អន្តរជាតិ
សកម្មជន​សិទ្ធិមនុស្ស​ហុងកុង Joshua Wong ប្រ​​ដូច​ហុងកុងជា​ទីក្រុង «​បែរ​ឡាំង​» សម័យ​សង្គ្រាមត្រជាក់​
10, Sep 2019 , 4:49 pm        
រូបភាព
សកម្មជនប្រជាធិបតេយ្យ Joshua Wong (AFP)
សកម្មជនប្រជាធិបតេយ្យ Joshua Wong (AFP)
ដោយ:
​ដោយ​ប្រៀបធៀប​ការតស៊ូ​របស់​បាតុករ​នៅ​ហុងកុង​នឹង​តួនាទី​នៃ​រដ្ឋធានី បែរ​ឡាំង អំឡុង​សម័យ​សង្គ្រាមត្រជាក់ សកម្មជន​ប្រជាធិបតេយ្យ Joshua Wong បាន​និយាយថា បច្ចុប្បន្ន ទីក្រុង​កំណើត​លោក បានប្រែក្លាយ​កំពែង​ការពារ​រវាង​ពិភពលោក​សេរី និង​ប្រទេស​ចិន​ផ្តាច់ការ​។​



​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នៅ​សភា​អាល្លឺម៉ង់ ដើម្បី​សាទរ​សកម្មជន​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក​ក្នុង​ទីក្រុង​បែរ​ឡាំង ទឹកដី​អាល្លឺម៉ង់  យុវជន Joshua Wong បាន​សន្យាថា ការធ្វើ​បាតុកម្ម នឹងមិន​ប្រែជា​ស្ងប់ស្ងាត់ ក្រោយ​ការសម្រេចចិត្ត​ទម្លាក់ចោល​សំណើ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​ពី​សំណាក់​រដ្ឋាភិបាល​ហុងកុង​នោះឡើយ​។

​ឈរលើ​ដំបូល​អគារ​ស​ភា​អាល្លឺម៉ង់​ដែល​អាច​មើលឃើញ​ដុំថ្ម​សេសសល់​ខ្លះ​ពី​ជញ្ជាំង​បែរ​ឡាំង​ដែលជា​ច្រើន​ទសវត្សរ៍​បាន​ខណ្ឌ​ចែក​រវាង​អាល្លឺម៉ង់​ក​ម្មុយ​នី​ស្ត និង​អាល្លឺម៉ង់​សេរី សកម្មជន​ប្រជាធិបតេយ្យ​វ័យ ២១​ឆ្នាំ​រូបនេះ បញ្ជាក់​បែបនេះ​ថា​៖«​ប្រសិនបើ​យើង​ស្ថិត​ក្នុងសម័យ​សង្គ្រាមត្រជាក់​ថ្មី​មែន​នោះ ហុងកុង គឺជា​ក្រុង​បែរ​ឡាំង​ថ្មី​»​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters យុវជន​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ទីក្រុង​ហុងកុង​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖«​យើង​ទទូច​ឲ្យ​ពិភពលោក​សេរី​ឈរ​រួមគ្នា​ជាមួយ​យើង ក្នុងការ​ប្រឆាំងនឹងរ​បប​ផ្តាច់ការ​ចិន​»​។ ទន្ទឹមនេះ យុវជន Wong ចាត់ទុក​មេដឹកនាំ​ចិន ស៊ី ជិន​ភីង​ថា «​ពុំមែន​ជា​ប្រធានាធិបតី​ឡើយ តែ​ជា​អធិរាជ​[​ចិន​]»​។​

​កាលពី​សប្តាហ៍​មុន មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ បានធ្វើ​សម្បទាន​មួយ​ដើម្បី​ព្យាយាម​បញ្ចប់​ការធ្វើ​បាតុកម្ម ដែល​ក្នុងនោះ​មាន ការទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​បត្យាប័ន​ជា​ផ្លូវការ ។ ប៉ុន្តែ​ស្ថានការណ៍​នៅតែ​មិន​ធូរស្រាល​ដដែល ខណៈ​ក្រុមបាតុករ​នៅ​ហុងកុង ប្តេជ្ញា​បន្តធ្វើ​សកម្មភាព​តវ៉ា រហូតដល់​ការទាមទារ​ទាំងអស់រ​បស់​ខ្លួន​សម្រេច​ជោគជ័យ​៕

Tag:
 ​ចិន​
  ហុងកុង​
  Joshua Wong
© រក្សាសិទ្ធិដោយ thmeythmey.com