ជាតិ
កម្ពុជា​ធ្វើ​យុទ្ធនាការ​បញ្ចប់​ពលក​ម្ម​កុមារ​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​
11, Sep 2019 , 7:59 pm        
រូបភាព
ក្មេង​ប្រុស​ម្នាក់​ជញ្ជូន​ឥដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្តាល ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ (រូបភាព​ផ្តល់​ដោយ៖ ស៊ូ ឆ្លូញ )
ក្មេង​ប្រុស​ម្នាក់​ជញ្ជូន​ឥដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្តាល ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ (រូបភាព​ផ្តល់​ដោយ៖ ស៊ូ ឆ្លូញ )
ដោយ: VOA
​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​បានធ្វើ​យុទ្ធនាការ​ដើម្បី​បញ្ចប់​ពលកម្ម​កុមារ​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅត្រឹម​ឆ្នាំ ២០២០ ខាងមុខនេះ​។ អ្នកតាមដាន​ស្ថានការណ៍​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នេះ​បាន​ស្វាគមន៍​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​វិធានការ​នេះ និង​នៅមាន​ចម្ងល់​ថា​តើ​រដ្ឋាភិបាល​កម្ពុជា​អាច​សម្រេចបាន​គោលបំណង​នេះដែរ​ឬក៏​យ៉ាងណា​នោះ​។ ស្របពេល​នោះដែរ ពួកគេ​បាន​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​បន្ថែមទៀត​។​



​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នេះ​បានធ្វើ​ឲ្យ​អន្តរជាតិ​ចាប់អារម្មណ៍​កាលពី​ឆ្នាំមុន នៅពេល​ដែលមាន​ការចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ ដែលមាន​ចំណងជើង​ថា​៖ «​ដុំឥដ្ឋ​លោហិត​៖ រឿង​ពិត​នៃ​ទាសភាព​សម័យ​ទំនើប និង​ការប្រែប្រួល​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា (Blood Bricks: Untold Stories of Modern Slavery and Climate Change from Cambodia)»​។​


ក្មេងប្រុសពីរនាក់កំពុង​លើ​ដុំ​ឥដ្ឋ​ដាក់​លើ​រទេះ​ឈើមួយ នៅ​សិប្បកម្មឡឥដ្ឋមួយកន្លែងនៅប្រទេស​កម្ពុជា។ (រូបថតដោយ Licadho)

​របាយការណ៍​នេះ​អះអាងថា ភាពក្រីក្រ ដែលជា​រឿយៗ​បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់ម៉ឺន​នាក់​ធ្លាក់ចូល​ទៅក្នុង​ទាសភាព​បំណុល​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ​។​

​អន្តរជាតិ​បាន​ចាប់អារម្មណ៍​ម្ដងទៀត​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​កាលពី​ខែមីនា​កន្លងទៅនេះ នៅពេលដែល​ក្មេងស្រី​អាយុ ៩ ឆ្នាំ​ម្នា​ក់បាន​ដាច់​ដៃ​របស់​នាង​នៅពេល​ធ្វើការ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​នេះ​។​

​រដ្ឋាភិបាល​បានបញ្ជាក់​កាលពី​ថ្ងៃទី ៣១ ខែសីហា​ថា លោក វ៉េង ហៀ​ង ប្រធាន​នាយកដ្ឋាន​ពលកម្ម​កុមារ​នៃ​ក្រសួង​ការងារ បានចាប់ផ្ដើម​យុទ្ធនាការ​នេះ​កាលពី​ថ្ងៃទី ២៦ ខែសីហា ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​។​

​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP បាន​រាយការណ៍​ថា​៖ «​យោងទៅតាម​ប្រធាន​នាយកដ្ឋាន [​ពលកម្ម​កុមារ​នៃ​ក្រសួង​ការងារ​] សិប្បកម្ម​ឡឥដ្ឋ​មួយណា​ដែល​ត្រូវបាន​រកឃើញថា​មានប្រើ​ពលកម្ម​កុមារ​នឹងត្រូវ​ផាកពិន័យ​ធ្ងន់ធ្ងរ​ដោយ​គ្មាន​ការលើកលែង​»​។​

