ជាតិ
បាក់ឌុប
សង្គមជាតិ
​ក្រសួង​មិន​បង្ហាញ​លំដាប់​ពិន្ទុ​បាក់​ឌុប​ឡើយ តែ​នឹងមាន​បញ្ជាក់​នៅលើ​វិញ្ញាបនបត្រ
10, Sep 2019 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ខុសពី​ឆ្នាំ​កន្លងទៅ​មួយចំនួន ត្រង់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា មិនបាន​បង្ហាញ​លទ្ធផល​លំដាប់​ពិន្ទុ នៅតាម​ការប្រកាស​លទ្ធ​ផល​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ និង​តាម​មណ្ឌល​ប្រឡង​ទូទាំង​រាជធានី​-​ខេត្ត​ឡើយ​។



​បើតាម​ការបញ្ជាក់​ពី​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លំដាប់​ពិន្ទុ​របស់​បេក្ខជន​នឹងមិន​ផ្សាយ​ជា​សាធារណៈ​ឡើយ តែ​ក្រសួង​នឹង​បង្ហាញ​នៅលើ​វិញ្ញាបនបត្រ​របស់​បេក្ខជន​ប្រឡង និង​បញ្ជូនទៅ​នាយកដ្ឋាន​ឧ​ត្ត​ម​សិក្សា​ដើម្បី​ត្រួតពិនិត្យ និង​ផ្តល់​អទិភាព​ជូន​បេក្ខជន​សម្រាប់​ទទួលបាន​អាហារូបករណ៍​។

​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា​៖«​ក្រសួង​មិន​បង្ហាញ​លំដាប់​ពិន្ទុ​ប្រឡង​របស់​បេក្ខជន ដើម្បី​ចូលរួម​ឆ្លង​តប​នឹង​មតិ​របស់​សាធារណជន​កន្លងមក​ដែល​ពួកគាត់​ឆ្ងល់​រវាង​និទ្ទេស និង​លំដាប់​ពិន្ទុ​។ ដូច្នេះ​ដើម្បី​បន្ថយ​ការ​ភ័​ន្ទ​ច្រឡំ រវាង​និទ្ទេស និង​លំដាប់​ពិន្ទុ ទើប​ក្រសួង​សម្រេចចិត្ត​មិន​បញ្ចេញ​លំដាប់​ពិន្ទុ​នៅពេលនេះ តែ​ក្រសួង​នឹងមាន​ភ្ជាប់​ជូន​បេក្ខជន​នៅលើ​វិញ្ញាបនបត្រ​របស់​បេក្ខជន​ប្រឡង​នៅពេល​ក្រោយ​»​។

​ក្រសួង​អប់រំ បានប្រកាសថា លទ្ធផល​បាក់​ឌុប​ឆ្នាំនេះ​មាន​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ និង​មាន​សិស្ស​ដែលជា​ប់​និទ្ទេស​A ចំនួន​៤៤៣​នាក់​៕


Tag:
 ក្រសួង​អប់រំ​
 ​លទ្ធផល​ប្រឡង​
 ​បាក់​ឌុប​
 ​ពិន្ទុ​
 BacII2019
 ​វិញ្ញាបនបត្
© រក្សាសិទ្ធិដោយ thmeythmey.com