អន្តរជាតិ
អ្នកស្លាប់ដោយសារព្យុះ Dorian នៅ Bahamas កើនដល់៤៥នាក់និងបាត់ខ្លួនច្រើនទៀត មហន្តរាយដោយសារព្យុះ Dorian នៅកោះ Grand Bahamas របស់ប្រជុំកោះ Bahamas ។ រូបភាព AFP
×
ដោយ៖ ងួនសុភាវត្តី
ចំនួនអ្នកស្លាប់ដោយសារព្យុះ Dorian នៅប្រជុំកោះ Bahamas បានកើនឡើងដល់៤៥នាក់ខណៈមនុស្សជាច្រើននាក់ទៀតបន្តបាត់ខ្លួន។ នេះបើតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរកោះមួយនេះ។
មួយសប្តាហ៍បន្ទាប់ពីព្យុះកំណាច Dorian បានបោកបក់និងបានបំផ្លាញគ្រប់យ៉ាងនៅលើកោះនេះ ប្រតិបត្តិការជួយសង្គ្រោះដ៏ធំមួយ បាននឹងកំពុងដឹកជញ្ជូនជំនួយ ទៅតំបន់នោះសំរាប់ជនរងគ្រោះដែលកំពុងស្វែងរកអាហារ ទឹក និងទីជម្រក។
កងកម្លាំងប៉ូលិស Bahamas បានប្រាប់អោយដឹងថា សាកសពចំនួន៣៧បានរកឃើញលើកោះ Abaco និង សាកសព៨ទៀតរកឃើញលើកោះ Grand Bahama។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅចុងសប្ដាហ៍មុន ប៉ូលិស Bahamas ក៏រំពឹងថា នឹងរកឃើញសាកសពជាច្រើនទៀត។ មនុស្សជាច្រើននាក់ទៀតបានបាត់ខ្លួន ហើយអាជ្ញាធរអំពាវនាវអោយមានការរាយការណ៍ពីការបាត់ខ្លួនដល់ប៉ូលីស ដើម្បីពួកគេងាយស្រួលក្នុងការស្វែងរក។
ជនដែលបានរួចជីវីតពីព្យុះ Dorianនេះនបានត្រូវមន្ត្រីជំនាញជម្លៀសចេញនៅកន្លែងមានសុវត្ថិភាពហើយ ខណៈមនុស្សជាច្រើនរយនាក់ទៀតបានបាត់ខ្លួន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
គួបញ្ជាក់ថាព្យុះ Dorian នេះបានបោកបក់យ៉ាងខ្លាំងមកលើប្រជុំកោះ Bahamasនៅថ្ងៃទី២ខែកញ្ញាកន្លងនៅ និងបានបំផ្លាញទ្រព្យសម្បត្តិជាច្រើននៅប្រជុំកោះទេសចរណ៍មួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com