ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គន្លឹះ​រៀបចំ​អាហារ​ដែល​អ្នកមាន​បញ្ហា​រលាក​ក្រពះ​ចាំបាច់​គួរ​ដឹង​
26, Dec 2022 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការទទួល​ទាន​អាហារ​ផ្ដេសផ្ដាស​នៅពេល​មាន​ជំងឺ​រលាក​ក្រពះ​អាច​បណ្ដាលឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ហើយ​អ្នកនឹង​ទទួលរង​ការឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ​ក្នុង​ពោះ​ជាក់​ជាមិនខាន​! ជំងឺ​រលាក​ក្រពះ គឺជា​ការ​រលាក​ដែល​កើត​ឡើងលើ​ស្រទាប់​នៃ​ក្រពះ​។ កត្តា​ច្រើនណាស់​ដែល​បណ្ដាលឱ្យ​កើតមាន​បញ្ហា​រលាក​ក្រពះ រួមទាំង​ការ​ស្ត្រេ​ស ជម្រើស​នៃ​អាហារ គ្រឿង​ស្រវឹង និង​សូម្បីតែ​ការទទួល​ទាន​ថ្នាំ​មួយចំនួន​។ ទោះជា​យ៉ាងណា​ជំងឺ​រលាក​ក្រពះ​អាច​ឆាប់​ជាសះស្បើយ​ដោយ​ចាប់ផ្ដើម​ចេញពី​ការផ្លាស់ប្ដូរ​របប​អាហារ​និង​ទម្លាប់​ខ្លះៗ​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​រលាក​ក្រពះ​បាន​ឆាប់រហ័ស ៖

១. បំបែក​អាហារ​ឱ្យ​តូចៗ​

​ដើម្បី​សម្រួល​ដល់​ក្រពះ​ក្នុងការ​កិន​រំលាយ​អាហារ​ផ្សេងៗ​នោះ ចូរ​ហាន់​អាហារ​របស់​អ្នក​ទៅជា​ចំណិត ឬ​បំបែក​តូចៗ រួច​ទំពា​យឺតៗ​ឱ្យ​ម៉ដ្ឋ​ល្អ​មុននឹង​លេប​ចូល​។ វិធី​នេះ​ជួយ​ឱ្យ​ក្រពះ​រំលាយ​អាហារ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ដោយ​គ្មាន​ការ​រលាក​។​

២. អាហារ​សម្បូរ​ប្រូតេអ៊ីន​

​អ្នក​ត្រូវ​ទទួលទាន​អាហារ​ប្រូតេអ៊ីន​ដើម្បី​ជួយ​ព្យាបាល​ការ​រលាក​ក្នុង​ក្រពះ​ដែល​បង្ក​ការឈឺចាប់​។ សាច់គោ​និង​សាច់ជ្រូក​គ្មាន​ខ្លាញ់ សាច់មាន់​គ្មាន​ស្បែក​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​ប្រូតេអ៊ីន​។ ដើម្បី​ឆាប់​ជាសះស្បើយ​ការកម្រិត ឬ​កំណត់​ការទទួល​ទាន​ជាតិ​ខ្លាញ់ គឺ​ចាំបាច់​ណាស់​។​

៣. ទទួលទាន​អាហារ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ខ្ពស់​

​របប​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នកជំងឺ​រលាក​ក្រពះ គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​។​ជាតិ​សរសៃ​ជួយ​ឱ្យ​ឆាប់​ឆ្អែត ដូច្នេះ​អ្នកនឹង​ទទួលទាន​តិច​។ លើសពីនេះទៅទៀត ជាតិ​សរសៃ​ក៏​អាចជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​ដែល​កាត់បន្ថយ​ការ​រលាក​ក្នុង​ក្រពះ​ផងដែរ​។ ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ គឺ​បន្លែ​ផ្លែឈើ​ស្រស់ រួមទាំង​គ្រាប់​ធញ្ញជាតិ​។​

៤. អាហារ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​

​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​ឱ្យ​អ្នក​ឆាប់​ជាសះស្បើយ​ពី​បញ្ហា​រលាក​ក្រពះ តាមរយៈ​ការកាត់បន្ថយ​ហានិភ័យ​ទាក់ទង​នឹង​បញ្ហា​រំលាយ​អាហារ​។​

៥. អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​

​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​ជួយ​កាត់បន្ថយ​ការ​រលាក​ស្រទាប់​ក្រពះ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ដើម្បី​ធូរស្រាល​ពី​អាកា​រៈ​នៃ​ជំងឺ ចូរ​បន្ថែម​ជ្រើសរើស​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​។​

៦. ផ្លែឈើ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ទាប​

​ពិតណាស់​ដែល​ផ្លែឈើ​ល្អ​សម្រាប់​អ្នកជំងឺ​ដំបៅ​រលាក​ក្រពះ ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន ជាតិ​រ៉ែ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​សរសៃ​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ផ្លែឈើ​ដែលមាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ឡើយ​ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​ការ​រលាក​កាន់តែ​អាក្រក់​ឡើង​។ ហើយ​ផ្លែឈើ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​មានដូចជា​ផ្លែ​គី​វី ចេក ទំពាំងបាយជូរ ប៉ោម សេ​រ៉ី បឺ​រី ផ្លែ​បឺ​រ ល្ហុង និង​ត្រសក់ស្រូវ​។​

៧. យ៉ា​អួរ​

​ប្រសិនបើ​អ្នក​ចង់​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ដែល​កើតឡើង​ក្នុង​ក្រពះ ចូរ​បន្ថែម​យ៉ា​អួរ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ យ៉ា​អួរ​មាន​ផ្ទុក​ជាតិ​ប្រូ​បាយ​អូ​ទិ​ក​ដែល​ជួយ​បង្កើន​ការផលិត​បាក់តេរី​ល្អៗ​ក្នុង​ក្រពះ​និង​ពោះវៀន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com