ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើការញ៉ាំ​ថ្លើម​សត្វ មានអត្ថ​ប្រយោជន៍បែបណាខ្លះ?
20, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​អាមេរិក ការ​ញ៉ាំ​ថ្លើម​សត្វ​មិនសូវមាន​ភាព​ពេញនិយម​ឡើយ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​យើង​វិញ ថ្លើម​សត្វ និង​សាច់​គ្រឿងក្នុង​គឺ​ពេញនិយម​ខ្លាំងណាស់​។ សម្រាប់​ប្រភេទ​ភាគច្រើន ថ្លើម​សត្វ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាហារ​ផ្តល់​សុខ​ភាពល្អ​បំផុត​។ ទោះបីជា​យ៉ាងណាក៏ដោយ មនុស្ស​ភាគច្រើន​តែង​គិតថា ថ្លើម​សត្វ​គឺជា​សរីរាង្គ​ដែល​ច្រោះ​ជាតិពុល ហើយក៏​មិនសូវមាន​កេរ្តិ៍ឈ្មោះ​ល្អ​ក្នុងការ​ទទួលទាន​ដែរ​។ ប៉ុន្តែ ថ្លើម​សត្វ​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ច្រើនណាស់​។



​ខាងក្រោម​នេះ​គឺជា​ហេតុផល​ល្អៗ​មួយចំនួន​ដែលថា ការ​ញ៉ាំ​ថ្លើម​សត្វ​ល្អ​ចំពោះ​សុខភាព​។​

​វីតាមីន A
​ត្រឹម​ថ្លើម​សត្វ ៨៥​ក្រាម អ្នកនឹង​ទទួលបាន​វីតាមីន A រហូតដល់ ៦៥៨២​ម៉ៃ​ក្រូ​ក្រាម​ទៅហើយ ដែល​វា​ច្រើនជាង​តម្រូវការ​ប្រចាំថ្ងៃ​រហូតដល់ ៧​ដង​ឯណោះ​។ បុរស​ត្រូវ​ពេញវ័យ​ត្រូវការ ៩០០​ម៉ៃ​ក្រូ​ក្រាម ស្ត្រី​ត្រូវការ ៧០០​ម៉ៃ​ក្រូ​ក្រាម និង​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ចាប់ពី ៧៥០ ទៅ​១៣០០​ម៉ៃ​ក្រូ​ក្រាម​អាស្រ័យ​ទៅតាម​អាយុ​។

​វីតាមីន A ជាត​ម្រុ​វ​ការ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ប្រកបដោយ​សុខភាព​ល្អ ការបន្ត​ពូជ និង​សុខភាព​ភ្នែក​។ ទោះបីជា​បេះដូង សួត និង​តម្រងនោម​ក៏​ត្រូវការ​វីតាមីន​នេះ​ដើម្បី​ធ្វើការ​ដែរ​។

​វីតាមីន B2
​ត្រឹម​សាច់​ថ្លើម​សត្វ ៨៥​ក្រាម អ្នកនឹង​ទទួលបាន​វីតាមីន B2 ២,៩​មី​លី​ក្រាម ដែល​វា​ច្រើនជាង​តម្រូវការ​ប្រចាំថ្ងៃ (​បុរស ១,៣​មី​លី​ក្រាម ស្ត្រី ១,១​មី​លី​ក្រាម ស្ត្រី​មាន​ផ្ទៃពោះ ១,៤​មី​លី​ក្រាម និង​ស្ត្រី​បំបៅ​ដោះ​កូន ១,៦​មី​លី​ក្រាម​) ទៅទៀត​។

​រាងកាយ​ត្រូវការ​វីតាមីន B2 ដើម្បី​មុខងារ​សរសៃប្រសាទ​ធ្វើការ​បានល្អ​។ វា​ក៏​ជួយ​ជំរុញ​ដល់​សុខភាព​ស្បែក និង​ការផលិត​គ្រាប់​ឈាមក្រហម​ដែរ​។ បើ​មិនមាន​វីតាមីន B2 គ្រប់គ្រាន់​ទេ អ្នកនឹង​អស់កម្លាំង ព្រមទាំង​ចេញ​ជា​អាកា​រៈ លូតលាស់​យឺត បញ្ហា​ក្រពះ​ពោះវៀន ហើម​បំពង់ក និង​ប្រេះ​បបូរមាត់​។

