ជាតិ
បាក់ឌុប
អ្នកភ្នំពេញ និងកណ្តាល ចាំអ៊ុតលទ្ធផលបាក់ឌុបនៅថ្ងៃស្អែក មួយថ្ងៃមុនបណ្តាខេត្តផ្សេងៗ ដំណើរការស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្តាត់ពិន្ទុនៃការប្រឡងបាក់ឌុប កាលពីថ្ងៃទី១៩-២០សីហា របស់ក្រុមការងារពាក់ព័ន្ធ។ រូបថត ទំព័រហ្វេសប៊ុកក្រសួងអប់រំ យុជន និងកីឡា៕
× ភ្នំពេញ៖លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នឹងប្រកាសនារសៀលថ្ងៃទី៩កញ្ញា សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ដោយឡែកនៅមណ្ឌលប្រឡងនៅតាមបណ្តាខេត្តផ្សេងៗនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃ១០កញ្ញា។ ការប្រកាសលទ្ធផលប្រឡងបាក់ឌុបនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាប្រកាសមុនមួយថ្ងៃនៃការគ្រោងទុក។ លទ្ធផលនេះ ក្រៅបិទផ្សាយនៅតាមមណ្ឌលប្រឡងនីមួយៗ ក៏មានផ្សាយតាមបណ្តាញសង្គមFacebookផ្លូវការរបស់ក្រសួងអប់រំ ផងដែរ។
បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ការប្រកាសលទ្ធផលបាក់ឌុប មុនថ្ងៃគ្រោងទុកនេះ ដោយសារដំណើរការ ស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុនៃការប្រឡងនេះ សម្រេចបាន១០០ភាគរយ កាលពីថ្ងៃទី៧កញ្ញា ឆ្នាំ២០១៩។
លោក បានអះអាងប្រាប់សារព័ត៌មានThmeyThmey នាថ្ងៃព្រឹកថ្ងៃទី៨កញ្ញា ដូច្នេះ៖«ដំណើរការ ស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុប្រឡងបាក់ឌុបដែលសម្រេចបាន១០០ភាគរយនេះ ដោយសារមានភាពល្បឿនការងាររបស់ក្រុមការងារពាក់ព័ន្ធមានភាពលឿនជាងការគ្រោងទុកមួយថ្ងៃ ដែលប្រកបដោយប្រសិទ្ធភាព និងសុក្រឹតភាព»។
លោកបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណចំពោះកិច្ចសហការវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធ លើគ្រប់ដំណាក់កាលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលបន្តគោរពគោលការណ៍ច្បាប់ យុត្តិធ៌ម តម្លាភាព និងលទ្ធផលអាចទទួលយកបាន ក៏ដូចជាការចូលរួមគោរពបទបញ្ញត្តិមានជាធរមាននានា។
សូមជម្រាបថា ការប្រឡងបាក់ឌុប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តិឡើងកាលពីថ្ងៃ ទី១៩- ២០សីហា ឆ្នាំ២០១៩ ដែលបេក្ខជនប្រឡងបាក់ឌុបសរុប ១១៩,២១៧ នាក់ ក្នុងនោះមានស្រីចំនួន ៦១,០៣១នាក់។ ចំណែកមណ្ឌលប្រឡង មានចំនួន ២០២ មណ្ឌល៕
Tag:
ប្រឡង
បាក់ឌុប អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com