អន្តរជាតិ
សកល​វិទ្យាល័យ​បង់​ក្លា​ដែ​ស បញ្ឈប់​និស្សិត​រ៉ូ​ហ៊ីង​យ៉ា​មិន​ឲ្យ​សិក្សា​
09, Sep 2019 , 5:11 pm        
រូបភាព
និស្សិតស្រី Akter Khushi , រូបភាព (Press TV)
និស្សិតស្រី Akter Khushi , រូបភាព (Press TV)
​មន្ត្រី​ក្រសួង​អប់រំ​បង់​ក្លា​ដែ​ស នៅ​ថ្ងៃទី​៨ ខែកញ្ញា បាន​អះអាងថា សកល​វិទ្យាល័យ​បង់​ក្លា​ដែ​ស​មួយកន្លែង បាន​បញ្ឈប់​និស្សិត​ម្នាក់​ពី​ការសិក្សា បន្ទាប់ពី​រកឃើញថា នាង​មាន​ដើមកំណើត​ជា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ ការបញ្ឈប់​ការសិក្សា​នេះ ធ្វើឡើង​ស្របពេល​ជាមួយនឹង​ការកើនឡើង​នៃ​ចំនួន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ប្រទេស និង​ការបរាជ័យ​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​ទៅ​មី​យ៉ាន់​ម៉ា​ជា​ពីរលើក​មកហើយ​។



​ជនភៀសខ្លួន​គ្រប់រូប មិនអាច​ទទួលបាន​កា​រ​អប់រំ​នៅក្នុង​បង់​ក្លា​ដែ​ស​បានទេ​។ នេះ​បើ​ផ្អែក​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP បន្ទាប់ពី​សកលវិទ្យា​ល័យ​អន្តរជាតិ Cox’s Bazar បាន​បញ្ឈប់​និស្សិត​ស្រី​ម្នាក់​ឈ្មោះ Akter Khushi ក្រោយពេល​ព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា និស្សិត​វ័យ ២០​ឆ្នាំ​រូបនេះ បាន​លាក់បាំង​អត្តសញ្ញាណ​នៅពេល​ចុះឈ្មោះ​ចូលរៀន​។
​លោកនាយក​សាលា​ខាងលើ បាន​លើកឡើងថា​៖ «​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា មិនអាច​អនុញ្ញាត​ឲ្យ​ចូលរៀន​សកលវិទ្យា​ល័យ​យើង​បានទេ​។ ជនបរទេស​អាច​រៀន​នៅទីនេះ​បាន ប៉ុន្តែ​ត្រូវគោរព​តាម​នីតិវិធី​»​។ ការអះអាង​របស់លោក​បែបនេះ គឺ​ក្រោយពី​រកឃើញថា និស្សិត​ស្រី​Khushi បានផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការបញ្ចប់​ថ្នាក់មធ្យមសិក្សា​នៅ​ទីក្រុង Chittagone ប្រទេស​បង់​ក្លា​ដែ​ស​។

​ទាក់ទង​ទៅនឹង​បញ្ហា​នេះ និស្សិត​ច្បាប់​វ័យ ២០​ឆ្នាំ​រូបនេះ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការសម្រេចចិត្ត​របស់​សកល​វិទ្យាល័យ​បែបនេះ គឺ​បំផ្លាញ​ទឹកចិត្ត​នាង​យ៉ាងខ្លាំង​។ ក្នុងន័យ​លើកទឹកចិត្ត​ខ្លួនឯង Khushi បាន​និយាយថា បើជា​មនុស្ស​ស្រី​ផ្សេង​ប្រហែលជា​សម្លាប់ខ្លួន​ហើយ ប៉ុន្តែ​នាង​នឹង​ព្យាយាម​ឲ្យ​បានល្អ ក្នុងការ​ប្រឈម​មុខជា​មួយ​រឿង​ទាំងនេះ​។
​ដើម្បី​ការពារ​ពី​ការចោទប្រកាន់ និស្សិត​ស្រី​រូបនេះ​អះអាងថា ឪពុកម្តាយ​របស់​នាង​បាន​ចំណាកស្រុក​មកពី​រដ្ឋ​រ៉ា​ឃី​ន​តាំងពី​ឆ្នាំ ១៩៩០​មក​ម្លេះ ចំណែក​រូបនាង​គឺ​កើត និង​បាន​ធំធាត់​ឡើង​នៅក្នុង​តំបន់ Cox’s Bazar  មិនមែន​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ឡើយ ហើយ​ឥឡូវនេះ​នាង​មិនដឹង​គួរ​ធ្វើ​អ្វី​បន្ត​ទៀតឡើយ​។

​យ៉ាងណាមិញ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​ក្រុម​នៅ​ថ្ងៃទី​៧ ខែកញ្ញា បាន​រិះគន់​ទៅលើ​ចំណាត់ការ​មួយ​នេះ ហើយ​ថា​សកម្មភាព​បែបនេះ​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង​។ អង្គការ​នេះ​ថែមទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ដា​ក្កា មាន​ដំណោះស្រាយ​ដ៏​សមស្រប​មួយ ជាជាង​ប្រតិកម្ម​ជ្រុល​លើ​ការតវ៉ា និង​ភាព​តានតឹង ដែល​បង្កដោយ​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​

​សូមបញ្ជាក់ថា កាលពី​ខែសីហា ឆ្នាំ​២០១៧ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា ៧៤​ម៉ឺន​នាក់ បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ដោយសារតែ​ការបង្ក្រាប​ពី​សំណាក់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ទៅ​រស់នៅ​ប្រទេស​ក្បែ​ង​ខាង​បង់​ក្លា​ដែ​ស​។ ដើម្បី​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​នៅក្នុង​បង់​ក្លា​ដែ​ស រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ និង​រដ្ឋាភិបាល​ទីក្រុង​ដា​ក្កា​បាន​ព្រមព្រៀងគ្នា​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពីរដង​មកហើយ ក៏ប៉ុន្តែ​ត្រូវ​ទទួលរង​បរាជ័យ ដោយសារ​គ្មាន​ជនភៀសខ្លួន​ណា​ម្នាក់​ចង់​ត្រលប់​ទៅវិញ​ទេ​។

​បន្ថែម​ពីលើ​នេះ​ទៅទៀត​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បាន​បិទ​សេវា​ទូរ​សព្ទ និង​អ៊ីនធឺណិត​ល្បឿន​លឿន​នៅពេល​យប់ បន្ទាប់ពី​ផ្ទុះ​អំពើហិង្សា​នៅក្នុង​ជំរុំ​ជនភៀសខ្លួន​ក្នុងពេល​ថ្មីៗ​នេះ​៕


Tag:
 ​បង់​ក្លា​ដែ​ស​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com