សង្គមអន្តរជាតិ​
អន្តរជាតិ
មិន​ធ្លាប់មាន​ពីមុន​! ស្ត្រី​ឥណ្ឌា​វ័យ​៧៤​ឆ្នាំ ទើប​ប្រសូត​បានកូន​ភ្លោះ​
07, Sep 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​អ្នកស្រី Erramatti Mangayamma បាន​ក្លាយជា​មាតា​ដំបូង​នៅលើ​ពិភពលោក​ដែលមាន​វ័យ​ដល់​ទៅ​៧៤​ឆ្នាំ ហើយ​ទើប​ប្រសូត​បានកូន​ភ្លោះ​ស្រី តាមរយៈ​បច្ចេកទេស​បង្ក​កំណើត​ក្រៅ​ស្បូន (IVF)​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Hindustan Times កាលពី​ថ្ងៃទី​៥ ខែកញ្ញា​។​



​រស់នៅ​ក្រុង Guntur រដ្ឋ Andhra Pradesh អ្នកស្រី Mangayamma វ័យ​៧៤​ឆ្នាំ ទើប​ប្រសូត​បានកូន​ភ្លោះ​ស្រី​មួយគូ ដែលមាន​សុខភាព​ល្អប្រសើរ និង​ទម្ងន់​ប្រមាណ​២​គីឡូក្រាម​។ នេះ​ជា​សុបិន​ក្លាយជា​ការពិត​មួយ​សម្រាប់​គាត់ និង Rajarao អាយុ​៨០​ឆ្នាំ ជា​ស្វាមី ដែល​បាន​រៀបការ​តាំងពី​ឆ្នាំ​១៩៦២​មក ប៉ុន្តែ​មិនមាន​កូន​សោះ​។​



​ក្រុមគ្រូពេទ្យ បាន​អះអាង​ពី​ជោគជ័យ​របស់ខ្លួន​ក្នុង​ការជួយ​សម្រាលកូន​ភ្លោះ​របស់​អ្នកស្រី Mangayayamma ដែល​ទទួលបាន​ស៊ុត​បង្ក​កំណើត​ពី​សប្បុរសជន​ម្នាក់ និង​រួមបញ្ចូល​ជា​មេជី​វិត​ឈ្មោល​របស់​ស្វាមី​។ វេជ្ជបណ្ឌិត Umasankar បាន​អះអាងថា លោកយាយ Mangayamma ចាប់ផ្តើម​ពរ​ពោះតាំង​ខែមករា​មក ហើយ​មិនមាន​សញ្ញា​គ្រោះថ្នាក់​ណាមួយ​ដល់​សុខភាព​ឡើយ​។​



​លោកយាយ Mangayamma បាន​បំបែក​កំណត់ត្រា​របស់​ស្ត្រី​ឥណ្ឌា​ម្នាក់ទៀត​ឈ្មោះ Daljinder Kaur ពីរ​ដ្ឋ Punjab ភាគ​ខាងជើង​ឥណ្ឌា​ដែល​ប្រសូត​កូនប្រុស​កាលពី​ឆ្នាំ​២០១៦ ក្នុង​វ័យ​៧០​ឆ្នាំ​៕



© រក្សាសិទ្ធិដោយ thmeythmey.com