ជាតិ
នយោបាយជាតិ
អាមេរិកស្នើតុលាការទម្លាក់បទចោទ និងផ្ដល់សិទ្ធិនយោបាយឱ្យលោក កឹម សុខា វិញ
× ភ្នំពេញ៖ អាមេរិក នៅតែស្នើឱ្យតុលាការកម្ពុជា ទម្លាក់បទចោទលើលោក កឹម សុខា ហើយផ្ដល់សិទ្ធិនយោបាយឡើងវិញ។ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានជាប់ឃុំនិងកំពុងរស់នៅក្នុងផ្ទះ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ អស់រយៈពេល២ឆ្នាំហើយ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី Morgan Ortagus បាននិយាយថា ការសម្រេចចោទលោក កឹម សុខា ពីបទសន្និដ្ឋិភាពជាមួយបរទេស (សមគំនិតជាមួយបរទេស) គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ តាមរយៈវីដេអូឃ្លីប១នាទី ដែលបង្ហោះនៅលើហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជានោះ អ្នកស្រី Morgan Ortagus បាននិយាយដូច្នេះថា៖«រដ្ឋាភិបាលកម្ពុជា មិនទាន់បានកាត់ទោស ឬបង្ហាញភស្តុតាងណាមួយដ៏គួរឱ្យទុកចិត្តនោះឡើយ ដើម្បីបញ្ជាក់ចំពោះការអះអាងរបស់ខ្លួន ដែលត្រូវបានប្រើ ដើម្បីរំលាយគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សសង្គ្រោះជាតិ និងដើម្បីដកតំណែងតំណាងជាប់ឆ្នោតត្រឹមត្រូវជាង៥០០០នាក់»។
អ្នកស្រី Morgan Ortagus ចាត់ទុកការធ្វើទុក្ខបុកម្នេញអតីតគណបក្សប្រឆាំងដ៏ធំនេះ គឺជាទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ដោយសារមើលឃើញពីបញ្ហានេះ ទើបអ្នកស្រី Morgan ស្នើឱ្យមានការទម្លាក់បទចោទលោក កឹម សុខា ដើម្បីអាចឱ្យមេបក្សប្រឆាំងរូបនេះ មានសិទ្ធិធ្វើនយោបាយវិញ។ «សហរដ្ឋអាមេរិកអំពាវនាវម្ដងទៀត ដល់រដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់រាល់ការចោទប្រកាន់ទាំងឡាយទៅលើលោក កឹម សុខា ហើយប្រគល់ឡើងវិញ នូវសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋជូនគាត់។ ជាពិសេសដោះលែងអ្នកទាំងឡាយណា ដែលត្រូវបានឃុំខ្លួន តាមអំពើចិត្ត។ យើងសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ប្រកាន់យកជំហានជាក់ស្ដែង ដើម្បីជំរុញការផ្សះផ្សារឡើងវិញ ដោយអនុញ្ញាតឱ្យប្រព័ន្ធផ្សពផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការភ័យខ្លាច ការគំរាមកំហែង និងការសងសឹក ដោយសារការអនុវត្តសិទ្ធិរបស់គេក្នុងការបញ្ចេញមតិ និងការជួបជុំនៅក្រោមច្បាប់»។
កន្លងមកអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងក្រុមអន្តរជាតិផ្សេងទៀត តែងតែទាមទារឱ្យតុលាការទម្លាក់បទចោទលើលោក កឹម សុខា ដោយពួកគេយល់ឃើញថា ការអនុវត្តនីតិវិធីរបស់តុលាការកំពុងរំលោភមនុស្ស និងការធ្វើទុក្ខបុកម្នេញអ្នកនយោបាយបក្សប្រឆាំង។ ប៉ុន្តែការលើកឡើងរបស់អន្តរជាតិនេះ ត្រូវបានរដ្ឋាភិបាល ច្រានចោល ហើយចាត់ទុកសម្តីពួកគេទាំងនោះ គ្រាន់តែជាបំណងចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះ។
ត្រង់ចំណុចនេះលោក ជិន ម៉ាលីន បាននិយាយថា គ្មានបុគ្គល ឬរដ្ឋបរទេសណាមួយ ដែលមានឥទ្ធិពលមកបង្គាប់បញ្ជាលើតុលាការកម្ពុជាបានឡើយ ដូច្នេះការទាមទារឲ្យតុលាការទម្លាក់បទចោទលើអ្នកណាម្នាក់នោះ វាគ្មានប្រសិទ្ធភាពទេ។ ក្នុងន័យនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា ការការពារបុគ្គលណាម្នាក់នោះ គឺអង្គទូត ឬរដ្ឋបរទេសអាចអនុលោមទៅបាន តាមរយៈការបង្ហាញតឹកតាងតវ៉ានៅក្នុងតុលាការឲ្យបានគ្រប់ជ្រុងជ្រោយ ជាជាងដាក់សម្ពាធលើកម្ពុជា។
គិតមកដល់ពេលនេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានជាប់ឃុំនិងកំពុងរស់នៅក្នុងផ្ទះ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ អស់រយៈពេល២ឆ្នាំហើយ ។ជុំវិញបញ្ហានេះក្រុមមេធាវីការពារក្តីលោក កឹម សុខា បានសំណើរទៅតុលាការជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យពន្លឿននីតិវិធី និងទម្លាក់បទចោទលើកូនក្តីខ្លួន ក្រោយពីតុលាការពន្យាពេលស៊ើបអង្កេតអស់ជាង១ឆ្នាំមកហើយ។ លោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា យល់ឃើញថា វាជាពេលវេលាសមល្មម និងគ្រប់គ្រាន់ហើយ ដែលតុលាការគួរតែឆាប់សម្រេចលើសំណុំរឿងមេដឹកនាំនៃអតីតបក្សប្រឆាំងនេះ។
តាមច្បាប់ ជនត្រូវចោទ នឹងត្រូវដោះលែងឬក៏បញ្ជូនទៅជំនុំជម្រះ ក្រោយពីប្រើពេលយ៉ាងយូរត្រឹម១៨ខែ ក្នុងការស៊ើបសួរ។ តែចំពោះលោក កឹម សុខា តុលាការ អាចប្រើពេលលើសពី១៨ខែ ដើម្បីដាក់លោកឲ្យរស់នៅក្នុងផ្ទះ និងស្ថិតនៅក្រោមការត្រួតពិនិត្យ។ តែយ៉ាងណាការដាក់ឱ្យលោក កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនេះ វាក៏ជាការរឹតដ្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្សផងដែរ។ នេះជាការលើកឡើងរបស់លោក អំ សំអាត ដែលស្នើឱ្យតុលាការពន្លឿននីតិវិធី ឬទម្លាក់បទចោទលើករណីលោក កឹម សុខា បើសិនជារកមិនឃើញភស្តុតាងពាក់ព័ន្ធនឹងបទចោទប្រកាន់ «សន្និដ្ឋិភាពជាមួយបរទេស (សមគំនិតជាមួយបរទេស)» ទេនោះ៕
Tag:
កឹម សុខា
អាមេរិក
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com