ជាតិ
បទសម្ភាសន៍
យុវតីខ្មែរ-ហ្គាណា សាន បទិមាអាតាំ នៅតែរំពឹងថា មានឱកាសជួបឪពុកម្តាយខ្លួនវិញ
× ភ្នំពេញ៖ កញ្ញា សាន បទិមាអាតាំ ជាកូនកាត់ខ្មែរ-ហ្គាណា ដែលកើត និងរស់នៅកម្ពុជាតាំងពីតូច។ នាងរស់នៅក្នុងជីវភាពជាក្មេងកំព្រា បើទោះបីនាង មានឪពុកម្តាយដូចគេឯងក៏ដោយ។ បែកឪពុកម្តាយតាំងពីមិនទាន់ដឹងក្តី បានធ្វើឲ្យយុវតី សាន បទិមាអាតាំ មានជីវិតរសាត់អណ្តែត ដោយផ្ញើខ្លួនជាមួយជីដូន និងជ្រកកោនជាមួយអង្គការគ្រិស្តសាសនា។ បច្ចុប្បន្ន យុវតីរូបនេះ ទើបប្រឡងចប់បាក់ឌុបនាពេលថ្មីៗនេះ នៅតែចិញ្ចឹមចិត្តរកឪពុកម្តាយ ដែលបានបែកគ្នាតាំងពីជាង១០ឆ្នាំមុន។
ខុសពីកុមារជាច្រើន ដែលមានឪពុកម្តាយយកចិត្តទុកដាក់ និងផ្គត់ផ្គង់សព្វគ្រប់នោះ តែយុវតី សាន បទិមាអាតាំ ដែលជាកូនកាត់ ខ្មែរ-ហ្គាណា មិនដែលទទួលបានភាពកក់ក្តៅពីឪពុកម្តាយដូចក្មេងដទៃទៀតនោះទេ ព្រោះនាងត្រូវឪពុកម្តាយបោះបង់ចោលតាំងពីនៅជាកូនង៉ែតមកម្ល៉េះ។
មាឌដំបង សម្បុរខ្មៅ និងសក់រួញ បទិមាអាតាំ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា៖ «ខ្ញុំអត់ដែលស្គាល់មុខប៉ាទេ តែម៉ាក់ខ្ញុំធ្លាប់ឃើញកាលនៅតូច ព្រោះពេលនៅតូច ម៉ាក់មកលេងយាយបានមួយថ្ងៃ ហើយយាយប្រាប់ថា នេះជាម៉ាក់ខ្ញុំ។ ប៉ុន្តែ ជាង១០ឆ្នាំនេះ ខ្ញុំមិនដែលបានឃើញពួកគាត់រហូតមកដល់ឥឡូវ។ បងប្រុសខ្ញុំក៏ដូចគ្នា។ យើងទាំងពីរនាក់ កំព្រាឪពុកម្តាយ ព្រោះមិនដែលមានភាពកក់ក្តៅពីឪពុកម្តាយទេ»។
កញ្ញា សាន បទិមាអាតាំ(ឆ្វេង)កញ្ញា ឯក ចាន់តាវីន (ស្តាំ) រូបថត៖ រ៉ឹម ភារី
យុវតី សាន បទិមាអាតាំ ជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងៗប្រមាណ២០នាក់ ដែលបានរស់នៅក្នុងអង្គការមិត្តភាពកុមារកម្ពុជា និងកុមារអន្តរជាតិ។ អង្គការគ្រិស្តសាសនាមួយនេះ ទទួលយកក្មេងក្រីក្រ និងក្មេងកំព្រាមកបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ដូចជា៖ កាត់ដេរ របាំ បង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រជាដើម ព្រមទាំងផ្គត់ផ្គង់ដល់ការសិក្សានៅសាលារដ្ឋផងដែរ។ ក្រោយទទួលបានជំនួយពីអង្គការនេះហើយ ទើបបទិមាអាតាំ មានលទ្ធភាពរៀនសូត្ររហូតបានប្រឡងបាក់ឌុបនឹងគេ។
