អន្តរជាតិ
អ្នកវិភាគ​ថា​ការប្តឹង​របស់​ចិន​ប្រឆាំងនឹង​ការយក​ពន្ធគយ​របស់​សហរដ្ឋអាមេរិក​នឹងមិន​ជួយ​បន្ធូរ​ជម្លោះ​ពាណិជ្ជកម្ម​ទេ
09, Sep 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​​រដ្ឋធានី​វ៉ាស៊ីនតោន ៖ ​ចិន​បានដាក់​ពាក្យ​ប្តឹង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បន្ទាប់ពី សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ បានចាប់ផ្តើម​យកពន្ធ​គយ​ចំនួន​១៥​ភាគរយ​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ​៣​រយ​ពាន់​លាន​ដុល្លារ​នាំចូល​ក្នុង​សហរដ្ឋអាមេរិក​។​



​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​យកពន្ធ​គយ​ថ្មី​ពី​៥​ទៅ​១០​ភាគរយ​លើ​ទំនិញ​សហរដ្ឋអាមេរិក​ដែលមាន​តម្លៃ​៧៥​ពាន់​លាន​ដុល្លារ​នាំចូល​ក្នុងប្រទេស​ចិន រួមមាន​ប្រេង​ឆៅ ហើយ​នេះ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ធំ​ឡើង​រវាង​ប្រទេស​ទាំង​២​។​

​ខណៈ គោរព​កិច្ចព្រមព្រៀង​ពហុភាគី អ្នកវិភាគ​ខ្លះទៀត និយាយថា ចំណាត់ការ​បែបនេះ នឹង​លាតត្រដាង​ពី​អសមត្ថភាព​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែលមាន​ទីតាំង​ក្នុង​ក្រុង​ហ្សឺ​ណែវ​មិនអាច​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បង្អស់​២​របស់​ពិភពលោក ហើយនឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិត្យានុភាព​របស់​អង្គការ​ពាណិជ្ជកម្ម​នោះ​។​

​កាលពី​ថ្ងៃ​ចន្ទ ក្រសួងពាណិជ្ជកម្ម​ចិន ប្រាប់​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការយក​ពន្ធគយ​នៅពេល​ថ្មីៗ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​រំលោភ​យ៉ាងខ្លាំង​លើ​ការមូល​មតិ​ដែល​បានធ្វើ​ឡើង​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​និង​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​ក្នុងអំឡុង​នៃ​សន្និសីទ​កំពូល​G-20 នៅក្នុង​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន​។​

​កាលពី​ចុងខែ​មិថុនា មេដឹកនាំ​ប្រទេស​ទាំង​២ បាន​ព្រមព្រៀងគ្នា​ចាប់ផ្តើម​ការចរចា​ពាណិជ្ជកម្ម​ឡើងវិញ​ហើយនឹង​បញ្ឈប់​ការយក​ពន្ធគយ​ថ្មី​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​ចិន បាន​ប្រាប់​ឲ្យ​ដឹងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដាក់ពាក្យ​ប្តឹង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន​និង​ដើម្បី​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និង​ច្បាប់ទម្លាប់ ពាណិជ្ជកម្ម​អន្តរជាតិ​។​

​នោះ គឺជា​បណ្តឹង​លើក​ទី​៣​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្តឹង​នៅឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​ប្រឆាំង​ការយក​ពន្ធគយ​ដោយ​សហរដ្ឋអាមេរិក​លើ​ទំនិញ​នាំចេញ​របស់​ប្រទេស​ចិន​។​

​ចិន បាន​ប្តឹង​ជា​លើកដំបូង​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​យក​ពន្ធគយ​ចំនួន​២៥​ភាគរយ​លើ​ទំនិញ​របស់​ចិន​ដែលមាន​តម្លៃ ៥០​ពាន់​លាន​ដុល្លារ​កាលពី​ខែកក្កដា​ឆ្នាំទៅ​និង​ម្តងទៀត​កាលពី​ខែកញ្ញា​ឆ្នាំទៅ បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​យក​ពន្ធគយ​ចំនួន​១០​ភាគរយ​លើ​ទំនិញ​នាំចេញ​របស់​ចិន​ដែលមាន​តម្លៃ​២​រយ​ពាន់​លាន​ដុល្លារ​។​

