ជាតិ
​កម្ពស់​ទឹកទន្លេ​មេគង្គ​-​កំពង់ចាម ស្ទឹងត្រែង ក្រចេះ និង​បាសាក់​-​កោះ​ខែល ឡើង​ខ្ពស់​
08, Sep 2019 , 10:14 am        
រូបភាព
ទឹកទន្លេមេគង្គហក់ឡើងជាបន្តបន្ទាប់បានបណ្តាលឲ្យលិចចូលភូមិចំនួន៥ ស្ថិតនៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រូបថត ក្រសួងធនធានទឹក
ទឹកទន្លេមេគង្គហក់ឡើងជាបន្តបន្ទាប់បានបណ្តាលឲ្យលិចចូលភូមិចំនួន៥ ស្ថិតនៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រូបថត ក្រសួងធនធានទឹក
​ខណៈដែល​ទឹកទន្លេ​មេគង្គ​-​ស្ទឹងត្រែង ក្រចេះ និង​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល មិនទាន់​ធ្លាក់​ក្រោម​កម្រិត​ប្រយ័ត្ន ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ ខែកញ្ញា នេះ ក៏បាន​បង្ហាញ​ពី​ករណី​ឡើង​កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​-​កំពង់ចាម​ផងដែរ​។​



​កម្ពស់​ទឹកទន្លេ​មេគង្គ​-​កំពង់ចាម​ឡើងដល់ ១៥.៣៥​ម៉ែត្រ ខណៈ​កម្រិត​ប្រយ័ត្ន​គឺ ១៥.២០​ម៉ែត្រ​។ ទន្លេមេគង្គ​-​ស្ទឹងត្រែង បាន​ស្រក ០.១៤​ម៉ែត្រ បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ដដែល ពោលគឺ​១១.៨២​ម៉ែត្រ​។​


​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​បង្ហាញ​ផងដែរ​ថា ទន្លេមេគង្គ​-​ក្រចេះ និង​ទន្លេបាសាក់​-​កោះ​ខែល បន្ត​កើនឡើង​កម្ពស់​ទឹក ដោយនៅ​ក្រចេះ​ឡើងដល់​២២.៧២​ម៉ែត្រ និង​កោះ​ខែល ឡើងដល់ ៧.៥០​ម៉ែត្រ​។​

​បើតាម​ការព្យាករណ៍​កម្ពស់​ទឹក​តាម​ស្ថានីយ​ជលផល​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​៨-១១​កញ្ញា ឆ្នាំ​២០១៩ ទន្លេមេគង្គ​ក្នុង​ខេត្ត​ចំនួន​បី​ខាងលើនេះ​នឹង​ស្រក​ចុះ​ជា​បន្តបន្ទាប់ ក្នុងនោះ​ខេត្ត​ទឹកទន្លេ​មេគង្គ​-​ក្រចេះ​នឹង​ស្រក​រហូតដល់​ក្រោម​កម្រិត​ប្រុងប្រយ័ត្ន​ត្រឹម​១៩.៩៨​ម៉ែត្រ​។ ដោយឡែក ទន្លេបាសាក់​-​កោះ​ខែល​ទឹក នៅតែ​បន្ត​ឡើង​រហូតដល់​កម្ពស់​៧.៦៨​ម៉ែត្រ​៕


Tag:
 ទន្លេមេគង្គ​
  ស្ទឹងត្រែង​
  ក្រចេះ​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com