សឿ​យ វិសាល​៖ យើង​នឹង​ប្រើ​ឆន្ទៈ​លេង ដើម្បី​ដាក់​សម្ពាធ​លើ​បា​រ៉ែ​ន​
FIFA
កីឡាជាតិ
ជាតិ
សឿ​យ វិសាល​៖ យើង​នឹង​ប្រើ​ឆន្ទៈ​លេង ដើម្បី​ដាក់​សម្ពាធ​លើ​បា​រ៉ែ​ន​
10, Sep 2019 , 2:52 pm        
រូបភាព
កីឡាករ សឿយ វិសាល (ឆ្វេង)និងលោក Keisuke Honda ពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ, រូបភាពពី FFC
កីឡាករ សឿយ វិសាល (ឆ្វេង)និងលោក Keisuke Honda ពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ, រូបភាពពី FFC
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​បា​រ៉ែ​ន សម្រាប់​ជំនួប​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី​២​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។ វា​នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង​និង​ជក់ចិត្ត​ក្នុង​ក្រសែភ្នែក​អ្នកគាំទ្រ ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​អះអាង​ពី​ការត្រៀមខ្លួន និង​យុទ្ធសាស្ត្រ​រួចរាល់​សម្រាប់​ការប្រកួត​មួយ​នេះ​។ កីឡាករ សឿ​យ វិសាល ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​និយាយថា កម្ពុជា​នឹង​លេង​ដោយ​ឆន្ទៈ និង​ទំនុកចិត្ត​ក្នុងជំនួប ដែល​រំពឹង​មាន​អ្នកទស្សនា​រាប់ម៉ឺន​នាក់​មួយ​នេះ​។



​ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា​កីឡាករ សឿ​យ វិសាល បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា ក្នុងការ​តទល់​ជាមួយ​បា​រ៉ែ​ន ដែលមាន​កម្រិត និង​សមត្ថភាព​ខ្ពស់ជាង​កម្ពុជា​។ ដោយ​មិន​ខ្វល់​ពី​សមត្ថភាព​បា​រ៉ែ​ន វិសាល ប្តេជ្ញា​ថា រូបគេ​និង​មិត្ត​រួម​ក្រុម នឹង​ប្រើ​ឆន្ទៈ ប្រកបដោយ​ទំនុកចិត្ត ដើម្បី​តទល់​ជាមួយ​ក្រុម ដែល​សម្បូរ​ដោយ​ធនធាន​កីឡាករ​មាន​សមត្ថភាព​មួយ​នេះ​។

«​វា​ជាការ​ប្រកួត​មួយ​ដ៏​ល្អ និង​តានតឹង​សម្រាប់​ពួកយើង ព្រោះ​បា​រ៉ែ​ន​មាន​កម្រិត​ខ្ពស់ជាង​យើង ហើយ​កីឡាករ​គេ ក៏មាន​សមត្ថភាព និង​បច្ចេកទេស​ល្អ​ជាង​កីឡាករ​កម្ពុជា​ដែរ​។ ប៉ុន្តែ​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​នេះ ហើយ​យើង​នឹង​ប្រើ​ឆន្ទៈ​និង​ទំនុកចិត្ត លេង​ជាមួយ​ពួកគេ​»​។ កីឡាករ សឿ​យ វិសាល លើកឡើង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ជំនួប​វគ្គ​ជម្រុះ World Cup ជុំ​ទី​២​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​បា​រ៉ែ​ន ដែល​ធ្វើឡើង​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១០ កញ្ញា នា​ពហុ​កីឡដ្ឋាន​ជាតិ​។



​ជ័យជម្នះ​វា​ជា​រឿង​ចាំបាច់​មួយ​សម្រាប់​កម្ពុជា តែ​ការលេង​តាម​គោលការណ៍​និង​គោលបំណង ដែល​ថ្នាក់ដឹកនាំ​ក្រុម​ជម្រើសជាតិ​បានកំណត់ វា​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​។ សម្រាប់​ប្រធាន​ក្រុម សឿ​យ វិសាល ទោះបី​ប៉ា​រ៉ែ​ន មាន​កម្រិត​បច្ចេកទេស​ខ្ពស់ជាង​កម្ពុជា តែ​ពួកគេ​នឹង​ព្យាយាម​ដាក់​សម្ពាធ​លើ​បា​រ៉ែ​ន ដូច​អ្វីដែល​ពួកគេ​បានធ្វើ​ជាមួយ​ហុងកុង​។

