចូលរួម​ប្រកួត​។ បើតាម​លោក ស៊ីថែ​ន ភាពយន្ត​ឯកសារ​ទាំងអស់​ផលិតឡើង​ក្រោម​ប្រធានបទ សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។​


 
​សម្រាប់​ភាពយន្ត​ប៉ុស្ដិ៍​ឯកសារ​កម្ពុជា ដែល​ត្រូវ​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ មាន​១៣​រឿង ដោយ​៥​រឿង​ផលិត​នៅ​ភ្នំពេញ និង​៨​រឿង​ផលិត​នៅ​ខេត្ត រួមមាន​ខេត្តសៀមរាប បាត់ដំបង កែប និង​ខេត្តកំពត​។ ចំណែកឯ​ភាពយន្ត​ឯកសារ​ខ្លី ប្រភេទ​រំលេច​ស្នាដៃ ដែលជា​ភាពយន្ត​ឯករាជ មាន​៦​រឿង ហើយ​២​រឿង​ជា​ភាពយន្ត​កម្ពុជា និង​៤​រឿង​ជា​ភាពយន្ត​បរទេស​។ នេះ​បើតាម​ប្រធាន​ក្រុម​ភាពយន្ត​ឈូករ័ត្ន​។​

​ប្រធាន​ក្រុម​ភាពយន្ត​ឈូករ័ត្ន​រូបនេះ បានបញ្ជាក់​ទៀតថា ការដាក់បញ្ចូល​ភាពយន្ត​ឯកសារ ដើម្បី​ប្រកួតប្រជែង ព្រោះ​មហោស្រព​បាន​មើលឃើញ​ពី​សារសំខាន់​របស់​ភាព​យន្ត​ឯកសារ​។​លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ភាពយន្ត​ឯកសារ​ពិត​ជាមាន​សារសំខាន់​ណាស់ ព្រោះ​វា​បានបង្ហាញ​ពី​តថភាព​សង្គម​ពិតៗ ដែល​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សង្គម​វិញ​។ ហើយ​យើង​ក៏​ចង់​ជំរុញ​និង​លើកទឹកចិត្ត​ផលិតករ ដែល​ផលិត​ភាពយន្ត​ឯកសារ ឱ្យ​គាត់​កាន់​តែមាន​ទឹកចិត្ត​ក្នុង​ការធ្វើការងារ​នេះ​បន្តទៀត​ដែរ​»​។​

​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​៨ ឆ្នាំ​២០១៩​នេះ បានទទួល​ភាពយន្ត​ដែល​ដាក់​មក​ប្រកួតប្រជែង​ចំនួន​១១១​រឿង និង​សម្រាំង​យកមក​ចាក់​បញ្ចាំង​៥៣​រឿង ដែល​មកពី​១៩​ប្រទេស​។ សម្រាប់​ភាពយន្ត​កម្ពុ​ជាមាន​១២​រឿង ដែល​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​នេះ ដោយ​ក្នុងនោះ​មាន​៦​រឿង​ជាប់​ក្នុង​ជម្រើស​សម្រាប់​ប្រកួតប្រជែង​យក​ពាន់រង្វាន់​។​

​សម្រាប់​ជ័យលាភី​លេខ​១ ភាពយន្ត​ខ្លី​ឆ្នើម​របស់​កម្ពុជា ទទួលបាន​ប្រាក់រង្វាន់ ១,០០០​ដុល្លារ​អាមេរិក​។ ជ័យលាភី​លេខ​២ ភាពយន្ត​ខ្លី​ឆ្នើម​បន្ទាប់​របស់​កម្ពុជា ទទួលបាន​ប្រាក់រង្វាន់ ៥០០​ដុល្លារ​។ ជ័យលាភី​ទី​៣ រង្វាន់​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​ក្នុងស្រុក ទទួលបាន​ប្រាក់រង្វាន់ ៣០០​ដុល្លារ និង​ជ័យលាភី​ទី​៤ រង្វាន់​ទស្សនិកជន ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ ទទួលបាន​ប្រាក់រង្វាន់ ៣០០​ដុល្លារ​។​

​សូមបញ្ជាក់ថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​(CSFF) លើក​ទី​៨​នេះ រៀបចំ​ដោយ​ក្រុម​ភាពយន្ត​ផ្កាឈូករ័ត្ន​៕




Tag:
 មហោស្រព​
  ភាពយន្ត​
  សិល្បៈ​
 
© រក្សាសិទ្ធិដោយ thmeythmey.com