អន្តរជាតិ
ចិន រិះគន់ប្រមុខការទូតអាមេរិកដែលចង់យកករណីជនជាតិវីហ្គ័រទៅវេទិកា UN អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying
× មន្ត្រីរដ្ឋាភិបាលចិន បានរិះគន់យ៉ាងខ្លាំងលើការលើកឡើងរបស់ប្រមុខការទូតអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ដែលសន្យាថានឹងនាំយកករណីការឃុំឃាំងជនជាតិភាគតិចវីហ្គ័រទៅកាន់វេទិកាអង្គការសហប្រជាជាតិ។ ទីក្រុងប៉េកាំង និយាយថា សំដីរដ្ឋមន្ត្រីអាមេរិក ជាការខ្វះការទទួលខុសត្រូវ និងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។
កាលពីសប្ដាហ៍មុន ប្រមុខការទូតលោកម៉ៃ ប៉ុមប៉េអូ បានលើកឡើងពីករណីឃុំឃាំងជនជាតិវីហ្គ័រនៅតំបន់ស្វយ័តស៊ីនជាំង និងសន្យានាំយកករណីនេះទៅ មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីឲ្យពួកគេទទួលបាននូវសិទ្ធិសេរីភាពត្រឹមត្រូវ។ ការលើកឡើងនេះត្រូវបានមន្ត្រីរដ្ឋាភិបាលចិនរិះគន់យ៉ាងខ្លាំង ហើយថាវាមិនមែនជាលើកដំបូងទេ ដែលមន្ត្រីអាមេរិកការលើកឡើងដោយគ្មានទំនួលខុសត្រូវពីតំបន់ភាគខាងលិចមួយនេះ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៩ ខែកញ្ញា លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ចិនមិនពេញចិត្តពេលមន្ត្រីអាមេរិកមិនទទួលស្គាល់ការពិត ហើយបានបញ្ចេញមតិដោយគ្មានការទទួលខុសត្រូវអំពីគោលនយោបាយរបស់ចិនលើតំបន់ Xinjiang។ ជាពិសេសគឺ ចិនជំទាស់យ៉ាងដាច់អហង្កាលើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់អាមេរិកតែម្ដង។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបានលើកឡើងទៀតថា ចំណាត់ការរបស់រដ្ឋាភិបាលចិនទៅលើករណីនៅស៊ីនជាំង គឺមិនខុសគ្នាទេពីប្រទេសផ្សេងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយម និងភេវរកម្មឡើយ។
មកទល់ពេលនេះ អ្នកជំនាញ និងសកម្មជនរបស់អង្គការសហប្រជាជាតិបានអះអាងថា យ៉ាងហោចណាស់ជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចឯទៀតចំនួនមួយលាននាក់ ត្រូវបានអាជ្ញាធរចិនឃុំឃាំងនៅក្នុងជំរុំសម្ងាត់ ក្នុងតំបន់ដាច់ស្រយាលនៅស៊ីនជាំង។ រដ្ឋាភិបាលចិនទទួលស្គាល់ពីការឃុំខ្លួននេះ តែបានច្រានចោលការចោទប្រកាន់ពាក់ព័ន្ធការបំពានសិទ្ធិ ហើយថាវាគ្រាន់តែការសម្អាតគំនិតជ្រុលនិយម និងបណ្តុះបណ្តាលជំនាញការងារប៉ុណ្ណោះ។
សូមបញ្ជាក់ថា ដោយសារតែបញ្ហាការឃុំឃាំងជនជាតិភាគតិចមូស្លីមបែបនេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមន្ត្រីជាន់ខ្ពស់ចិន ដូចជាលោក Chen Quangue លេខាបក្សកុម្មុយនីស្តចិនខេត្តស៊ីនជាំង ប៉ុន្តែត្រូវបានទីក្រុងប៉េកាំងគំរាមថានឹងចំណាត់ការត្រលប់ទៅវិញ។ ទីក្រុងវ៉ាស៊ីនតោន បានរិះគន់ខ្លាំងឡើងៗទៅលើចំណាត់ការរបស់ចិនលើតំបន់ស៊ីនជាំង តែមិនឈានទៅដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើយ ខណៈពេលអាមេរិក និងចិនកំពុងខិតទៅរកច្រកចេញនៃសង្គ្រាមពាណិជ្ជកម្ម៕
Tag:
ចិន
អាមេរិក
អ៊ុយហ្គួរ
© រក្សាសិទ្ធិដោយ thmeythmey.com