ជាតិ
បាក់ឌុប
សិស្សស្រី​​ក្រីក្រ១០៨​នាក់ មកពី​អង្គការ​មួយ​នៅ​ភ្នំពេញ ជាប់​បាក់​ឌុប​ទាំងអស់​
11, Sep 2019 , 7:59 am        
រូបភាព
សិស្សស្រីក្រីក្រទាំង១០៨នាក់ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៩ ថតរូបជាមួយលោកគ្រូ-អ្នកគ្រូ និងបុគ្គលិក នៅក្នុងបរិវេណសាលាហេភីចាន់តារានារីព្រែកថ្មី ក្រោយពេលប្រកាសលទ្ធផលប្រឡងបាក់ឌុបរួច នាថ្ងៃទី៩កញ្ញា ។ រូបថត ដោយ លោក ធី សាវរិន៕
សិស្សស្រីក្រីក្រទាំង១០៨នាក់ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៩ ថតរូបជាមួយលោកគ្រូ-អ្នកគ្រូ និងបុគ្គលិក នៅក្នុងបរិវេណសាលាហេភីចាន់តារានារីព្រែកថ្មី ក្រោយពេលប្រកាសលទ្ធផលប្រឡងបាក់ឌុបរួច នាថ្ងៃទី៩កញ្ញា ។ រូបថត ដោយ លោក ធី សាវរិន៕
​ភ្នំពេញ​៖ សិស្សស្រី​ក្រីក្រ​១០៨​នាក់ មកពី​អង្គការ​ឈ្មោះ «​សាលារៀន​ហេ​ប​ភី​ច័ន្ទ​តារា​នារី​ព្រែក​ថ្មី​» (Happy Chandara School) ដែលមាន​ទីតាំង​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៩ ហើយ​បាន​ជាប់​ទាំងអស់គ្នា​។  ក្នុងនោះ​មាន​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៣២​នាក់ និង​សង្គម ៧៦​​នាក់​។ នេះ​បើតាម លោក ធី សា​វរិ​ន នាយក​សាលារៀន​ហេ​ប​ភី​ច័ន្ទ​តារា​។​



​បើតាម​លោកនាយក​សាលា​រូបនេះ ក្នុងចំណោម​សិស្សស្រី​ទាំង​១០៨ មាន​១​នាក់ ទទួលបាន​និទ្ទេស​A និទ្ទេស​B មាន​៨​នាក់ និទ្ទេស​C ២៧​នាក់ និទ្ទេស​D ៥១​នាក់ និង និទ្ទេស​E ២១​នាក់​។  លោក​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន ThmeyThmey នា​ព្រឹក​ថ្ងៃទី​១០​កញ្ញា ដូច្នេះ​ថា​៖«​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ គឺជា​ជំនា​ន់ទី​ពីរ​របស់​សាលារៀន​យើង​។  ហើយ​ការប្រឡង​បាក់​ឌុប​ឆ្នាំ​កន្លងទៅ (២០១៨) ក៏​សិស្ស​យើង​ប្រឡង​ជាប់​ទាំងអស់​ដូចគ្នា ក្នុង​ចំនួន​៧៤​នាក់​»​។


                                          រូបផ្តល់ដោយ លោក ធី សាវរិន

​សិស្ស​ដែលជា​ប់​បាក់​ឌុប​ទាំងនេះ នឹង​ទទួលបាន​ការសិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​នានា ដែល​ពួកគាត់​ពេញចិត្ត​ទៅតាម​ជំនាញ និង​មុខវិជ្ជា​នីមួយៗ ដោយ​ខាង​សាលារៀន​ហេ​ប​ភី​ច័ន្ទ​តារា នៅតែ​បន្ត​រ៉ាប់រង​លើ​ថ្លៃ​ចំណាយ​ទាំង​ថ្លៃ​សាលា ថ្លៃ​ស្នាក់នៅ និង​អាហារ​ជាដើម​។ លើសពីនេះ សាលា​ហេ​ប​ភី​ច័ន្ទ​តារា ក៏មាន​ក្រុមប្រឹក្សា​ផ្តល់យោបល់​ដល់​សិស្ស​ទាំងនោះ លើ​ជំនាញ និង​មុខវិជ្ជា​ណាមួយ ដែល​សិស្ស​ស្រឡាញ់ និង​ស័ក្ដិសម នឹង​សមត្ថភាព​ពួកគាត់​។ នេះ​ជាការ​លើកឡើង​របស់លោក លោក ធី សា​វរិ​ន ដដែល​។​