ក្នុងវ័យ២០ឆ្នាំ យុវតី បទិមាអាតាំ បានរម្លឹកពីអតីតកាលរបស់នាងទាំងទឹកមុខស្រពោនថា៖ «យាយខ្ញុំប្រាប់ថា នៅជំនាន់អ៊ុនតាក់ តែអត់ដឹងថា ប៉ាខ្ញុំទាហានឬយ៉ាងម៉េច? ពេលដែលគាត់មកកម្ពុជា ចោរប្លន់គាត់ ហើយវ៉ៃគាត់ឲ្យសន្លប់ ម៉ាក់ខ្ញុំបានឃើញប៉ាខ្ញុំ និងជូនប៉ាខ្ញុំទៅពេទ្យ និងបានមើលថែរហូតគាត់បានដឹងខ្លួន ហើយប៉ាក៏បានសុំស្រឡាញ់ម៉ាក់ខ្ញុំ។ ពេលនោះ យាយខ្ញុំក៏អត់ថាអ្វីដែរ ហើយម៉ាក់បានរៀបការជាមួយប៉ា រហូតបានខ្ញុំ។ បន្ទាប់មក ប៉ាបានទៅស្រុកគាត់វិញ ហើយប៉ាបានទុកអាស័យដ្ឋាន និងរូបថតគាត់ តែផ្ទះខ្ញុំនៅផ្សារតាប៉ាងជិតផ្សារថ្មី បានឆះអស់ គ្មានសល់អ្វីទេ រួចតែខ្លួន»។
បើតាម កញ្ញា សាន បទិមាអាតាំ កន្លងមកបងប្រុសបង្កើតរបស់នាងដែលជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ក៏បានស្វះស្វែងរកឪពុកដែរ ប៉ុន្តែ ពុំមានតម្រុយអ្វីសូម្បីតែបន្តិច។
នាងបរិយាយយ៉ាងដូច្នេះថា៖ «បងខ្ញុំធ្លាប់ស្រាវជ្រាវសួរអ៊ុនតាក់ពីប្រវត្តិប៉ារបស់ពួកខ្ញុំ។ គាត់ធ្លាប់ខល(ហៅ)ទៅស្ថានទូត UN ដូចជា អ៊ុនតាក់ តែគេថា យើងអត់មានព័ត៌មានអ្វីច្បាស់ ដោយសារ ផ្ទះយើងឆេះអស់ យើងដឹងតែឈ្មោះ ដឹងថាគាត់មកឆ្នាំណា? ពេលហ្នឹង គេថា រកតម្រុយហ្នឹងពិបាកដែរ គេជួយអត់បានទេ។ ដល់ពេលអ៊ីចឹងទៅ បងខ្ញុំក៏អស់សង្ឃឹមរហូតមកដល់ឥឡូវ។ ពួកខ្ញុំលែងស្វែងរក ឬរកជំនួយណាឲ្យគេជួយដែរ»។
តាមពិតទៅ បទិមាអាតាំ នៅតែចង់រកឪពុក ទោះបីជានាងយល់ថា ឪពុករបស់នាង ទំនងគ្មានបំណងរកនាងក៏ដោយ។ «បើសិនជាគាត់រកខ្ញុំ ខ្ញុំគិតថា គាត់អាចនឹងរកឃើញ ប៉ុន្តែ ខ្ញុំគិតថា គាត់អាចនឹងគ្មានបំណងចង់រកទេ។ ដោយសារតែ ខ្ញុំឮអ្នកខ្លះដែលជាកូនកាត់ដែរ គេថា គេមិនដែលឃើញឪគេទេ តែដឹងម៉េច ឪគេមករកកូនគេឃើញ តែសម្រាប់ឪខ្ញុំ អត់ដែលលឺដំណឹងអ្វីទេ។ ខ្ញុំគិតថា បើគាត់ចង់រក អាចឃើញ ព្រោះឈ្មោះខ្ញុំ ឪខ្ញុំជាអ្នកដាក់ឲ្យ មិនមែនម៉ែខ្ញុំទេ»។ នេះជាការរៀបរាប់របស់យុវតី សាន បទិមាអាតាំ ដែលមិនបានជួបមុខឪពុកជាយូរហើយ ខណៈម្តាយមានស្វាមីថ្មី ហើយបោះបង់នាងចោលតាំងពីតូច។
ក្រោយពីដល់វ័យត្រូវចាកចេញពីអង្គការដែលជាជម្រកដ៏កក់ក្តៅជាង១០ឆ្នាំមកនេះ បច្ចុប្បន្ន យុវតី បទិមាអាតាំ កំពុងរស់នៅផ្ទះជួលជាមួយមិត្តភក្តិរបស់នាងស្ថិតក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ក្រោមការឧបត្ថម្ភបង់ថ្លៃឈ្នួលពីអង្គការខាងលើដដែល។
