ជាតិ
ជាង​៤,៥​ម៉ឺន​គ្រួសារ ជួប​គ្រោះទឹកជំនន់ នៅ​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង ត្បូងឃ្មុំ​
11, Sep 2019 , 10:37 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ មាន​ពលរដ្ឋ​ជាង​៤​ម៉ឺន​៥​ពាន់​គ្រួសារ និង​ដំណាំ​ជាង​១​ម៉ឺន​៤​ពាន់​ហិកតា បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ពី​ការកើនឡើង​នៃ​កម្ពស់​ទឹកទន្លេ​។



​ពលរដ្ឋ​ទាំងនោះ គឺមាន​ជាង​៦​ពាន់​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ទន្ទឹមនេះ មាន​សត្វ​គោ ក្របី ជ្រូក និង​ពពែ ជាង​២​ម៉ឺន​ក្បាល ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ចំណែក  ដំណាំ​ជាង​១​ម៉ឺន​៤​ពាន់​ហិកតា​ដែល​រង​ការ​ជន់​លិច មាន​ស្រូវ​ជាង​១​ម៉ឺន​៣​ពាន់​ហិកតា និង​ដំណាំ​ចម្ការ​ផ្សេងៗ​ជាង​៨០០​ហិកតា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។


រូបភាពពីរដ្ឋបាលខេត្តស្ទឹងត្រែង

​លោក កែវ វី បាន​បញ្ជាក់ថា​៖«​ពលរដ្ឋ​៥​នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​ទឹកជំនន់​នេះ គឺ​នៅ​ខេត្តក្រចេះ ៣​នាក់ ត្បូងឃ្មុំ​ម្នាក់ និង​ព្រ​វិហារ​ម្នាក់​»​។ លោក បាន​បន្តថា ៣​នាក់​ដែល​ស្លាប់​នៅ​ក្រចេះ គឺមាន​លោកតា​វ័យ​៦៣​ម្នាក់ ស្លាប់​ដោយសារ​រើ​ខ្សែភ្លើង​ពេល​ទឹក​ឡើង​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់ និង​ក្មេងស្រី​អាយុ​១១​ឆ្នាំ និង​អាយុ​១​ឆ្នាំ​៦​ខែ​ម្នាក់ ស្លាប់​ដោយសារ​លង់ទឹក​។ រីឯ​ក្មេង​ប្រុង​ពីរ​នាក់​ទៀត គឺ​នៅ​ខេត្តព្រះវិហារ​អាយុ​៣​ឆ្នាំ និង​នៅ​ខេត្ត​ត្បូងឃ្មុំ​អាយុ​៥​ឆ្នាំ ស្លាប់​ដោយសារ​លង់ទឹក​។

​លោក កែវ វី បន្តថា ចំពោះ​វត្ត​អារាម​និង​មន្ទីរពេទ្យ មាន​ជាង​១០០​កន្លែង ត្រូវ​ជន់​លិច​ដោយ​ទឹកជំនន់​។ ចំណែកឯ​ការបាក់​ច្រាំងទន្លេ​នៅ​ខេត្តក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ មាន​ប្រវែង​ជាង​១​ម៉ឺន​ម៉ែត្រ​។

​អំឡុងពេល​នៃ​ការរង​គ្រោះ​ដោយ​ទឹកជំនន់​នេះ មាន​ផ្លូវ​៤៦​ខ្សែ​បាន​រង​ការ​ខូ​ត​ខាត​។ នេះ​បើតាម​ការអះអាង​របស់​លោក ស៊ុន ចាន់ថុល រដ្ឋ​ម​ន្រី្ត​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន ពេល​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​៣​កាល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៩៕


Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com