​លោក​បាន​បញ្ជាក់ថា សិស្ស​ទទួលបាន​ការសិក្សា​នៅ​សាលា​ហេ​ប​ភី​ច័ន្ទ​តារា​នារី​ព្រែក​ថ្មី​ក្នុង​រយៈពេល​១២​ឆ្នាំនេះ ក្រៅពី​សិក្សា​តាម​កម្ម​វិធិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សាលា​ក៏បាន​បង្រៀន​បន្ថែម​ចំណេះ និង​ទស្សន​នា​ន​ក្នុង​ពិភពលោក បង្រៀន​ភាសា​បារាំង​-​អង់គ្លេស កុំព្យូទ័រ និង​បច្ចេកទេស​ផ្សេងៗ​ទៀត​។ ក្នុង​មួយ​សប្តាហ៍​សាលាបង្រៀន​៥​ថ្ងៃ ពី​ច័ន្ទ​-​សុក្រ និង​រៀន​បំប៉នបន្ថែម​នៅ​ថ្ងៃ​សៅរ៍​សម្រាប់​សិស្ស​ដែល​រៀន​ខ្សោយ ឬ​រៀន​តាម​គេ​មិនទាន់​។​


                                              រូបផ្តល់ដោយ លោក ធី សាវរិន

​លោក អះអាងថា សិស្សស្រី​អាច​ទទួលបាន​ការសិក្សា​នៅ​សាលារៀន​ហេ​ប​ភី​ច័ន្ទ​តារា​នារី​ព្រែក​ថ្មី​នេះ គឺជា​សិស្ស​ដែល​មកពី​គ្រួសារ​ក្រីក្រ​។ លោក បន្ថែមថា សិស្ស​ប្រុស សាលា​មិន​ទទួល​ឡើយ​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ក្រៅពី​សិស្ស​ដែល​មកពី​គ្រួសារ​ក្រីក្រ គឺ​យើង​មិន​ទទួល​ទេ ព្រោះ​រាល់ថ្ងៃនេះ សិស្ស​ដែល​មកពី​គ្រួសារ​ក្រីក្រ​ក៏​សាលារៀន កំណត់​យក​ត្រឹមតែ​១០០​នាក់​ក្នុង​មួយឆ្នាំ​។ ហើយ​សិស្ស​ដែល​យើង​ជ្រើសរើស​យកមក​រៀន គឺមាន​វ័យ​ចូលរៀន​ថ្នាក់​ទី​១​តែម្តង​។ មានន័យថា យើង​រើស​គាត់​មក​រៀន​ចាប់​ថ្នាក់​ទី​១ រហូតដល់​ថ្នាក់​ទី​១២ យើង​មិន​ជ្រើសរើស​អ្នក​ចូលរៀន​ថ្នាក់​ទី​២ ទី​៣ ឬ​ទី​៤ នោះទេ​»​។​

​សាលារៀន​ហេ​ប​ភី​ច័ន្ទ​តារា​នារី​ព្រែក​ថ្មី​បាន​បង្កើតឡើង​ដោយ​សមាគម​មិន​រកប្រាក់​ចំណេញ​បារាំង «​ទូត​ទឹ​សអា​ឡេ​កូ​ល​»​។ សាលារៀន​នេះ មាន​សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អន្តេវាសិកដ្ឋាន​។ ទិសដៅ​នៃ​ការបង្កើត​សាលារៀន​នេះ​គឺ​ដើម្បី​ផ្តល់​ការអប់រំ​កម្រិត​ខ្ពស់​ដោយ​ឥតគិតថ្លៃ ជូន​ដល់​យុវតី​ក្រីក្រ​លំបាក ដើម្បី​អាចឱ្យ​ពួកគាត់​ទទួលបាន​ការងារ​ធ្វើ​នាពេល​អនាគត ហើយ​ដែល​ការងារ​ទាំងនោះ​នឹង​នាំមក​នូវ​សេរីភាព និង​សេចក្តីថ្លៃថ្នូរ​ជូន​ដល់​ពួកគាត់​។​

​បច្ចុប្បន្ននេះ សាលា​ហេ​ប​ភី​ច័ន្ទ​តារា​នារី​ព្រែក​ថ្មី ដែល​គោរព​តាម​កម្មវិធីសិក្សា​ជាតិ មាន​សិស្ស​ជាង​១២០០​នាក់​៕

Tag:
 បាក់​ឌុប​
  ប្រឡង​
  សិស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com