​វីតាមីន B9
​វីតាមីន B9 ឬ​ហៅ​ម្យ៉ាង​ទៀតថា អាស៊ីត​ហ្វូ​លិ​ក គឺជា​សារធាតុ​ដ៏​សំខាន់​ដើម្បី​មុខងារ​ខួរក្បាល​ធ្វើការ​បានល្អ​។ វា​ក៏​ជា​តម្រូវការ​សម្រាប់​សុខភាព​ផ្លូវចិត្ត​ដែរ​។ ត្រឹម​សាច់​ថ្លើម​សត្វ ៨៥​ក្រាម វា​ផ្តល់​វីតាមីន​មួយ​នេះ​បាន ២១៥​ម៉ៃ​ក្រូ​ក្រាម​។ បុរស និង​ស្ត្រី​វ័យ​កណ្តាល​ត្រូវការ​វីតាមីន​នេះ ៣០០​ម៉ៃ​ក្រូ​ក្រាម​ជា​រៀងរាល់ថ្ងៃ​។
​វា​គឺជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន ដែល​ត្រូវការ​រហូតដល់ ៥០០ ទៅ ៦០០​ម៉ៃ​ក្រូច​ក្រាម​ឯណោះ​។ អាស៊ីត​ហ្វូ​លិ​ក​សំខាន់​ណាស់​សម្រាប់​ការលូតលាស់ និង​ធំធាត់​ប្រកបដោយ​សុខភាព​ល្អ​។ ការ​ដែលមាន​ជីវជាតិ​នេះ​គ្រប់គ្រាន់​ក្នុងពេល​មាន​ផ្ទៃពោះ វា​នឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ខូច​បំពង់​សរសៃប្រសាទ និង​បញ្ហា​ពេល​សម្រាល​នានា​បាន​។

​វីតាមីន B12
​ថ្លើម​សត្វ​ក៏​សម្បូរ​វីតាមីន B12 ខ្ពស់​ដែរ ដែលជា​តម្រូវការ​សម្រាប់​ផលិត​គ្រាប់​ឈាមក្រហម ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​មាន​សុខ​ភាពល្អ និង​ការ​បំបែក​ប្រូតេអ៊ីន​។ ត្រឹម​ថ្លើម​សត្វ​ឆ្អិន ៨៥​ក្រាម មាន​វីតាមីន​មួយ​នេះ ៧០,៧​ម៉ៃ​ក្រូ​ក្រាម​ទៅហើយ ដែល​វា​ច្រើនជាង​តម្រូវការ​របស់​យើង​រហូតដល់ ៣០​ដង​ឯណោះ​។ មនុស្ស​ធម្មតា​ត្រូវការ ២,៤​ម៉ៃ​ក្រូ​ក្រាម ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ ២,៦​ម៉ៃ​ក្រូ​ក្រាម និង​ស្ត្រី​បំបៅ​ដោះ​កូន​ត្រូវការ ២,៨​ម៉ៃ​ក្រូ​ក្រាម​។

​ជាតិ​ដែក​
​ថ្លើម​សត្វ​អាច​ផ្តល់នូវ​ជាតិ​ដែក​ដែល​អ្នកត្រូវការ​បាន​។ ជាតិ​រ៉ែ​មួយ​នេះ​ជា​តម្រូវការ​ដ៏​ចាំបាច់​សម្រាប់​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​ដើម្បី​ដឹកនាំ​អុកស៊ីសែន​ក្នុង​រាងកាយ​។ បើសិនជា​គ្មាន​ជាតិ​ដែក​គ្រប់គ្រាន់​ទេ អ្នក​នឹងមាន​បញ្ហា​កង្វះ​គ្រាប់​ឈាម និង​ចេញ​ជា​អាកា​រៈ​អស់កម្លាំង វង្វេងវង្វាន់ និង​ខ្សោយ​ក្នុង​រាងកាយ​។ ត្រឹម​ថ្លើម​សត្វ​ឆ្អិត ៨៥​ក្រាម អាច​ផ្តល់នូវ​ជាតិ​ដែក ៥​មី​លី​ក្រាម​ទៅហើយ​។ រាងកាយ​មនុស្ស​ប្រុស​ត្រូវការ​ជាតិ​ដែក ៨​មី​លី​ក្រាម ស្ត្រី ១៨​មី​លី​ក្រាម និង​ស្ត្រី​មាន​ផ្ទៃពោះ ២៧​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com