អន្តរជាតិ
បោះឆ្នោត​ថ្នាក់​តំបន់​នៅ​រុស្ស៊ី​៖ ប្រជាប្រិយភាព​លោក ពូ​ទីន ស្ថិតក្រោម​ការធ្វើ​តេស្ត​
09, Sep 2019 , 9:19 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បោះឆ្នោតនៅមណ្ឌលបណ្ធិត្យសភាវិទ្យាសាស្រ្តក្នុងទីក្រុងមូស្គូ។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បោះឆ្នោតនៅមណ្ឌលបណ្ធិត្យសភាវិទ្យាសាស្រ្តក្នុងទីក្រុងមូស្គូ។ រូបភាព AFP
​ប្រជាជន​រុស្ស៊ី​រាប់លាន​នាក់ នៅ​ថ្ងៃទី​៨ ខែកញ្ញា បាននាំគ្នា​ចេញទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្នាក់​តំបន់​សំខាន់ៗ​។ ជាការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ តែ​វា​ក៏​ជា​សាកល្បង​ប្រជាប្រិយភាព​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​សម្ព័ន្ធមិត្ត​ផងដែរ​។ ការបោះឆ្នោត​នៅ​រដ្ឋធានី​មូ​ស្គូ​ក្លាយ​ជាទី​ចាប់អារម្មណ៍​ខ្លាំងជាងគេ ព្រោះ​អាជ្ញាធរ​បាន​បង្ក្រាប​ការតវ៉ា​ជា​បន្តបន្ទាប់ ក្រោយ​បេក្ខជន​ប្រឆាំង​ត្រូវបាន​ហាម​ចូលរួម​ការបោះឆ្នោត​។​



​ប្រជាប្រិយភាព​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន ធ្លាក់ចុះ​ឬ​កើនឡើង​? ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា និង​អភិបាល​តំបន់​ចំនួន​១៦ នៅ​ទូទាំង​រុស្ស៊ី​នៅ​ថ្ងៃទី​៨ ខែកញ្ញា គឺជា​វិញ្ញាសា​សាកល្បង​មួយ​សម្រាប់​លោក ពូ​ទីន និង​សម្ព័ន្ធមិត្ត​របស់លោក​ដែល​កាច់ចង្កូត​រុស្ស៊ី​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។ ចលនា​នៃ​ការតវ៉ា​បាន​កើន​ឡើងជា​បន្តបន្ទាប់​មុន​ការបោះឆ្នោត​នេះ ពិសេស​នៅ​ទីក្រុង​មូ​ស្គូ​ដែល​ប្រជាជន​៧,៣​លាន​នាក់ ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ថ្មី​។

​នា​ប៉ុន្មាន​សប្ដាហ៍​មកនេះ បាតុកម្ម​បានកើត​ឡើង​នៅ​រដ្ឋធានី​រុស្ស៊ី​ដែល​សព្វថ្ងៃ​ដឹកនាំ​ដោយ​លោក​អភិបាល Sergei Sobyanin សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក ពូ​ទីន ។ បាតុកម្ម​ផ្ទុះឡើង​ក្រោយ​អាជ្ញាធរ​បាន​រារាំង​អ្នកនយោបាយ​ប្រឆាំង​ចូលរួម​ការបោះឆ្នោត​។ មនុស្ស​ជាច្រើន ត្រូវបាន​ចាប់ខ្លួន​រួច​ក៏​ដោះលែង​វិញ ខណៈ​អ្នក​ខ្លះទៀត​ប្រឈមមុខ​ទោសទណ្ឌ​ធ្ងន់ធ្ងរ​។ នៅ​ថ្ងៃ​បោះឆ្នោត​ទី​៨ ខែកញ្ញា ប៉ូលិស​រុស្ស៊ី​ក៏បាន​ឃាត់ខ្លួន​បុគ្គល​សំខាន់ៗ​មួយចំនួនទៀត​ផងដែ​រ​។

​គណបក្សប្រឆាំង បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រុស្ស៊ី​ដាក់ទោស​វិមាន​ក្រេ​ម​ឡាំង និង​សម្ព័ន្ធមិត្ត​លោក ពូ​ទីន ដែល​ឈរឈ្មោះ​ក្រោម​បក្ស​រួបរួម​រុស្ស៊ី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​ប្រឆាំង​ដ៏​ធំ​នៅ​រុស្ស៊ី Alexei Navalny និយាយ​ក្រោយ​ការបោះឆ្នោត​ថា ការបោះឆ្នោត​នេះ ជាការ​ប្រយុទ្ធប្រឆាំង​ការគ្រប់គ្រង​រុស្ស៊ី​ផ្ដាច់មុខ​។ ដ្បិត​សម្ព័ន្ធមិត្ត​ជាច្រើន ត្រូវបាន​ផាត់​ចេញពី​ការបោះឆ្នោត​នេះ លោក Navalny បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រុស្ស៊ី​នាំគ្នា​បោះឆ្នោត​ឲ្យ​បេក្ខជន​ផ្សេង​ដែលមាន​សង្ឃឹម​ខ្ពស់​វិញ​។​

​លោក ពូ​ទីន ឯណោះ​វិញ បាន​ទាត់ចោល​ក្ដីបារម្ភ​របស់​បក្សប្រឆាំង​ជុំវិញ​ការហាម​ប្រាម​បេក្ខជន​របស់​ពួកគេ​ក្រោម​ហេតុផល​ភាពមិនប្រក្រតី ហើយ​អវត្តមាន​របស់​ពួកគេ ទំនង​មិនមែនជា​បញ្ហា​អ្វី​ឡើយ​។ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​បោះឆ្នោត​រួច​នៅឯ​មណ្ឌល​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ក្នុង​ទីក្រុង​មូ​ស្គូ មេដឹកនាំ​វ័យ​៦៦​ឆ្នាំ​ដែល​ដឹកនាំ​រុស្ស៊ី​ចូលដល់​ទសវត្សរ៍​ទី​បី​ហើយ​នោះ បញ្ជាក់ថា គុណភាព​សំខាន់​ជាង​បរិមាណ​។

​បើតាម​លទ្ធផល​ដំបូង បេក្ខជន​មាន​និន្នាការ​រក​វិមាន​ក្រេ​ម​ឡាំង​ទទួល​សំឡេង​នាំមុខ​ច្រើន​នៅ​តំបន់​ខាងកើត​ប្រទេស​ដូចជា Zabaikalsky និង Sakhalin ជាដើម​។ នៅ​ទីក្រុង​ធំ​ទី​ពីរ Saint Petersburg វិញ ការបោះឆ្នោត​ជ្រើសរើស​អភិបាល និង​ក្រុមប្រឹក្សា​ក្រុម​ក៏​ស្ថិតក្រោម​ការតាមដាន​ដែរ ដោយ​ចៅហ្វាយក្រុង​ស្ដីទី  Alexander Beglov ដែលជា​សម្ព័ន្ធមិត្ត​លោក ពូ​ទីន រំពឹង​ទទួលបាន​ការគាំទ្រ​លើសលប់​ដើម្បី​បញ្ចៀស​ការបោះឆ្នោត​ជុំ​ទី​ពីរ​៕


Tag:
 រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com