សុខភាព
អន្តរជាតិ
មាន​ប្រទេស​តិច​ណាស់​អនុវត្ត​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ថ្នាំជក់​
10, Sep 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ហ្សឺ​ណែវ ៖ របាយការណ៍​ថ្មី​របស់​អង្គការ WHO ក៏បាន​រកឃើញ​ពី​ដំណើរ​វិវត្តន៍​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់ និង​រកឃើញថា ការកាត់បន្ថយ​តម្រូវការ​ថ្នាំជក់​ជា​វិធានការ​កំពុងតែ​ត្រូវបាន​គេ​ប្រើប្រាស់ ប៉ុន្តែ​វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។​



 
​ការស្ទង់មតិ​មួយ​បាន​រកឃើញថា ប្រទេស​ចំនួន​៣៦​បាន​អនុវត្ត​វិធានការ​មួយ​ឬ​ច្រើន ដើម្បី​ជួយ​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​បោះបង់​ការជក់បារី​។ មានតែ​ប្រទេស​តួ​ក​គី​និង​ប្រេ​ស៊ី​ល​ទេ​ដែល​បាន​អនុវត្ត​វិធានការ​ទាំងអស់​ដែល​ណែនាំ​ដោយ​អង្គការ WHO​។ វិធានការ​នោះ​រួមមាន រូបភាព​នៅលើ​កញ្ចប់​បារី​ដែល​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការជក់បារី ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ពី​ថ្នាំជក់ និង​ការបង្កើន​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​។​
 
​ខណៈដែល​វិធានការ​នេះ​កំពុងមាន​ការវិវត្តន៍​ទៅមុខ វា​ក៏​ពិបាក​ខ្លាំង​ណាស់ដែរ​ក្នុងការ​បញ្ឈប់​ការប្រើ​ថ្នាំជក់​នៅ​ទូទាំង​ពិភពលោក ដែល​បានសម្លាប់​មនុស្ស​ជាង​៨​លាន​នាក់ ក្នុង​មួយឆ្នាំៗ ហើយ​ប្រមាណ​ជា​៨០%​គឺ​ស្ថិត​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​។​
 
​លោក Vinayak Prasad ប្រធាន​កម្មវិធី​នៃ​ក្រុមការងារ​គ្រប់គ្រង​ថ្នាំជក់​របស់​អង្គការ WHO បាន​បន្ទោស​ក្រុមហ៊ុន​ថ្នាំជក់​ពី​ភាព​ប៉ិនប្រសប់ និង​ការប្រឹងប្រែង​ស្វែងរក​វិធី​ថ្មីៗ​ដើម្បី​បង្អាក់​ការរីកចម្រើន​ការប្រយុទ្ធ​ប្រឆាំងនឹង​ថ្នាំជក់​។ លោក​និយាយថា ក្រុមហ៊ុន​ថ្នាំជក់​កំពុង​បង្កើន​ក្តីសង្ឃឹម​ថ្មី ក្នុងការ​បិទបាំង​មុខមាត់​អាក្រក់​របស់ខ្លួន និង​ដណ្តើមយក​ភាព​ពេញនិយម​មកវិញ​។​
 
​លោក​បាន​និយាយថា​៖
 
«​នេះ​ជា​មូលហេតុ​មួយ ដែល​ប្រទេស​ជាច្រើន​មានការ​លំបាក​ក្នុងការ​ធ្វើឱ្យ​ការងារ​នេះ​ដំណើរការ​ទៅមុខ ដោយសារតែ​ក្រុមហ៊ុន​ថ្នាំជក់​កំពុង​ច្នៃ​បង្កើត​ផលិតផល​ថ្មី និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មានការ​រឹតត្បិត​ផ្នែក​ច្បាប់​តិចតួច​។ នេះ​ជា​បញ្ហា​នៅ​គ្រប់​តំបន់​ទាំងអស់​ក្នុង​ពិភពលោក​»​។​
 
​លោក Prasad បាន​និយាយថា ក្រុមហ៊ុន​ថ្នាំជក់​បាន​ផលិត​ថ្នាំជក់​ក្នុង​ទម្រង់​ផ្សេងៗ​ជាច្រើន ដែល​ពួកគេ​បាន​អះអាងថា មាន​ភាពគ្រោះថ្នាក់​តិចជាង​ការជក់បារី​។ ទោះជា​យ៉ាងណាក្តី លោក​បាន​បន្ថែមថា ផលិតផល​ថ្នាំជក់​ថ្មីៗ ក៏មាន​គ្រោះថ្នាក់​ដូច​បារី​ដែរ គ្រាន់តែ​វា​មិនមាន​បញ្ចេញ​ផ្សែង​។ លោក​និយាយថា បារី​អេឡិចត្រូនិក​មិនមាន​ផ្ទុក​ថ្នាំជក់​នោះទេ ប៉ុន្តែ​វា​មាន​ជាតិ​នីកូទីន​។ លោក​និយាយថា មិនមាន​ភស្តុតាង​បញ្ជាក់ថា បារី​អេឡិចត្រូនិក​ជួយ​មនុស្ស​ឲ្យ​បោះបង់​ការជក់បារី​នោះទេ​។​
 
​លោក Prasad បាន​មានប្រសាសន៍ថា​៖
 
«​ជា​ឧទាហរណ៍ នៅក្នុង​សហរដ្ឋអាមេរិក​គឺថា សហរដ្ឋអាមេរិក​បើកទូលាយ​ឲ្យ​មានការ​ជក់បារី​អេឡិចត្រូនិក​ជិត​៧ ឬ​៨​ឆ្នាំ​ហើយ​។ ភ្លាមៗ​នោះ យើង​សង្កេតឃើញថា ការប្រើប្រាស់​ថ្នាំជក់​ក្នុង​ស្រទាប់​យុវជន​មានការ​កើនឡើង​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​។ យុវជន​ចាប់ផ្តើម​និយាយថា ការជក់​បែបនេះ​មាន​សុវត្ថិភាព​ជាង វា​ល្អ​ណាស់​។ អ៊ីចឹង យើង​នៅតែ​អាច​ជក់​បាន​។ នេះ​ក៏​ជា​ផ្លូវ​មួយ​សម្រាប់​មនុស្ស​វ័យក្មេង​ក្នុងការ​បន្តទៅ​ជក់បារី​ផងដែរ​»​។​
 
​អង្គការ WHO បាន​ព្រមាន​ថា ថ្នាំជក់​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព និង​សេដ្ឋកិច្ច​។ អង្គការ​នេះ​និយាយថា បារី​ជា​កត្តា​ហានិភ័យ​ខ្ពស់​លេខ​១ ដែល​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង សរសៃឈាម មហារីក និង​ជំងឺ​ផ្លូវដង្ហើម​។ អង្គការ​នេះ​និយាយថា ការជក់បារី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខាតបង់​ចំនួន​១,៤​ទ្រី​លាន​ដុល្លារ ឬ​ជិត​២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ទូទាំង​ពិភពលោក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​
 
​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com