ជាតិ
បាក់ឌុប
សិស្សនិទ្ទេសA ៤៤៣នាក់ គឺមកពីថ្នាក់វិទ្យាសាស្ត្រពិត ទាំងអស់
× ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំ២០១៩ នេះ ត្រូវបានប្រកាសហើយនៅទូទាំងរាជធានីខេត្ត។ លទ្ធផលប្រឡង ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា សិស្ស ៤៤៣នាក់បានទទួលនិទ្ទេសA ដែលបេក្ខជនទាំងនោះសុទ្ធតែសិស្សថ្នាក់វិទ្យាសាស្ត្រ។
បើមើលពីអត្រាប្រឡងជាប់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនដល់ ៧២,២៩ ភាគរយ ខណៈថ្នាក់វិទ្យាសាស្ត្រមានតែ ៦២,៧៩ ភាគរយ។ តែយ៉ាងណាការចាប់យកនិទ្ទេសល្អៗ គឺបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ធ្វើបានល្អជាង។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ សិស្សនិទ្ទេសA មានចំនួន ៤៤៣ នាក់ និទ្ទេសB ២៣៧៩នាក់ និទ្ទេសC ៤៤៨៦នាក់ និទ្ទេសD ៦២៣៩នាក់ និងនិទ្ទេសE មានចំនួន ១៤៤១០នាក់។ ដោយឡែកថ្នាក់សង្គម បេក្ខជននិទ្ទេសB មានចំនួន៥១នាក់ និទ្ទេសC ១៣៦១ នាក់ និទ្ទេសD ៧៨៦១ និងនិទ្ទេសE ៤១៨២២ នាក់។
ការប្រឡងបាក់ឌុបឆ្នាំនេះ គឺមានសិស្សចូលរួមប្រឡង ១១៥២០៨ នាក់ ហើយបេក្ខជនប្រឡងជាប់មានចំនួន ៧៩០៥២នាក់ ត្រូវជា ៦៨,៦២ភាគរយ (ឆ្នាំ២០១៨ ៦៧,០៧ភាគរយ)។ បេក្ខជនមានឈ្មោះក្នុងការប្រឡងឆ្នាំនេះមានចំនួនសរុប ១១៧ ០២៤នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៤៤៦៨៣ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២៣៤១នាក់។
© រក្សាសិទ្ធិដោយ thmeythmey.com