​លោក Laurie Parsons អ្នកនិពន្ធ​ម្នាក់​នៃ​របាយការណ៍​ខាងលើនេះ បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​នេះ ដោយ​លោក​បាន​និយាយថា ពលកម្ម​កុមារ​នៅតែមាន​ច្រើន​នៅក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ ហើយ​លោក​បាន​ប៉ាន់ប្រមាណ​ថា កុមារ​ដែល​ធ្វើការ​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ​មាន​ចំនួន «​រាប់ពាន់នាក់​»​។​

​លោក Parsons បាន​និយាយថា រដ្ឋាភិបាល​បាន​បដិសេធ​បញ្ហា​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ និង​រហូតមក​ទល់នឹង​ចុងឆ្នាំ​មុន ទោះបី​ជាមាន​របាយការណ៍​ជាច្រើន​ដែល​បានចេញ​ផ្សាយ​អំពី​រឿងនេះ​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ក៏ដោយ​។ លោក​បាន​បន្ថែមថា ឥឡូវនេះ​រដ្ឋាភិបាល​បានចាប់ផ្ដើម​ទទួលស្គាល់​បញ្ហា​នេះ ដោយសារតែ​មានការ​រាយការណ៍​ជាច្រើន​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​។​

​លោក Parsons និយាយថា​៖ «​ទោះបីជា​បញ្ហា​នេះ​ត្រូវបាន​គេ​ដឹង​ឭ​ក៏ដោយ ក៏​វា​នៅ​មិនទាន់​ត្រូវបាន​គេ​ដឹង​ឭ​ជា​អន្តរជាតិ​នៅឡើយ​ទេ​»​។​

​លោក​បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​នេះ ប៉ុន្តែ​បានស្នើ​ឲ្យ​ផ្ដោតលើ​ពលកម្ម​កុមា​រថា​ជា «​វិធីសាស្ត្រ​ផ្អែកលើ​បញ្ហា​» មិនមែន​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​នេះ​ទេ​។ លោក​បាន​បញ្ជាក់ថា ភាពក្រីក្រ​បាន​ជំរុញ​ឲ្យ​មនុស្ស​ធ្លាក់ចូល​ទៅក្នុង​ទាសភាព​បំណុល​នៅឯ​សិប្បកម្ម​ឡឥដ្ឋ ស្ថានភាព​ការងារ​លំបាក និង​កិច្ចសន្យាការងារ​នៅ​សិប្បកម្ម​ឡឥដ្ឋ​ដែល​រារាំង​មិន​ឲ្យ​កម្មករ​អាចធ្វើ​ការ​នៅ​កន្លែង​ផ្សេង​បាន​។​

​លោក​និយាយ​ដូច្នេះ​ថា​៖ «​វា​គឺជា​ការផ្ដោត​ដែល​នឹងមិន​នាំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជាក់ច្បាស់​ណាមួយ​នោះទេ​។ ការផ្ដោត​នេះ​គឺជា​ការផ្ដោត​ផ្អែកលើ​បញ្ហា ដែល​យើង​យល់ឃើញថា​ជាការ​ផ្ដោត​សម​ហេតុផល​លើ​បញ្ហា​ពលកម្ម​កុមារ ដែលជា​ប្រធានបទ​ដ៏​រំញោច​មួយ​។ វា​ជា​ប្រធានបទ​ដែលមាន​ការចាប់អារម្មណ៍​ខ្លាំង​។ ប៉ុន្តែ​សម្រាប់​ពួកយើង ពលកម្ម​កុមារ​គឺជា​ផ្នែក​មួយ​នៃ​បញ្ហា​រចនាសម្ព័ន្ធ​ដ៏​ធំ​ជាង​នេះ​»​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​មូល​ហេតុដែល​ស្ថានការណ៍​នេះ​នៅតែ​បន្ត​រហូតមកដល់​សព្វ​ថ្ងៃនេះ គឺ​ដោយសារតែ​មនុស្ស​មានកា​រ​ខ្វះខាត ដែល​ធ្វើ​ឲ្យ​ពួកគេ​នៅតែ​បន្ត​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នេះ​»​។​

