Nong-O ដែល​ការពារ​ខ្សែក្រវាត់​បានជា​លើក​ទី​២ ក្លាយជា​គូ​ជក់ចិត្ត​នៅ ONE
ONE Championship
កីឡាជាតិ
ជាតិ
Nong-O ដែល​ការពារ​ខ្សែក្រវាត់​បានជា​លើក​ទី​២ ក្លាយជា​គូ​ជក់ចិត្ត​នៅ ONE
10, Sep 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី

​ជើង​ខ្លាំង​គុន​ថៃ Nong-O Gaiyanghadao នៅតែ​អាច​ការពារ​ខ្សែក្រវាត់​របស់ខ្លួន ONE Bantamweight Muay Thai World Title ជា​លើក​ទី​២ ក្រោយ​ឈ្នះ​ពិន្ទុ Brice Delval នៅ​សង្វៀន ONE: IMMORTAL TRIUMPH នា​យប់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ ២០០១ ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​លើកដំបូង​។



១-Nong-O នៅតែ​ការពារ​ខ្សែក្រវាត់​បាន​ដដែល

​គ្រាន់តែ​ផ្ដើម​ទឹក​ដំបូង Nong-O ទាត់​ចេញ​យ៉ាងច្រើន​ជើង​ដើម្បី​គំរាម Delval ប៉ុន្តែ កីឡាករ​អាល់​ហ្សេ​រី អាច​ធាក់​ទប់​ធ្វើ​ឲ្យ​ម្ចាស់​ខ្សែក្រវាត់​ដួល​លើ​រេញ​។ ហើយ​ទឹក​ទី​២​រឹតតែ​ល្អមើល​ដោយ Nong-O ទាត់​ចូល​ចំ​ក្រោម​ក្លៀក​ជាច្រើន​ជើង​ដដែល ខណៈដែល Delval គិតតែ​ពី​សម្រុក​ប្រើ​កណ្ដាប់​និង​ឡើង​ជង្គង់​ហោះ​បាន​ម្ដង​។ ម្ចាស់​ខ្សែក្រវាត់​គ្រប់គ្រង​ស្ថានការណ៍​លើ កីឡាករ​មាន​រហស្សនាម The Truck ដោយ​ទាត់​ឡើង​វៀច​ជើង​លែង​ហ៊ាន​ចូល​ហើយ​ថែម​ម៉ាត់​ចំ​២​ដៃ​ចំ​គោលដៅ​ល្អ​ទៀត​។ Nong-O ដកថយ​បន្តិច​នៅ​ចុង​ទឹក​ទី​៤ បន្ទាប់ពី​ចំណេញ​ការ​ទាត់ ៤​ជើង​ចំៗ​គំ​ក្លៀក​។ ទឹក​ទី​៥ ក៏​មិន​ខុស​ទឹក​មុន​ដែរ កីឡាករ​វ័យ​២០​ឆ្នាំ​មកពី អាល់​ហ្សេ​រី ខំ​ដើរចូល តែ កីឡាករ​ថៃ​នៅតែ​ទប់​និង​ទាត់​ចូល​ជា​ញឹកញាប់​។ ទីបំផុត Nong-O នៅតែ​អាច​ការពារ​ខ្សែក្រវាត់​បាន​ដដែល​ក្រោយ​ឈ្នះ​ម្ចាស់​ខ្សែក្រវាត់ S1 Muay Thai World Champion ជនជាតិ​អាល់​ហ្សេ​រី​ដោយ​ពិន្ទុ ។ Nong-O ថ្លែងថា ៖«​គូប្រកួត​របស់ខ្ញុំ​ខ្ពស់ជាង​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​ហ្វឹកហាត់​ច្រើនជាង​មុន​។ សូម​អរគុណ​ដល់​គ្រូបង្វឹក អរគុណ​ដល់​គ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ឡើង​ការពារ​ខ្សែក្រវាត់​ឈ្នះ​ម្ដង​ហើយ​ម្ដងទៀត​។ ខ្ញុំ​ស្រលាញ់​វៀតណាម និង ស្រលាញ់​ប្រទេស​ថៃ​»​។



​វីដេអូ​៖ Nong-O និង  Delval
https://www.onefc.com/videos/nong-o-retains-his-world-title-in-one-immortal-triumph-main-event/


