កីឡាអន្តរជាតិ
អន្តរជាតិ
Nadal លើកពាន US Open លើកទី៤ ក្រោយឈ្នះកីឡាកររុស្ស៊ីទាំងប្រផិតប្រផើយ
× Rafael Nadal ឈ្នះពានរង្វាន់ US Open ជាលើកទី៤ និងជា Grand Slam ទី១៩ តាមរយៈការផ្តួលកីឡាកររុស្ស៊ី Daniil Medvedev នាការប្រកួតវាយកូនបាល់វគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ការឈ្នះនេះ មានន័យថា Nadal ជិតតាមស្មើកំណត់ត្រាឈ្នះ Grand Slam ច្រើនបំផុតចំនួន២០លើករបស់ Roger Federer ផងដែរ។
កីឡាករវាយកូនបាល់លំដាប់លេខ២ពិភពលោក បានយកឈ្នះកីឡាករលំដាប់ទី៤ពិភពលោក Medvedev វ័យ២៣ឆ្នាំទាំងប្រផិតប្រផើយ ៣សិតទល់២សិត ក្នុងលទ្ធផលពិន្ទុ ៧-៥ ៦-៣ ៥-៧ ៤-៦ និង៦-៤ ដោយប្រើរយៈពេល ៤ម៉ោង និង៥០នាទី នៅឯទីលាន Flushing Meadows នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ [ម៉ោងនៅកម្ពុជា]។
ជ័យជម្នះនេះ បាននាំឲ្យអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ាញវ័យ៣៣ឆ្នាំ ឈ្នះ Grand Slam ចំនួន២ នៅឆ្នាំ២០១៩នេះ បន្ទាប់ពីរូបគេឈ្នះ French Open កាលពីខែមិថុនាកន្លងទៅ។ សរុបទាំងជ័យជម្នះ US Open លើកនេះទៀត Nadal បានឈ្នះ Grand Slam ចំនួន ១៩លើកក្នុងអាជីពរបស់គេ ពោលគឺតាមពីក្រោយអ្នកវាយកូនបាល់សញ្ជាតិស្វីសវ័យ៣៨ឆ្នាំ Roger Federer ដែលឈ្នះ ២០លើក។
Nadal ដែលមានរហស្សនាមអធិរាជដីក្រហមតាមរយៈការឈ្នះពាន French Open ច្រើនជាងគេរហូត១២ដង បានរៀបរាប់ក្រោយជ័យជម្នះនេះថា៖«នេះជារាត្រីដ៏រំភើពចិត្តបំផុតក្នុងអាជីពកីឡាវាយកូនបាល់របស់ខ្ញុំ។ វាជាការប្រកួតផ្តាច់ព្រ័ត្រដ៏អស្ចារ្យមួយ»។
ដោយឡែក Medvedev បើទោះជាបរាជ័យក៏ពិតមែន ប៉ុន្តែរូបគេបានអបអរ Nadal ដែលអាចឈ្នះ Grand Slam លើកទី១៩ក្នុងអាជីពនេះ៕
Tag:
Rafael Nadal
US Open
Grand Slam
© រក្សាសិទ្ធិដោយ thmeythmey.com