​ពួក​អ្នកវិភាគ និយាយថា រហូតមកទល់​ពេលនេះ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មិនទាន់បាន​សម្រេច​អំពី​ពាក្យបណ្តឹង​២​កាលពី​ពេលមុន​របស់​ចិន​នៅឡើយ​ទេ ហើយ​ប្រហែល​មិនអាច​សម្រេច​ពាក្យបណ្តឹង​លើក​ទី​៣​នៅ​ឆ្នាំក្រោយ​ឬ​២​ឆ្នាំ​ទៀត​នោះទេ​គឺ មានតែ​យូរ​ជាង​នេះ​។​

​លោក Roy Lee​អនុប្រធាន​មជ្ឈមណ្ឌល​WTO & RTA នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច Chung Hua បាន​និយាយថា «​ទោះបីជា​គណៈកម្មការ​យ​ន្ត​ការដោះស្រាយ​ជម្លោះ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សម្រេច​ចាត់វិធានការ​ទៅតាម​ការស្នើសុំ​របស់​ចិន​ក៏ដោយ ការសម្រេច​នោះ នឹង​ក្លាយជា​ការវិនិច្ឆ័យ​គ្មាន​បានការ ដែល​គ្មាន​ប្រទេស​ណា ហាក់ដូចជា​គោរព​ការដោះស្រាយ​ការ​រង្កៀស​ចិត្ត​ខាង​ពាណិជ្ជកម្ម​របស់ខ្លួន​ទេ​»​។​

​លោក Lee​បាន​និយាយទៀតថា «​សកម្មភាព​ទាំងនោះ​របស់​ពួកគេ ត្រូវ​ប្រើ​ជា​អាវុធ​ខុសៗ​គ្នា​សម្រាប់​ពួកគេ​វាយប្រហារ​គ្នា​ទៅវិញទៅមក​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។ ក៏ប៉ុន្តែ​ខ្ញុំ​គិតថា ចំណាត់ការ​រឿងក្តី​របស់​ចិន តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​អង្គការ​ពាណិជ្ជកម្ម​នោះ​»​។​

​លោក​Lee​បាន​និយាយ​បន្ថែមទៀតថា​៖ «​ការណ៍​នេះ នឹងធ្វើ​ឲ្យ​អន្តរាយ​ដល់​កិត្យានុភាព​និង​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ខ្ញុំ​គិតថា ការណ៍​នេះ​នឹង​បង្ហាញថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មិនអាច​ដោះស្រាយ​ជម្លោះ​ពាណិជ្ជ​កម្មបាន ហើយ​ជាការ​កាត់សេចក្តី​មិនបានការ​»​។​

​លោក​ប្រធានាធិបតី​ត្រាំ បានធ្វើការ​បញ្ជាក់​យ៉ាងច្បាស់​ថា បើ​សហរដ្ឋអាមេរិក ចាញ់​រឿងក្តី​នេះ សហរដ្ឋអាមេរិក នឹងមិន​ធ្វើ​ទៅតាម​ការវិនិច្ឆ័យរ​បស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទេ​។ កាលពី​ពេលមុន លោក​ប្រធានាធិបតី​ត្រាំ បាន​គំរាមកំហែង​ដក​សហរដ្ឋអាមេរិក​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទៀតផង​។​

​សហរដ្ឋអាមេរិក ជជែក​ឲ្យ​ហេតុផល​ថា ខ្លួន​កំពុង​ដាក់ទណ្ឌកម្ម​ចិន​ចំពោះ​ការ​លួច​កម្ម​សិទ្ធ​បញ្ញា ដែល​មិន​មានចែង​ដោយ​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។​

​អត្ថបទ​ការពារ​ខ្លួន​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប្រាប់​ឲ្យ​ដឹងថា ប្រទេស​ទាំង​២ បាន​ព្រមព្រៀងគ្នា​ថា មិន​ពឹងពាក់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​របស់ខ្លួន​។​

​អត្ថបទ​នោះ ប្រាប់​ឲ្យ​ដឹងថា «​ចិន បានសម្រេច​ដោយ​ឯកតោភាគី​ដើម្បី​អនុវត្ត​វិធានការ​គោលនយោបាយ​ឧស្សាហកម្ម​យ៉ាង​គឃ្លើន​ដើម្បី​លួច​ឬ​គាបសង្កត់​យក​បច្ចេកវិទ្យា​មិន​ត្រឹមត្រូវ​ពី​ដៃគូ​ពា​ណិ​ជ្ចក​ម្ម​របស់ខ្លួន​។ សហរដ្ឋអាមេរិក បាន​អនុវត្ត​វិធានការ​យកពន្ធ គយ​ដើម្បី​ព្យាយាម​លុបចោល​គោលនយោបាយ​ការផ្ទេរ​បច្ចេកវិទ្យា​មិន​ត្រឹមត្រូវ​និង​មិន​ថ្លៃថ្នូរ​របស់​ចិន​»​។​