២-Panpayak Jitmuangnon យកឈ្នះ Masahide Kudo

​ចូល​ទឹក​ទី​១Panpayak ទាត់​ត្រូវ​ប្រដាប់​ការពារ​របស់ Kudo ប៉ុន្តែ​សម្រាក​បន្តិច​ក៏​បន្ត​ការប្រកួត​បាន​ធម្មតា​វិញ​។ Kudo មិន​ញញើត​ឡើយ​ដោយ​ដើរចូល​រហូត​ប៉ុន្តែ Panpayak ប្រើ​ដៃ​ឆ្វេង និង ទាត់​កាត់​បានល្អ​ដែរ​។ ទឹក​ទី​២ ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion ៥​សម័យកាល​និង​ជើង​ខ្លាំង​ជប៉ុន​សម្រុក​គ្នា​ល្អមើល តែ​កីឡាករ​ថៃ​ធាក់​អុកគូថ​រួមទាំង​ការ​ម៉ាត់​ឆ្វេង​ស្ដាំ​ចូល​គោលដៅ​ជាច្រើន​។ ទោះ​មុខ​ឡើង​ក្រហម​ប៉ាំង ប៉ុន្តែ Kudo នៅតែ​ដើរចូល​មិន​ប្រណី ដែល​ធ្វើ​ឲ្យ​ជើង​ខ្លាំង​ថៃ​កុន​ម្ដងៗ​ដែរ ប៉ុន្តែ Panpayak ចាំ​ត្រង​កណ្ដាប់ដៃ​និង​ទាត់​ចំៗ​ជាង​គូប្រកួត​។ ចុងក្រោយ កីឡាករ​រហស្សនាម «The Angel Warrior» របស់​ថៃ ឈ្នះ​កីឡាករ​ជប៉ុន​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ នេះ​ជា​ជ័យជម្នះ​លើក​ទី ២៤៥ ក្នុង​ប្រកួត ២៨៨ លើក​របស់​របស់ Panpayak​។

​វីដេអូ​៖ Panpayak និង Kudo
https://www.onefc.com/videos/panpayaks-muay-thai-arsenal-too-much-for-masahide-kudo/

៣-​កីឡាការិនី​មាន​ឈាន​ជ័រ​វៀតណាម Bi Nguyen ឈ្នះ​ពិន្ទុ​កីឡាការិនី​ឥណ្ឌា Puja Tomar

Bi Nguyen ធ្វើបាន​ល្អ​នៅ​ទឹក​ទី​១​ដោយ​វ៉ៃ​ចំ​គោលដៅ​លើ​កីឡាការិនី​ឥណ្ឌា Puja Tomar និង​បន្ត​ដើរចូល​ម៉ាត់ ខណៈដែល​កីឡាការិនី​ឥណ្ឌា​សុខចិត្ត​ចាំ​ត្រង​និង​ធាក់​ផ្ទប់​វិញ​។ ដ្បិត​ត្រូវ Puja ធាក់​ដួល​ពីរដង​នៅ​ដើម​ទឹក ប៉ុន្តែ Nguyen នៅតែ​ដើរចូល​បុក​នៅ​ទឹក​ទី​៣​រហូត​វ៉ៃ​មួយ​កែង​ធ្វើ​ឲ្យ​កីឡាការិនី​ឥណ្ឌា​បែក​ឈាម​ពេញមុខ​និង​ផ្អាក​ការប្រកួត​ដោយ​មើល​របួស​មួយសន្ទុះ​។ យ៉ាងណាក្ដី Bi Nguyen ដែលមាន​ឈាមជ័រ​វៀតណាម​តែ​ប្រកួត​តំណាង​ឲ្យ​អាមេរិក​នោះ បាន​យកឈ្នះ Puja Tomar ដោយ​ពិន្ទុ​ក្នុងប្រទេស​ទម្ងន់ Muay Thai Women’s Atomweight​។ Bi Nguyen ថ្លែងថា​៖«​សូម​អរគុណ​ដល់ ONE ដែល​នាំ​ការប្រកួត​អស្ចារ្យ​មក​វៀតណាម​។ ហើយ​សូម​អរគុណ​ក្រុមគ្រួសារ​នៅ​វៀតណាម​ដែល​បានទទួល​យ៉ាង​កក់ក្ដៅ​។ ខ្ញុំ​សប្បាយ​ណាស់​ចំពោះ​ជ័យជម្នះ​នេះ​»​។

​វីដេអូ​៖ Bi Nguyen និង Puja ៖
https://www.onefc.com/videos/bi-nguyen-thrills-with-victory-in-her-vietnamese-homeland/

៤- អ្នកលេង​គុន​ថៃ Kulabdam ឈ្នះ​ពិន្ទុ​កីឡាករ​បារាំង​ទាំង Bobo Sacko ទាំង​លំបាក​

​ដ្បិត Kulabdam បាន​ម៉ាត់​ចូល​ពីរ​ដៃ​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់ Bobo ដល់​៨​នៅ​ទឹក​ទី​២​ក្ដី ប៉ុន្តែ​ទឹក​ទី​៣ Bobo ដើរ​សម្រុក​វិញ​សឹង​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ដកឃ្លា​មិន​រួច​។ ទោះបី​កីឡាករ​ទាំងពីរ​វ៉ៃ​ចូលចិត្ត​ឱប​បន្តិច​ប៉ុន្តែ Kulabdam ចេញ​ដៃ​ច្បាស់ៗ​សង​វិញ​។ ទីបំផុត​អ្នកលេង​មួយ​ថៃ ឈ្នះ Bobo ដោយ​ពិន្ទុ​ទាំង​យ៉ាប់យ៉ឺន​។

​វីដេអូ​៖ Kulabdam និង Bobo
https://www.onefc.com/videos/kulabdam-gets-the-nod-in-three-round-thriller-with-bobo-sacko/

ONE: CENTURY ថ្ងៃទី ១៣ តុលា​ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។

© រក្សាសិទ្ធិដោយ thmeythmey.com