ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ម៉ម សូណង់ដូ ៖ សមាជិកពិគ្រោះយោបល់ ធ្វើកិច្ចការមួយមិនកើតផង! ចុះទម្រាំធ្វើនាយករដ្ឋមន្ត្រី រូបពីហ្វេសប៊ុកលោក ម៉ម សូណង់ដូ ដែលចូលរួមប្រជុំស្តីពីការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រចាំឆមាសទី២ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន
× ភ្នំពេញ៖ គណបក្សដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គ្មានលទ្ធភាពធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសជាតិនោះទេ។ នេះជាការលើកឡើងរបស់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ។
លោក ម៉ម សូណង់ដូ ដែលបម្រើការងារជាមួយគណបក្សនយោបាយដទៃទៀត នៅក្នុងស្ថាប័នក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានសង្កត់ធ្ងន់ថា គណបក្សដែលអះអាងខ្លួន អាចដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍល្អ នៅពេលក្លាយជានាយករដ្ឋមន្ត្រីនោះ គ្រាន់តែជាពាក្យប្រជាភិថុត ដើម្បីយកសន្លឹកឆ្នោតប៉ុណ្ណោះ។ មូលហេតុដែលលោក ម៉ម សូណង់ដូ ហ៊ាននិយាយបែបនេះ ដោយសារលោកមើលឃើញពីសមត្ថភាពមេដឹកនាំគណបក្សទាំងនោះ នៅក្នុងពេលបំពេញការងាររួមគ្នារយៈពេល១ឆ្នាំ នៃតួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ។
ជាបន្តសូមលោក-អ្នកនាង ស្ដាប់ការបកស្រាយរបស់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលឆ្លើយសំនួររបស់លោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ក្នុងកិច្ចសម្ភាសមួយដូចតទៅ៖
ប្រធានគណបក្សសំបុកឃ្មុំរូបនេះ បានកត់សម្គាល់ឃើញថា គណបក្សនយោបាយ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ មិនទាន់ធ្វើរបាយការណ៍បញ្ហាពលរដ្ឋ ដាក់ជូនរដ្ឋាភិបាលពិនិត្យបានល្អនៅឡើយទេ។ ដូច្នេះការធ្វើជានាយករដ្ឋមន្ត្រីវិញ លោក សូណង់ដូ ហ៊ាននិយាយថា ពួកគេក៏គ្មានសមត្ថភាពឡើយ ។ បើតាមលោក សូណង់ដូ ការធ្វើជានាយករដ្ឋមន្ត្រីទាល់តែមានបទពិសោធន៍ ប៉ុន្តែគណបក្សខ្លះ មិនទាន់ទាំងមានសមាជិកពោរពេញដោយសមត្ថភាពគ្រប់គ្រាន់ផង។
រូបពីហ្វេសប៊ុកលោក ម៉ម សូណង់ដូ ដែលចូលរួមប្រជុំស្តីពីការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រចាំឆមាសទី២ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅពេលសួរសង្កត់ធ្ងន់ថា គណបក្សទាំង១៥ ដែលចូលធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ គឺសុទ្ធតែគ្មានសមត្ថភាពធ្វើនាយករដ្ឋមន្ត្រីទេ? លោក ម៉ម សូណង់ដូ ឆ្លើយតបភ្លាមថា គឺគ្មានតែម្ដង! «អត់មាន(អ្នកមានសមត្ថភាព) ហ្មង! បើអ្នកណាថា មាន(សមត្ថភាព) សូមអញ្ជើញមកនិយាយជាមួយពូ។ សម្ភាសធ្វើវេទិកាសួរដេញដោលគ្នាមួយឱ្យប្រជាពលរដ្ឋស្ដាប់។ គ្រាន់តែសព្វថ្ងៃនេះ(មេដឹកនាំគណបក្សខ្លះ) សរសេរមិនទាន់ត្រង់ជ្រុងផង ។ ពូមិនបង្អាប់ទេ ព្រោះគេសុទ្ធតែមានមនសិកាជាតិ គេចង់ធ្វើជានាយករដ្ឋមន្ត្រី ចង់ធ្វើប្ដូរនេះ ប្ដូរនោះ គឺជារឿងរបស់គេ…។ ប៉ុន្តែខ្ញុំមើលឃើញថា ពួកគេអាចធ្វើអ្វីបាន ប៉ុន្តែគ្រប់គ្រងប្រទេសជាតិ វាទៅអត់រួច»។ នេះជាការបញ្ជាក់របស់ប្រធានសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលនិយាយត្រង់ៗថា លោកក៏គ្មានសមត្ថភាពអ្វីទៅដឹកនាំប្រទេសដែរ៕
Tag:
ម៉ម សូណង់ដូ
សំបុកឃ្មុំ
នយោបាយ
ឧត្តមក្រុមប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com