​ខ្សែការពារ​ជម្រើសជាតិ​កម្ពុជា​រូបនេះ បាន​បន្ថែមថា​៖«​សម្រាប់​ការប្រកួត​ថ្ងៃនេះ ទោះបី​កីឡាករ​ពួកគេ​មាន​មាឌធំ​ជាង​យើង​និង​កម្រិត​ខ្ពស់ជាង​យើង​ក៏ដោយ ការលេង​និង​ទំនុក​លេង​យើង​ប្រើ​ដូច​ពេល​ជួប​ហុងកុង តែ​យើង​ចង់​ឲ្យ​ប្រព័ន្ធ​លេង​ប្រសើរ​ជាង​លេង​ជាមួយ​ហុងកុង​។ គោលការណ៍​ពួកយើង គឺ​ត្រូវដាក់​សម្ពាធ​លើ​គេ​មុន កុំ​ឲ្យ​គេ​ដាក់​សម្ពាធ​លើ​យើង​មុន​»​។​

​ទាំង​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​លោក Helio Sousa គ្រូបង្វឹក​បា​រ៉ែ​ន សុទ្ធតែ​ជឿជាក់​ការប្រកួត​ថ្ងៃនេះ គឺជា​ការប្រកួត​ដ៏​តានតឹង​សម្រាប់​ពួកគេ​។ ប៉ុន្តែ​គ្រូបង្វឹក​ទាំងពីរ​បាន​អះអាងថា ពួកគេ​ត្រៀមខ្លួន​រួចរាល់​១០០​ភាគរយ​សម្រាប់​ការប្រកួត ដែល​រំពឹង​មានការ​ទាក់ទាញ​ខ្លាំង​ក្នុង​ក្រសែភ្នែក​អ្នកគាំទ្រ​មួយ​នេះ​។​


លោក Keisuke Honda, សៀង ចន្ធា និង សុះ ស៊ូហាណា (រាប់ពីស្តាំ), រូបភាពពី FFC

«​យើង​ពិតជា​រីករាយ ដែល​បាន​លេង​ជាមួយ​ក្រុម​ខ្លាំង យើង​នឹង​ប្រឹងប្រែង​លេង​ឲ្យ​អស់ពី​សមត្ថភាព​។ យើង​នៅតែ​ចង់​ឲ្យ​ក្រុម​យើង​លេង​ដោយ​ភាពក្លាហាន ទោះ​លទ្ធផល​យ៉ាងណា ក៏​យើង​ចង់​ឲ្យ​ក្រុម​យើង​លេង​តាមរបៀប​ដែល​យើង​ចង់បាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmal ដែល​ចង់ឃើញ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​វត្តមាន​យ៉ាងច្រើន​កុះករ ដូច​ជំនួប​ជាមួយ​ហុងកុង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កីឡាករ​កម្ពុជា​។

​ជាមួយ​ការសរសើរ​កម្ពុជា​ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង លោក Helio Sousa បាន​បញ្ជាក់ថា បេសកកម្ម​របស់លោក​មក​កម្ពុជា គឺ​ការយក​៣​ពិន្ទុ​ត្រឡប់​ទៅវិញ​។ លោក​បាន​បន្ថែមថា​៖«​កម្ពុជា​ធ្វើបាន​ល្អ​សម្រាប់​ការប្រកួត​កន្លងមក ពិសេស​ការប្រកួត​លើ​ស្មៅ​សិប្បនិម្មិត​ជា​ផលចំណេញ​ខ្ពស់​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ព្រោះ​ពួកយើង​ភាគច្រើន​លេង​លើ​ស្មៅ​ធម្មជាតិ​។ យើង​មាន​កីឡាករ​មានគុណ​ភាព និង​សក្តានុពល​ច្រើន ដូច្នេះ​អ្វីដែល​យើង​ចង់បាន​ពី​កីឡាករ​យើង​ក៏​ខ្ពស់​ដែរ​»​។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​បា​រ៉ែ​ន សម្រាប់​ជំនួប​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី​២​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។ សម្រាប់​ជំនួប​បើកឆាក​ពូ​ល C ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ១-១ ដូចគ្នា ក្នុងនោះ​កម្ពុជា​ស្មើ​ជាមួយ​ហុងកុង ខណៈ​បា​រ៉ែ​ន​ស្មើ​អ៊ីរ៉ាក់​៕

Tag:
 សឿ​យ វិសាល​
  World Cup
  Felix Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com