​ភាពមិនប្រាកដប្រជា លេចចេញ​ឡើង​ថា តើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នឹង​សម្រេច​លើ​រឿងក្តី​៣​របស់​ចិន​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​យ៉ាងដូចម្តេច​។​

​ក៏ប៉ុន្តែ លោក Lee​និយាយទៀតថា ចិន​មានប្រៀប​បន្តិច​នៅពេលដែល​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​នេះ អាច​ទទូចថា ការតំឡើង​ពន្ធគយ​លើសពី​កម្រិត​អតិបរមា​មានការ​អនុញ្ញាត​ត្រូវតែ​បង្ហាញ​ហេតុផល​នៅឯ​អង្គការ​ពាណិជ្ជកម្ម​។​

​ទោះយ៉ាងណា​ក៏ដោយ លោក​បាន​យល់ស្រប​ថា សហរដ្ឋអាមេរិក មាន​ហេតុផល​នៅពេល​សហរដ្ឋអាមេរិក និយាយថា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​មិនបាន​យក ចិត្ត​ទុកដាក់​ជា​យូរយា​ណាស់​មកហើយ​អំពី​គោលនយោបាយ​ពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ​របស់​ចិន ហើយនឹង​ការខកខាន​របស់​ចិន​មិនបាន​គោរព​ការតាំង​ចិត្ត​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នោះ ចាំបាច់​ឲ្យ​ធ្វើកំណែទម្រង់ ទើប​អង្គការ​ពាណិជ្ជកម្ម​នោះ អាចធ្វើ​ការសម្រេចបាន​ត្រឹមត្រូវ​។​

​ពួក​អ្នកវិភាគ និយាយថា ចំណាត់ការ​របស់​ចិន ភាគច្រើន​ជា​និមិត្តរូប​ដើម្បី​លើកមុខ​មាត់​នៅពេល​មានការ​កាត់សេចក្តី​ណាមួយ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ បើទោះបីជា​មានការ​កាត់ក្តី​នោះ ក៏​មិន​អាចជួយ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​បានទេ​។​

​លោក Liao Qun​ប្រធាន​សេដ្ឋវិទូ​នៅឯ​ធនាគារ China CITIC Bank International Ltd. បាន​យល់ស្រប ដោយបាន​និយាយថា ប្រទេស​ទាំង​២ ត្រូវតែ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​តាមរយៈ​ការបន្ត​ការចរចា​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​លោក Liao បាន​និយាយទៀតថា ក៏ប៉ុន្តែ​ចំណាត់ការ​របស់​ចិន​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បញ្ជូន​សារ​យ៉ាងច្បាស់​ថា ចិន​នឹងមិន​ងាយ​ដកខ្លួន​ចេញពី​ការប្រយុទ្ធ​ខាង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ហើយក៏​មិន​គាំទ្រ​កិច្ចព្រមព្រៀង​ឯកតោភាគី​នោះដែរ​។​

​សេដ្ឋវិទូ និយាយថា​៖ «​ចិន​នៅតែ​សង្ឃឹមថានឹង​គោរព​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជា​អង្គ ការ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ប្រឆាំង​ទៅ​ចំណាត់ការ​ជា​ឯកតោភាគី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឬ​ប្រឆាំង​ផែនការ​ទម្លាក់ចោល​សេចក្តីសម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។

​ការណ៍​នេះ បង្ហាញថា ចិន​ប្រកាន់​ជំហ​យ៉ាងរឹងមាំ​គាំទ្រ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)»​។ លោក Liao បាន​និយាយទៀតថា លោក​នៅតែមាន​សុទិដ្ឋិនិយម​ថា​ប្រទេស​ទាំង​២ នឹង​ព្យាយាម​ធ្វើ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​នៅពេល​ណាមួយ​នៅ​ចុង​ឆ្នាំនេះ​ឬ​នៅ​ដើមឆ្នាំ​ក្រោយ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​

​លោក​និយាយទៀតថា​ទោះជា​យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី​ត្រាំ នឹង​ពិចារណា​អំពី​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ហើយនឹង​ការជាប់ឆ្នោត​ជា​ប្រធានាធិបតី​ម្តងទៀត​របស់លោក​ក្នុងការ​សម្រេច​ថា​តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន មាន​ប្រយោជន៍​ឬ​អត់​៕


​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com