​ក្រសួង​ការងារ​នៅតែ​មិន​ច្បាស់​អំពី​ថា​តើ​គួរ​ចាត់វិធានការ​ជាក់លាក់​ណាមួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ពលកម្ម​កុមារ​។ បន្ទាប់ពី​ត្រូវបាន​គេ​សួរ​សំណួរ​ថា​តើ​រដ្ឋាភិបាល​នឹងធ្វើ​អ្វី នៅពេលដែល​ការស៊ើបអង្កេត​បញ្ចប់​រួចរាល់ អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​និយាយថា​៖ «​ខ្ញុំ​ចង់​ប្រាប់​អ្នកស្រី​ថា អ្នកត្រួតពិនិត្យ​របស់​យើង​ផ្នែក​ពលកម្ម​កំពុង​បំពេញបេសកកម្ម​ត្រួតពិនិត្យ​លើ​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​ការត្រួតពិនិត្យ​នេះ​នឹង​បញ្ចប់​នៅ​ចុងខែ​តុលា​ខាងមុខនេះ​។ យើង​នឹង​ចេញផ្សាយ​របាយការណ៍​នៅ​ខែវិច្ឆិកា​»​។​

​លោក ហេង សួរ មិនបាន​ឆ្លើយ​សំណួរ​អំពី​ចំណុច​លម្អិត​បន្ថែមទៀត​នៃ​យុទ្ធនាការ​នេះ និង​អំពី​ជំហាន​អ្វីដែល​រដ្ឋាភិបាល​នឹងធ្វើ​នោះទេ​។​


រូបភាព​ឯកសារ៖ លោក ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯ​ព្រលាន​យន្តហោះ​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​មួយ​ កាលពីថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០១៧។

​លោក Parsons បាន​និយាយថា ជោគជ័យ​នៃ​យុទ្ធនាការ​នេះ​គឺ​អាស្រ័យ​លើ​វិធានការ​ជាក់លាក់​ដែល​ត្រូវធ្វើ និង​លើ​ថា​តើ​ការអះអាង​របស់​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ដែលថា​ពួកគេ​មិន​ជួល​កុមារ​ឲ្យ​ធ្វើការ ប៉ុន្តែ​ពួកគេ​ទិញ​តែ​ឥដ្ឋ​នោះ អាច​ទទួលយកបាន​ឬក៏​យ៉ាងណា​នោះ​។ លោក Parsons បាន​បន្ថែមថា​៖ «[​ដើម្បី​ទទួលបាន​ជោគជ័យ​] គឺ​ត្រូវមាន​ការសើរើ​ទាំងស្រុង​នៃ​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នេះ​»​។​

​លោក ស៊ូ ឆ្លូញ អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា បាន​ឯកភាព​ចំពោះ​ចំណុច​នេះ​។​

​លោក ស៊ូ ឆ្លូញ បាន​និយាយថា សិប្បកម្ម​ឡឥដ្ឋ​អាចមាន​ការងាយស្រួល​នៅក្នុង​ការជៀសវាង​ការផាកពិន័យ ប្រសិនបើ​ការត្រួតពិនិត្យ​ត្រូវបាន​ធ្វើឡើង​តែម្ដង​គត់​។ លោក​បាន​បញ្ជាក់ថា ជា​ឧទាហរណ៍ សិប្បកម្ម​ឡឥដ្ឋ​ទាំងនោះ​អាច​មិន​ឲ្យ​កុមារ​មក​ធ្វើការ​រយៈពេល​មួយ​សប្ដាហ៍ ហើយ​ឲ្យ​កុមារ​មក​ធ្វើការ​វិញ បន្ទាប់ពី​ការត្រួតពិនិត្យ​នេះ​បានបញ្ចប់​រួចរាល់​។​