កញ្ញា ឯក ចាន់តាវីន អាយុ១៨ ដែលជាមិត្តភក្តិស្និទ្ធស្នាលរបស់បទិមាអាតាំ បានអះអាងថា បទិមាអាតាំ គឺជាមនុស្សរួសរាយរាក់ទាក់ជាមួយមនុស្សជុំវិញខ្លួន មានការតស៊ូក្នុងជីវិត និងមានភាពក្លាហាន។
នាងនិយាយបែបនេះថា៖ «ពួកខ្ញុំ រួសរាយរាក់ទាក់ដូចគ្នា។ ឃើញគ្នាមុនចឹង ទៅនិយាយជាមួយគ្នា ឬសួរនាំ មិនចាំបាច់គេមកយាយរកយើងមុនទេ។ មនុសុ្សគាត់មានអត់ធ្មត់ តស៊ូ ខំប្រឹងប្រែង ដូចជា ខ្ញុំប្រឡងថ្នាក់ទី១២រួចហើយ តែគាត់កំពុងរៀនក្នុងឆ្នាំប្រឡងអ៊ីចឹង គាត់ចេះមកសួរខ្ញុំពីលំហាត់។ ការរៀនសូត្ររបស់គាត់ គឺ ល្មម មិនខ្សោយពេក ក៏មិនខ្លាំងពេកដែរ។ ខ្ញុំអត់បានរៀនខ្មែរក្នុងថ្នាក់ជាមួយគាត់ទេ តែបានរៀនអង់គ្លេសក្នុងថ្នាក់ជាមួយគ្នាមួយថ្ងៃមួយម៉ោង ពេលគាត់ឆ្ងល់ គាត់ចេះសួរច្រើន ហើយពេលគ្រូសួរ គាត់ចេះឆ្លើយសំណួរអ៊ីចឹងទៅ»។
ខុសពីកូនកាត់ដទៃទៀត ដែលមានជីវិតហ៊ីហារ ដ្បិតមានឪពុកម្តាយគេមានជីវភាពប្រសើរនោះ ប៉ុន្តែ យុវតី បទិមាអាតាំងបែរជារស់នៅជាមួយនឹងភាពក្រីក្រ និងឯកោតាំងពីតូចរហូតមកដល់បច្ចុប្បន្ន។ មានរូបរាង និងមុខមាត់ដូចជនជាតិអាហ្វ្រិក បានធ្វើកញ្ញា សាន បទិមាអាតាំ មិនសូវមានទំនាក់ទំនងជាមួយអ្នកផ្សេងទៀត ដោយសារតែមនុស្សជុំវិញខ្លួននាង បានគិតថា នាងជាជនជាតិបរទេស។
នាងបន្ថែមថា៖ «ពេលខ្លះ ពួកគាត់មើលមកខ្ញុំ គាត់ថា ខ្ញុំជាជនជាតិគេ។ ហើយគាត់មិនសូវហ៊ាននិយាយទេ តែអ្នកខ្លះគាត់ឃើញ ក៏សួរ ព្រោះឮខ្ញុំនិយាយខ្មែរ បានគាត់ហ៊ានសួរ។ គាត់សួរខ្ញុំថា ខ្ញុំជាជនជាតិគេមែន? ហេតុអ្វីក៏និយាយខ្មែរច្បាស់ម្ល៉េះ? ខ្ញុំក៏ឆ្លើយថា ខ្ញុំជាកូនកាត់ ហើយរស់នៅខ្មែរយូរហើយ តែគេខ្លះមិនសូវជឿទេ។ អ្នកខ្លះ ពេលដឹងថា ខ្ញុំជាកូនកាត់គេសប្បាយចិត្ត ប៉ុន្តែ សម្រាប់ខ្ញុំៗមិនសូវសប្បាយទេ ព្រោះ ពេលគិតថា យើងជាជនជាតិគេ ហើយគេគិតថា គេអត់សូវចេះនិយាយអង់គ្លេស គេអត់និយាយជាមួយយើងដែលធ្វើឲ្យយើងមិនសូវមានមិត្តភាពជាមួយអ្នកដទៃជាច្រើន»។
បើតាមគម្រោង ប្រសិនជានាងប្រឡងជាប់បាក់ឌុប យុវតី រូបនេះ ចង់ធ្វើការងារជាអ្នកផ្សព្វផ្សាយសាសនាគ្រិស្តរយៈពេល១ឆ្នាំកន្លះ។ បន្ទាប់មកទៀត នាងនឹងស្វែងរកអាហារូបករណ៍ ឬប្រកបអាជីវកម្មផ្ទាល់ខ្លួន។ តែបើនាងធ្លាក់ឌុបវិញនោះ នាងនឹងសិក្សាថ្នាក់១២ឡើងវិញ តាមសំណើររបស់បងប្រុសខ្លួន ដើម្បីប្រឡងយកសញ្ញាបត្របាក់ឌុបឲ្យបាន សម្រាប់ដាក់អាហារូបករណ៍ទៅរៀននៅក្រៅប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com