ជាតិ
បាក់ឌុប
សង្គមជាតិ
ក្រសួងអប់រំ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ គ្មានកំហុសឆ្គងដូចឆ្នាំមុនឡើយ ទិដ្ខភាព បេក្ខជនដែលទៅត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលប្រឡងបាក់ឌុបនាមណ្ឌលប្រឡងព្រះស៊ីសុវត្ថិ រូបភាពពីលោក ទូច វណ្ឌី អ្នកសារព័ត៌មានថ្មីៗ
× ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ បានចេញផ្សាយជាផ្លូវការហើយ ដោយមានបេក្ខជនជាប់៦៨, ៦២ ភាគរយ។ ក្រសួងអប់រំ អះអាងថា លទ្ធផលបាក់ឌុបឆ្នាំនេះ គ្មានកំហុសឆ្គងដូចឆ្នាំមុនឡើយ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ អះអាងថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅយ៉ាងល្អ ពោលគឺមិនកើតមានករណីបូកពិន្ទុខុស លើបេក្ខជនណាម្នាក់ឡើយ។ មូលហេតុដែលលោក រស់ សុវាចា អះអាងបែបនេះដោយសំអាងលើកិច្ចការងារបូកស្រង់ពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុ ដោយកុំព្យូទ័រ ដែលប្រកបដោយប្រសិទ្ធភាព និងសុក្រឹតភាព។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា «ក្រសួងមិនទាន់កំណត់ពេលសម្រាប់ឲ្យបេក្ខជនតវ៉ារឿងមិនសុខចិត្តចំពោះលទ្ធផលប្រឡងបាក់ឌុបឲ្យបានជាក់លាក់នៅឡើយទេ។ ការណ៍ដែលក្រសួងមិនទាន់កំណត់ពេលវេលាជាក់លាក់សម្រាប់ទុកពេលឲ្យបេក្ខជនតវ៉ារឿងលទ្ធផលបាក់ឌុបនោះ ដោយសារតែក្រសួងជឿជាក់យ៉ាងមុតមាំថា លទ្ធផលប្រឡងបាក់ឌុបដែលប្រកាសនៅថ្ងៃនេះ និងថ្ងៃស្អែកនេះ នឹងប្រកបតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។
សូមរម្លឹកឡើងវិញថា កាលពីឆ្នាំ២០១៨ ក្រសួងអប់រំបានធ្វើកំណែលទ្ធផលប្រឡងបាក់ឌុបចំនួន២ដង ដោយសារតែមានការតវ៉ាពីក្រុមបេក្ខជនដែលនៅរាជធានីភ្នំពេញ និងខេត្តកំពត ទៅលើលទ្ធផលដែលមិនត្រឹមត្រូវសម្រាប់ពួកគេ។ ក្រោយពីមានការតវ៉ារបស់ក្រុមបេក្ខជន ក្រសួងអប់រំបានទទួលស្គាល់ថា ពិតជាមានកំហុសឆ្គងលើការបូកពិន្ទុតាមកុំព្យូទ័រ និងខុសបច្ចេកទេសពិតមែន។
សម្រាប់លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនដែលប្រឡងជាប់បាក់ឌុប ចំនួន ៧៩ ០៥២ នាក់ ត្រូវនឹង៦៨.៦២ភាគរយ ដែលនៅក្នុងនោះមាន៤៤៣នាក់ជាប់និទ្ទេស A, អ្នកជាប់និទ្ទេស B មានចំនួន ២៤៣០នាក់,និទ្ទេស C មាន៥៨៤៧នាក់,និទ្ទេស D មាន១៤ ១០០នាក់ និងនិទ្ទេស E មាន ៥៦ ២៣២ នាក់។
ក្នុងចំណោមនិទ្ទេស A ៤៤៣នាក់ រាជធានីភ្នំពេញ មាន១៤១នាក់ សៀមរាប ៣៨នាក់ បាត់ដំបង៣២នាក់ តាកែវ២៩នាក់ កំពង់ចាម២៧នាក់ ព្រៃវែង២៧នាក់ បន្ទាយមានជ័យ២៥នាក់ កណ្តាល២៣នាក់ កំពត២៣នាក់ ត្បូងឃ្មុំ១៥នាក់ កំពង់ធំ១៤នាក់ ព្រះសីហនុ១៣នាក់ ស្វាយរៀង៨នាក់ ពោធិ៍សាត់៧នាក់ កំពង់ឆ្នាំង៦នាក់ កំពង់ស្ពឺ៦នាក់ ក្រចេះ៤នាក់ រតនគិរី២នាក់ កោះកុង១នាក់ មណ្ឌលគិរី១នាក់ និងឧត្តរមានជ័យ១នាក់៕
Tag:
ក្រសួងអប់រំ
លទ្ធផលប្រឡង
សិស្ស
បាក់ឌុប
BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com