ជាតិ
ស្រូវ​ជាង​៨០០០​ហិកតា​នៅ​ស្រុក​ពួក ខេត្ត​សៀម​រាប គ្មាន​ទឹក​ស្រោចស្រព​
08, Sep 2019 , 3:34 pm        
រូបភាព
រូបភាពពី AKP
រូបភាពពី AKP
គ្រោះរាំងស្ងួត​ដោយសារតែ​រដូវប្រាំង​អូសបន្លាយ​ពេល​យូរ បាន​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​រដូវវស្សា​ជាង​៨​ពាន់​ហិកតា នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក ខេត្តសៀមរាប​។  ទោះបី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុងអំឡុង​សប្ដាហ៍​នេះ តែ​គ្មាន​ទឹក​ដក់​សម្រាប់​ដំណាំ​ស្រូវ​លូតលាស់​នោះឡើយ ដោយ​ស្រូវ​តំបន់​ខ្លះ​មាន​សភាព​លូតលាស់​ល្អ​ឡើងវិញ តែ​ខ្លះ​បាន​ហួស​រយៈពេល​នៃ​ការលូតលាស់​ទៅហើយ​។





លោក ស៊ិន ចាន់ថុល អភិបាល​ស្តីទី ស្រុក​ពួក ខេត្តសៀមរាប បាន​បញ្ជាក់ថា ស្រូវ​ជាង​៨​ពាន់​ហិកតា​ជួប​បញ្ហា​ដោយសារ​គ្រោះរាំងស្ងួត ហើយ​ក្នុងនោះ​ក៏មាន​ស្រូវស្រាល​ជាង​២​ពាន់​ហិកតា​ផងដែរ​។ លោក បន្តថា​៖ «​ស្រូវ​ខ្លះ​មា​នស​ភាពល្អ​ឡើងវិញ​ខ្លះ​ខូច តែបើ​ទោះបី​មាន​ភ្លៀង​ធ្លាក់​ក៏​មិនទាន់មាន​ទឹក​ដក់​ឲ្យ​ស្រូវ​ដែល​ជួប​គ្រោះ​រាង​ស្ងួត​ទាំងនេះ សម្រាប់​លូតលាស់​នោះទេ​»​។​

​ទន្ទឹមនេះដែរ អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ស្រុក ឃុំ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ជួយ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ដើម្បី​ធ្វើការ​ស្តារឡើងវិញ ក្នុង​ការងារ​បង្កបង្កើន​ផល​របស់​ប្រជាកសិករ​។

​អភិបាលខេត្ត​បាន​ពិនិត្យឃើញថា ស្រូវ​មួយចំនួន​បាន​ហួសពេល​នៃ​ការលូតលាស់ ដែល​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា​ហើយ​មិនបាន​ទទួល​ភោគផល​ទៀត​។ ជាមួយគ្នា​ដែរ លោក បានស្នើ​ទៅ​មន្ទីរ​ធនធានទឹក​ខេត្ត ឲ្យ​យកចិត្តទុកដាក់ និង​ពិនិត្យ គ្រប់គ្រង​ប្រព័ន្ធ​ស្រោចស្រព និង​មាន​វិធានការ​ក្នុងការ​ទប់ស្កាត់ ថែរក្សា​តំកល់​ទឹក​ទុក ដើម្បី​សម្រាប់​ធ្វើការ​ផ្គត់ ផ្គង់​ទឹក​ដល់​ប្រជាកសិករ​។

ខណៈដែល តំបន់ មួយចំនួន  នៅ ប៉ែក ខាងជើង ប៉ែក ត្បូង ភាគ ឦសាន ខេត្ត ជាប់ សមុទ្រ និង តំបន់  ជាប់ ដង ទន្លេមេគង្គ កំពុង រង ការ ជន លិច ដោយ ទឹកជំនន់ ទឹកភ្លៀង និង ទឹកទន្លេ ក៏មាន បណ្ដាល មាន តំបន់ មួយចំនួន ក្នុង ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង សៀម រាម កំពុង រង ការជួប គ្រោះរាំងស្ងួត ផងដែរ ។ នេះ បើតាម ការបញ្ជាក់ របស់ លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ ៕​



© រក្សាសិទ្ធិដោយ thmeythmey.com