កីឡាអន្តរជាតិ
អន្តរជាតិ
Giggs សរសើរ James មិនដាច់ពីមាត់ ក្រោយស៊ុត១គ្រាប់ជួយវេលស៍ឈ្នះបេឡារុស
× លោក Ryan Giggs វីរបុរសក្រុម Manchester United និងជាគ្រូបង្វឹកក្រុមជម្រើសជាតិវេលស៍បានសាទរចំពោះទេពកោសល្យរបស់ខ្សែបម្រើស្លាបវ័យក្មេង Daniel James បន្ទាប់ពីរូបគេបង្ហាញភាពលេចធ្លោតាមរយៈការស៊ុតបាល់កោងបញ្ចូលទីជួយឲ្យវេលស៍យកឈ្នះបេឡារុស ១-០។
ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាឯកីឡដ្ឋាន Cardiff City នៅរាត្រីថ្ងៃទី៩ ខែកញ្ញា James កីឡាករចំណូលថ្មីរបស់បិសាចក្រហម ជាអ្នកសម្រេចទីមួយគ្រាប់ និងជាគ្រាប់បាល់ដ៏ល្អក្នុងជំនួបនោះ ដើម្បីជួយវេល៍យកឈ្នះបេឡារុស។
ខ្សែបម្រើវ័យ២១ឆ្នាំ ត្រូវបានអ្នកចាត់ការទូទៅលោក Ole Gunnar Solskjær ទិញចូលមកកាន់ Old Trafford ពីក្រុម Swansea City នៅដើមរដូវកាលនេះ ហើយអាចរកបាន៣គ្រាប់ ក្នុងបង្ហាញខ្លួន៤លើកសម្រាប់ Man Utd។
តាមពិតទៅ Giggs គ្រូបង្វឹកក្រុមជម្រើសជាតិវេល៍ បានអនុញ្ញាតឲ្យ James ឈប់សម្រាកដែរ ដ្បិតជាការប្រកួតមិត្តភាព ដើម្បីទុកជើងលេងជម្រុះ Euro 2020 ប៉ុន្តែរូបគេចចេសចង់លេង។
Giggs បាននិយាយក្នុងសន្និសីទសារព័ត៌មានអំពី James ក្រោយការប្រកួតថា៖«វាពិបាកដែរនៅពេលយើងចង់ឲ្យគាត់ (James) សម្រាក ប៉ុន្តែគាត់ចង់លេង។ នៅពេលអ្នកមានទម្រង់លេងដូចគាត់គឺកីឡាករគ្រាន់តែចង់លេង និងរកគ្រាប់បាល់ឲ្យបានប៉ុណ្ណោះ។ ប៉ុន្តែគាត់បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍។ រាល់ពេលដែលគាត់បានបាល់ មានអ្នកគាំទ្រជាច្រើនសម្លឹងទៅគាត់ ដោយរំពឹងថាគាត់អាចធ្វើអ្វីខុសពីកីឡាករដ៏ទៃនៅលើទីលាន។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ រួមទាំងពេលហ្វឹកហាត់។ គាត់ចង់លេងពិតជាចង់លេងខ្លាំងណាស់»។
ដោយឡែក James ក៏បានអះអាងខ្លួនឯងដែរថារូបគេស្រឡាញ់បាល់ទាត់ខ្លាំងណាស់ ហើយចង់លេងគ្រប់នាទី ខណៈដែលខ្លួនបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម និងជម្រើសជាតិនៅរដូវកាលនេះ។ James ប្រាប់ Sky Sports ដូច្នេះ។
James ត្រូវមានភារកិច្ចក្នុងវគ្គជម្រុះ Euro 2020 ចំនួនពីរប្រកួតទៀត ពោលគឺនៅរាត្រីថ្ងៃទី១០ ខែកញ្ញានេះក្នុងជំនួបវេល៍ទល់នឹងស្លូវ៉ាគី និងបីថ្ងៃបន្ទាប់ត្រូវស្វាគមន៍ក្រូអាស៊ី៕
Tag:
Euro 2020
Daniel James
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com