​លោក​បាន​បន្ថែមថា ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ​ឡើង កុមារ​មិន​ត្រូវបាន​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ទាំងនោះ​ជួល​ឲ្យ​ធ្វើការ​ដោយផ្ទាល់​នោះទេ ប៉ុន្តែ​កុមារ​ទាំងនោះ​ជួយ​ឪពុកម្ដាយ​របស់​ពួកគេ​ដោយ​ស្ម័គ្រចិត្ត ឬក៏​ដោយ​មិន​ស្ម័គ្រចិត្ត ជាជាង​ទៅ​រៀន ដើម្បី​ជួយ​ដោះបំណុល​របស់​ឪពុកម្ដាយ​ពួកគេ​។​

​លោក ស៊ូ ឆ្លូញ បាន​បន្តទៀតថា ពេលខ្លះ ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ប្រាប់​ឪពុកម្ដាយ​របស់​ពួកគេ​ឲ្យ​យក​ពួកគេ​មក​ធ្វើការ​ដើម្បី​ដោះបំណុល ប៉ុន្តែ​ករណីនេះ​មិនសូវមាន​នោះទេ​។​

​លោក ហេង សួរ បាន​ប្រាប់ VOA ថា រដ្ឋាភិបាល​នឹង «​មិន​អត់ឱន​ឲ្យ​ជាដាច់ខាត​» ចំពោះ​បញ្ហា​នេះ​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​៖ «​បេសកកម្ម​ចម្បង​បំផុត​គឺ​ការមិន​អត់ឱន​ឲ្យ​ជាដាច់ខាត​ចំពោះ​ពលកម្ម​កុមារ និង​អន្ទាក់​បំណុល​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ​។ ដូច្នេះ អ្នកត្រួតពិនិត្យ​ពលកម្ម​នឹងធ្វើ​ការត្រួតពិនិត្យ​លើ​រឿងនេះ នឹងធ្វើ​ការអប់រំ និង​ពន្យល់​ណែនាំ​កម្មករ​ដែល​ធ្វើការ​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ​នេះ​»​។​

​លោក ស៊ូ ឆ្លូញ បាន​និយាយថា ការបណ្ដុះបណ្ដាល​អ្នកត្រួតពិនិត្យ​ទាំងនោះ​គឺ​សំខាន់​សម្រាប់​ជោគជ័យ​នៃ​យុទ្ធនាការ​នេះ ហើយ​លោក​មាន​ចម្ងល់​ថា​តើ​ពលកម្ម​កុមារ​អាច​លុបបំបាត់បាន​នៅត្រឹម​កាលបរិច្ឆេទ​កំណត់​របស់​រដ្ឋាភិបាល ឬក៏​យ៉ាងណា​នោះ​។​

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​កាលបរិច្ឆេទ​កំណត់​នោះ​ជិត​ចូលមក​ដល់​ហើយ​។ យើង​គួរតែ​បណ្ដុះបណ្ដាល​អ្នកត្រួតពិនិត្យ​បន្ថែមទៀត [​ជាមុនសិន​]»​។​

​ដោយ​លើកឡើង​ពី​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​ធុន​តូច​នេះ លោក Parsons បាន​ប៉ាន់ប្រមាណ​ថា មនុស្ស​ប្រហែល ១ ម៉ឺន​នាក់​កំពុងធ្វើការ​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ​ប្រហែល ៤៥០ នៅ​ទូទាំងប្រទេស ដែល​អ្នកស្រាវជ្រាវ​បាន​និយាយថា ការដោះស្រាយ​បញ្ហា​គួរតែ​ត្រូវបាន​ធ្វើឡើង​ឲ្យ​បាន​ឆាប់​។​

​ប៉ុន្តែ លោក Parsons បាន​បញ្ជាក់ថា​៖ «​ជាការ​ពិត បើតាម​ការអនុវត្ត រឿងនេះ​នឹងមិន​សម្រេចបាន​នៅត្រឹម​ឆ្នាំ ២០២០ នោះទេ ដោយសារតែ​មិនមាន​ធនធាន​គ្រប់គ្រាន់ និង​មិនមាន​ផ្នត់គំនិត​ជារួម​ចំពោះ​ការធ្វើ​រឿងនេះ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com