ជាតិ
បាក់ឌុប
សង្គមជាតិ
ក្រសួង​អប់រំ​៖ លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ គ្មាន​កំហុសឆ្គង​ដូច​ឆ្នាំមុន​ឡើយ​
09, Sep 2019 , 10:59 pm        
រូបភាព
ទិដ្ខភាព បេក្ខជន​ដែល​ទៅ​ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់​លទ្ធផលប្រឡង​បាក់ឌុបនា​មណ្ឌលប្រឡង​ព្រះ​ស៊ី​សុវត្ថិ រូប​ភាពពី​លោក ទូច​ វណ្ឌី អ្នក​សារព័ត៌មាន​ថ្មីៗ
ទិដ្ខភាព បេក្ខជន​ដែល​ទៅ​ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់​លទ្ធផលប្រឡង​បាក់ឌុបនា​មណ្ឌលប្រឡង​ព្រះ​ស៊ី​សុវត្ថិ រូប​ភាពពី​លោក ទូច​ វណ្ឌី អ្នក​សារព័ត៌មាន​ថ្មីៗ
ដោយ:
​ភ្នំពេញ​៖ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ បានចេញ​ផ្សាយ​ជា​ផ្លូវការ​ហើយ ដោយមាន​បេក្ខជន​ជាប់​៦៨, ៦២ ភាគរយ​។ ក្រសួង​អប់រំ អះអាងថា លទ្ធផល​បាក់​ឌុប​ឆ្នាំនេះ គ្មាន​កំហុសឆ្គង​ដូច​ឆ្នាំមុន​ឡើយ​។ 



​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ អះអាងថា លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ប្រព្រឹត្តទៅ​យ៉ាង​ល្អ ពោលគឺ​មិនកើត​មាន​ករណី​បូក​ពិន្ទុ​ខុស លើ​បេក្ខជន​ណា​ម្នាក់​ឡើយ​។ មូលហេតុ​ដែល​លោក រស់ សុ​វាចា អះអាង​បែបនេះ​ដោយ​សំអាង​លើ​កិច្ចការងារ​បូក​ស្រង់​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ដោយ​កុំព្យូទ័រ ដែល​ប្រកបដោយ​ប្រសិទ្ធភាព និង​សុក្រឹតភាព​។​

​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​ថា «​ក្រសួង​មិនទាន់​កំណត់ពេល​សម្រាប់​ឲ្យ​បេក្ខជន​តវ៉ា​រឿង​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​ប្រឡង​បាក់​ឌុប​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ​។ ការណ៍​ដែល​ក្រសួង​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​ទុកពេល​ឲ្យ​បេក្ខជន​តវ៉ា​រឿង​លទ្ធផល​បាក់​ឌុប​នោះ ដោយសារតែ​ក្រសួង​ជឿជាក់​យ៉ាង​មុតមាំ​ថា លទ្ធផល​ប្រឡង​បាក់​ឌុប​ដែល​ប្រកាស​នៅថ្ងៃនេះ និង​ថ្ងៃស្អែក​នេះ នឹង​ប្រកប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​»​។

​សូម​រម្លឹក​ឡើងវិញ​ថា កាលពី​ឆ្នាំ​២០១៨ ក្រសួង​អប់រំ​បានធ្វើ​កំណែ​លទ្ធផល​ប្រឡង​បាក់​ឌុប​ចំនួន​២​ដង ដោយសារ​តែមាន​ការតវ៉ា​ពី​ក្រុម​បេក្ខជន​ដែល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពត ទៅលើ​លទ្ធផល​ដែល​មិន​ត្រឹមត្រូវ​សម្រាប់​ពួកគេ​។ ក្រោយពី​មានការ​តវ៉ា​របស់​ក្រុម​បេក្ខជន ក្រសួង​អប់រំ​បាន​ទទួលស្គាល់ថា ពិត​ជាមាន​កំហុសឆ្គង​លើ​ការ​បូក​ពិន្ទុ​តាម​កុំព្យូទ័រ និង​ខុស​បច្ចេកទេស​ពិតមែន​។

​សម្រាប់​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​បេក្ខជន​ដែល​ប្រឡង​ជាប់​បាក់​ឌុប ចំនួន ៧៩ ០៥២ នាក់ ត្រូវ​នឹង​៦៨.៦២​ភាគរយ ដែល​នៅ​ក្នុងនោះ​មាន​៤៤៣​នាក់​ជាប់​និទ្ទេស A, អ្នក​ជាប់​និទ្ទេស B មាន​ចំនួន ២៤៣០​នាក់​,​និទ្ទេស C មាន​៥៨៤៧​នាក់​,​និទ្ទេស D មាន​១៤ ១០០​នាក់ និង​និទ្ទេស E មាន ៥៦ ២៣២ នាក់​។ 

​ក្នុងចំណោម​និទ្ទេស A ៤៤៣​នាក់ រាជធានី​ភ្នំពេញ មាន​១៤១​នាក់ សៀមរាប ៣៨​នាក់ បាត់ដំបង​៣២​នាក់ តាកែវ​២៩​នាក់ កំពង់ចាម​២៧​នាក់ ព្រៃវែង​២៧​នាក់ បន្ទាយមានជ័យ​២៥​នាក់ កណ្តាល​២៣​នាក់ កំពត​២៣​នាក់ ត្បូងឃ្មុំ​១៥​នាក់ កំពង់ធំ​១៤​នាក់ ព្រះសីហនុ​១៣​នាក់ ស្វាយរៀង​៨​នាក់ ពោធិ៍សាត់​៧​នាក់ កំពង់ឆ្នាំង​៦​នាក់ កំពង់ស្ពឺ​៦​នាក់ ក្រចេះ​៤​នាក់ រតនគិរី​២​នាក់ កោះកុង​១​នាក់ មណ្ឌលគិរី​១​នាក់ និង​ឧ​ត្ត​រ​មានជ័យ​១​នាក់​៕ 

Tag:
 ក្រសួង​អប់រំ​
 ​លទ្ធផល​ប្រឡង​
 ​សិស្ស​
 ​បាក់​ឌុប​
 BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com