ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានសុំការអភ័យទោសទៅកាន់ប្រទេសអាល់បានី ចំពោះការភាន់ច្រឡំចាក់បទភ្លេងជាតិខុស ក្នុងការប្រកួតជម្រុះ Euro 2020 រវាងម្ចាស់ផ្ទះបារាំងទល់នឹងអាល់បានី កាលពីថ្ងៃ៧ ខែកញ្ញា។ នេះបើតាមការបញ្ជាក់របស់លោក Edi Rama នាយករដ្ឋមន្ត្រីអាល់បានី ដែលហៅការណ៍នេះជា «ភាពល្ងីល្ងើរដែលគួរឲ្យស្អប់ខ្ពើម»។
ការប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបប្រចាំពូល H នាកីឡដ្ឋាន Stade de France ក្នុងក្រុងប៉ារីស បារាំងដែលដឹកនាំជំនួបនេះ បានច្រឡំយកភ្លេងជាតិប្រទេសអង់ដូរ៉ាមកចាក់ជំនួសឲ្យភ្លេងជាតិអាល់បានី ដែលធ្វើឲ្យកីឡាករ និងអ្នកគាំទ្រអាល់បានីមានការខកចិត្តយ៉ាងខ្លាំង។ ក្រោយភ្លេងជាតិក្រុមទាំងពីរបញ្ចាប់ គ្រូបង្វឹកអាល់បានីលោក Edoardo Reja បានបដិសេធមិនចាប់ផ្តើមការប្រកួតនេះទេ។
អ្វីដែលជារឿងគួរឲ្យអាម៉ាស់បំផុតសម្រាប់ម្ចាស់ផ្ទះបារាំងទៀតនោះ គឺនៅមុនបន្តការប្រកួតក្រោយមានការសម្របសម្រួលពីមន្ត្រី UEFA រយៈពេល៧នាទី ជុំវិញរឿងខុសភ្លេងជាតិ ពិធីករក្នុងការប្រកួតនេះបានបន្ថែមកំហុសដ៏ភ្ញាក់ផ្អើលថែមទៀត ដោយប្រកាសពីការសូមទោសទៅអាល់បានី ប៉ុន្តែនិយាយថាអាមេនីជំនួសទៅវិញ។