ជាតិ
ផ្លូវ​ជិត​៥០​ខ្សែ​តាម​បណ្តា​ខេត្ត ខូចខាត ដោយសារ​ជំនន់​ទន្លេមេគង្គ និង​ទឹកភ្លៀង​
08, Sep 2019 , 4:59 pm        
រូបភាព
កំណាត់ផ្លូវជាតិ៧៣(ឆ្លូង-ក្រចេះ) កំពុងជន់លិចខ្លាំង ដោយសារកម្ពស់ទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់ក្នុងកម្រិត​២២.៧២ម៉ែត្រ នាថ្ងៃទី៨កញ្ញា។ រូបថត ក្រសួងសាធារណការ
កំណាត់ផ្លូវជាតិ៧៣(ឆ្លូង-ក្រចេះ) កំពុងជន់លិចខ្លាំង ដោយសារកម្ពស់ទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់ក្នុងកម្រិត​២២.៧២ម៉ែត្រ នាថ្ងៃទី៨កញ្ញា។ រូបថត ក្រសួងសាធារណការ
ផ្លូវ​សរុប​ចំនួន​៤៦​ខ្សែ នៅតាម​បណ្តា​ខេត្ត​ជាង​១០ កំពុង​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកទន្លេ​មេគង្គ និង​ទឹកភ្លៀង​។  ចំនួន​ផ្លូវ​ដែល​លិច​ទឹក​នេះ គឺ​ត្រឹម​នៅ​ថ្ងៃទី​៦ កញ្ញា ឆ្នាំ​២០១៩​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋ​ម​ន្រី្ត​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​៨​កញ្ញា​នេះ​។



​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​៣ ដែល​កំពុង​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង លោក ស៊ុន ចាន់ថុល បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ខេត្ត​ទាំង​១១​ដែល​រង​ការខូចខាត​ដោយសារ​ទឹក​លិច​មាន   ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី កោះកុង កំពត កែប កំពង់ស្ពឺ ព្រះវិហារ  កំពង់ឆ្នាំង និង​ខេត្ត​ត្បូងឃ្មុំ​។ លោក​បាន​បញ្ជាក់ថា ខេត្ត​ទាំង​១១​នេះ មាន​ចម្ងាយ​ផ្លូវ​ដែល​ខូចខាត​សរុប​៦០​គីឡូម៉ែត្រ នឹង​បន្ត​កើនឡើង​ទៀតផង​ដែរ ។​

​លោក​បាន​អះអាងថា​ក្រសួង​បាន​បញ្ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ត្រៀម​គ្រឿងចក្រ​ដើម្បី​ជួសជុល​ផ្លូវ​ទាំងនេះ​ឡើងវិញ បន្ទាប់ពី​ទឹក​ស្រក​ពេល​ចប់​រដូវវស្សា​នេះ​។

​ផ្លូវជាតិ​៧៣​ដែល​ស្ថិតនៅក្នុង​ខេត្តក្រចេះ​បាន​ជន់​លិច​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ ហើយ​ត្រូវ​អាជ្ញាធរ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន ចំពោះ​យានយន្ត​គ្រប់​ប្រភេទ តាំងពី​ថ្ងៃ​ព្រឹក​ថ្ងៃទី​៨​កញ្ញា​នេះ​។  ការ​លិច​ផ្លូវ​នេះ ដោយសារ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្លាំង​ដល់​កម្រិត​២២.៧២​ម៉ែត្រ ហើយ​កំពុង​ជន់​លិច​តំបន់​មួយចំនួន នៅ​ខេត្ត​តាម​ដង​ទន្លេមេគង្គ​ផងដែរ​៕



Tag:
 ទន្លេមេគង្គ​
 អាកាសធាតុ
  ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com