អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់លោក​ស្រី យី​ង​ឡាក់ ជាប់ពន្ធនាគារ​៤៨​ឆ្នាំ​ពីបទ​ពុករលួយ​ក្នុង​កម្មវិធី​ស្រូវ​-​អង្ករ
08, Sep 2019 , 5:29 pm        
រូបភាព
រូ​បភាព៖ Khaosod
រូ​បភាព៖ Khaosod
ដោយ:
តុលាការ​ថៃ បានសម្រេច​កាត់ទោស​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ លោក Boonsong ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ប្រាំ​មួយឆ្នាំ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គោលនយោបាយ​ស្រូវ​អង្ករ​ពេល​កាន់តំណែង​។ ទោស​នេះ ធ្វើ​ឲ្យ​អតីតរដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ត្រូវ​ជាប់ពន្ធនាគា​រស​រុ​ប ៤៨ ឆ្នាំ ខណៈ​លោក​អតីតរដ្ឋមន្ត្រី កំពុងតែ​អនុវត្ត​ទោស​៤២ ឆ្នាំ​ហើយ​នោះ​។​



​អង្គជំនុំជម្រះ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​អ្នកនយោបាយ នៃ​តុលាការ​កំពូល​ថៃ នៅ​ថ្ងៃ​៦ កញ្ញា បាន​ចោទប្រកាន់ និង​កាត់ទោស​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ លោក Boonsong Teriyapirom ឲ្យ​ជាប់ពន្ធនាគារ ៦ ឆ្នាំ​បន្ថែមទៀត លើ​បទល្មើស​អនុវត្ត​កិច្ចសន្យាលក់​ស្រូវ​អង្ករ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ក្លែងក្លាយ ក្នុងពេលដែល លោក កាន់​មុខតំណែង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Bangkok Post​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ តុលាការ​កំពូល​ថៃ បាន​កាត់ទោស លោក Boonsong និង​មន្ត្រីជាន់ខ្ពស់​ពាក់ព័ន្ធ​ជាង​២០​រូប​ផ្សេងទៀត នៃ​រដ្ឋបាល​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ ឲ្យ​ជាប់ពន្ធនាគារ ៤២​ឆ្នាំ ម្តង​រួចទៅហើយ​នៅ​ឆ្នាំ​២០១៧​។ ក៏ប៉ុន្តែ​ដោយសារតែ​លោក Boonsong មិន​សុខចិត្ត និង​ប្តឹង​ជំទាស់ តុលាការ បាន​បើក​ជំនុំជម្រះ​ជាថ្មី ហើយ​បន្ថែម​ទោស​លើ​រូបលោក ៦​ឆ្នាំ​ទៀត​។

គួរ​ជម្រាប​ផងដែរ​ថា ក្រោយ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ របប​យោធា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ផ្តើម​ប្តឹង​គណៈរដ្ឋមន្ត្រី​របស់លោក​ស្រី យី​ង​ឡាក់ ជា​បន្តបន្ទាប់ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ជាពិសេស​នោះ​លើ​ការអនុវត្ត​គោលនយោបាយ​ស្រូវ​-​អង្ករ ដែល​របប​សឹក អះអាងថា បានធ្វើ​ឲ្យ​រដ្ឋ បាត់បង់​ចំណូល​ជាច្រើន​លាន​ដុល្លារ​។​

លោកស្រី​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ត្រូវបាន​តុលាការ​កំពូល​ថៃ​កាត់ទោស​កំបាំងមុខ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ ក្រោម​បទ​ចោទ លោកស្រី បណ្តែតបណ្តោយ​ឲ្យ​មាន​អំពើពុករលួយ​កើតឡើង ក្នុង​រដ្ឋបាល​ដឹកនាំ​របស់លោក​ស្រី ជាពិសេស​នោះ​ក្នុង​កម្មវិធី​ស្រូវ​-​អង្ករ​តែម្តង​។ យ៉ាងណា លោកស្រី មិនបាន​នៅ​អនុវត្ត​ទោស​នេះឡើយ ដោយសារតែ លោកស្រី បាន​រត់គេចខ្លួន​មុនពេល​នៃ​ការកាត់ទោស​នេះ​៕


Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com