ជាតិ
យុទ្ធនាការ​ទប់ស្កាត់​ព​លកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ បន្ត​ចុះ​ដល់​៥០​ទីតាំង​ទៀត​ក្នុង​ខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ក្រចេះ
10, Sep 2019 , 9:24 am        
រូបភាព
ដោយ: ថ្មីៗ
(​កំពង់ចាម​)៖ យុទ្ធនាការ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ នៅតែ​បន្ត​អនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​បាន​ចុះ​ទៅដល់​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ ដើម្បី​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ និង​យុទ្ធនាការ​សហគមន៍​ផលិត​ឥដ្ឋ​គ្មាន​ពលកម្ម​កុមារ នៅ​ឆ្នាំ​២០២០​។​



​ការ​យុទ្ធនាការ​ក្នុង​ខេត្ត​ទាំងបី​នេះ គឺ​បាន​ចុះ​ទៅដល់​សិប្បកម្ម​ផលិត​ឥដ្ឋ​ចំនួន ៥០​ទីតាំង គិត​ចាប់ពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ មក​។​

​លោក វ៉េង ហៀ​ង ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ក្រុមការងារ​យុទ្ធនាការ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ នៅក្នុង​ខេត្ត​ទាំងបី​នេះ​។

​បើតាម លោក វ៉េង ហៀ​ង លោក​បាន​សង្កេតឃើញ​ពី​វឌ្ឍនភាព​លក្ខខណ្ឌ​ការងារ​ល្អ​គួរ​ឲ្យ​កត់សម្គាល់ នៅ​បណ្តា​សិប្បកម្ម​ដែល​ក្រុមការងារ​បាន​ទៅដល់​។ លោក វ៉េង ហៀ​ង បញ្ជាក់ថា ការយល់ដឹង​អំពី​ការទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ ក្នុងចំណោម​និយោជក កម្មករនិយោជិត ក្រុមគ្រួសារ និង​សហគមន៍​នៅក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦​។



​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​គ្រប់​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំងអស់ មិនមាន​ប្រើប្រាស់​ពលក​ម្ម​កុមារ​នោះទេ និង​និយោជក​ប្រមាណ ១០ ភាគរយ មាន​សញ្ញា​ហាម​ប្រើប្រាស់​កុមារ​អាយុ​ក្រោម ១៥​ឆ្នាំ​។ ម្យ៉ាងទៀត សិប្បកម្ម​ទាំងនោះ ក៏បាន​ប្រើប្រាស់​ឧស​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ ខណៈដែល​វ​ឌ្ឍ​ភាពល្អ​ក៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​ចំណុច​ទៀត​នោះ​គឺ ក្រុមការងារ​មិនបាន​រកឃើញថា​មាន​សិប្បកម្ម​ផលិត​ឥដ្ឋ​ណាមួយ ដែលមាន​ការ​កាត់​បំណុល ការដាក់បន្ទុក​សេរីភាព​កម្មករនិយោជិត ការងារ​ដោយ​បង្ខំ និង​ទាសភាព​បំណុល ឬ​អន្ទាក់​បំណុល​នោះទេ​។ ទោះជា​យ៉ាងនេះ​ក្តី ក្រុមការងារ​សង្កេតឃើញ​ថា ម៉ាស៊ីន​ផលិត​ដុំឥដ្ឋ នៅ​មិនទាន់មាន​លក្ខណៈ​ស្វ័យប្រវត្តិ​នៅឡើយ​។​

​នា​អំឡុងពេល​ចុះ​យុទ្ធនាការ​នេះ​ផងដែរ និយោជក និង​សហគមន៍​ផលិត​ឥដ្ឋ​ទាំងអស់ បាន​ប្តេជ្ញា​ជំរុញ​ឱ្យ​កុមារ​ទទួលបាន​ការអប់រំ បណ្តុះបណ្តាល​ជំនាញ និង​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ ក៏ដូចជា​ការប្រើប្រាស់​ព​លកម្ម​កុមារ​នៅក្នុង​សិប្បកម្ម​ផលិតផល​ឥដ្ឋ​។​

​លោក វ៉េង ហៀ​ង បានបញ្ជាក់​ទៀតថា យុទ្ធនាការ​នេះ នឹង​បន្តទៅ​ទូទាំង​រាជធានី​-​ខេត្ត ដែលមាន​សិប្បកម្ម​ផលិត​ឥដ្ឋ​ដោយ​មិន​លើកលែង និង​គ្មាន​ការយោគយល់​ឡើយ​៕




















© រក្សាសិទ្ធិដោយ thmeythmey.com