កីឡាជាតិ
ជាតិ
ឳ​ពុក ឈុត សេរី​វ៉ាន់​ថង ថា ការជាប់​បាក់​ឌុប​មាន​អារម្មណ៍​ក្តុកក្តួល​ខ្លាំង​ជាង​ឈ្នះ​ពាន​
10, Sep 2019 , 5:41 pm        
រូបភាព
លោក ឈុត សេរី (ស្តាំ)ថតជាមួយកូនប្រុស ឈុត សេរីវ៉ាន់ថង
លោក ឈុត សេរី (ស្តាំ)ថតជាមួយកូនប្រុស ឈុត សេរីវ៉ាន់ថង
ដោយ:
​លោក ឈុត សេរី ឳ​ពុក​បង្កើត​របស់​អ្នកលេង​គុន​ខ្មែរ ឈុត សេរី​វ៉ាន់​ថង បាន​និយាយថា លោក​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ​មែនទែន ក្រោយ​ដឹង​ដំណឹង​កូន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​។ វ៉ាន់​ថង ដែល​បាន​ដកខ្លួន​មិន​ចូល​ប្រឡង​កាលពី​ឆ្នាំមុន ទទួលបាន​និទ្ទេស E ក្នុង​ការប្រឡង​ស្វៃរិន​ថ្នាក់​វិ​ទ្សា​សាស្ត្រ​សង្គម​។ អ្នកលេង​គុន​ខ្មែរ​រូបនេះ អាច​នឹង​ចាប់យក​ជំនាញ​ច្បាប់​នៅ​សា​លក​វិទ្យាល័យ​បៀ​ល​ប្រាយ​ខេត្តបាត់ដំបង​។



«​ក្រោយ​ដឹងថា​កូន​(​ឈុត សេរី​វ៉ាន់​ថង​)​ជាប់​បាក់​ឌុប ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល​ខ្លាំង​មែនទែន ជាង​កូន​ឈ្នះ​ពាន​ក្នុងការ​ប្រកួត​ប្រដាល់​ទៅទៀត​»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍​រំភើប​របស់លោក ឈុត សេរី ឳ​ពុក​បង្កើត​របស់​កីឡាករ ឈុត សេរី​វ៉ាន់​ថង ដែល​តាមដាន​មើល​ការប្រកាស​លទ្ធផល​បាក់​ឌុប​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៅផ្ទះ​ក្នុង​ខេត្តបាត់ដំបង​។​

​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​រំភើប​ខ្លាំង​ជាមួយ​លទ្ធផល​បាក់​ឌុប​ជាង​ការលើក​ពាន ព្រោះ​លោក​យល់ថា ការជាប់​បាក់​ឌុប​អាចជួយ​ឲ្យ​កូន​ខ្លួន​មាន​អនាគត​ល្អ​ជាង​ការ​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​។ 

​គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​ពី​អារម្មណ៍​ក្នុងអំឡុងពេល​មើល​ការប្រកាស​លទ្ធផល​ថា លោក​អារម្មណ៍​ភ័យ​ផង អរ​ផង ព្រោះ​ខ្លាច​កូនប្រុស​ខ្លួន ដែល​បោះបង់​ការប្រឡង​កាលពី​ឆ្នាំមុន ធ្លាក់​បាក់​ឌុប​នៅ​ឆ្នាំនេះ​។ ប៉ុន្តែ​ក្រោយ​ដឹង​លទ្ធផល​ជាប់ លោក​រួមជាមួយ​សា​ម៉ី​ខ្លួន ឈុត សេរី​វ៉ាន់​ថង និង​គ្រួសារ​មាន​អារម្មណ៍​ក្តុកក្តួល​យ៉ាងខ្លាំង ជាមួយ​កាយវិការ​លោត​ផង និង​ស្រែក​ហ៊ោ​ផង​។

​ក្រោយ​ជាប់​បាក់​ឌុប ឈុត សេរី​វ៉ាន់​ថង អាច​នឹង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ខេត្តបាត់ដំបង​លើ​មុខជំនាញ​ច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឈុត សេរី ដែល​បាន​បន្ថែមថា សម្រាប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ដោយមាន​ការឧបត្ថម្ភ​ពី​លោក ស៊ី​ថូ ណា​ថា​ន់ ប្រធាន​ផ្នែក​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍ CNC CTN និង MyTV ពាក់កណ្តាល​លើ​ការចំណាយ​ថ្លៃ​សាលា​។​

​សម្រាប់​ការប្រឡង​បាក់​ឌុប​នេះ ឈុត សេរី​វ៉ាន់​ថង ទទួលបាន​និទ្ទេស E លើ​ការប្រឡង​ស្វៃរិន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ក្រោយ​រូបគេ​ទទួលបាន​និទ្ទេស D លើ​មុខវិជ្ជា​ភាសា​ខ្មែរ និង​បាន​និទ្ទេស E លើ​មុខវិជ្ជា​ភូមិវិទ្យា ប្រវត្តិវិទ្យា និង​សីលធម៌​ពលរដ្ឋ​៕ 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឈុត សេរី​វ៉ាន់​ថង​
  ឈុត សេរី
© រក្សាសិទ្ធិដោយ thmeythmey.com