អត្ថបទពាណិជ្ជកម្ម
កម្មវិធី SmartEdu នឹងផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើម ២០រូប ក្នុងឆ្នាំ២០១៩
× ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ៖ ជាថ្មីម្ដងទៀត អាហារូបករណ៍ចំនួន ២០កន្លែង នឹងផ្ដល់ជូនសិស្សឆ្នើម ដែលទើបប្រលងជាប់បាក់ឌុបឆ្នាំ២០១៩ តាមរយៈកម្មវិធីអាហារូបករណ៍ SmartEdu របស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខគេនៅកម្ពុជា។ អាហារូបករណ៍ SmartEdu មានតម្លៃសរុប រហូតដល់ទៅ ១៥,០០០ ដុល្លារសហរដ្ឋអាមេរិក ដែលរាប់បញ្ចូលទាំងថ្លៃបង់សាលា និងការចំណាយលើការរស់នៅក្នុងពេលសិក្សានៅមហាវិទ្យាល័យរបស់ពួកគេ។
កម្មវិធីអាហារូបករណ៍ SmartEdu នេះ ត្រូវបានផ្ដួចផ្ដើមឡើងដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សិស្សឲ្យបន្តការសិក្សាជាន់ខ្ពស់ ជាពិសេស អ្នកដែលបានខិតខំប្រឹងប្រែងសិក្សា និងធ្វើបានយ៉ាងល្អប៉ុន្តែមិនមានជោគវាសនា ឬក៏មានអារម្មណ៍ថាចង់បោះបង់ការសិក្សា ដោយសារឧបសគ្គផ្នែកហិរញ្ញវត្ថុ។ ក្រុមហ៊ុន Smart មានមោទកភាព នឹងចូលរួមជាផ្នែកមួយ នៃការចាប់ផ្តើមជំពូកថ្មី សម្រាប់ដំណើរជីវិតរបស់និស្សិតទាំង២០ នាក់នេះ។
សិស្សវិទ្យាល័យដែលទើបបញ្ចប់ការសិក្សាឆ្នាំ ២០១៩នេះ អាចដាក់ពាក្យអាហារូបករណ៍នេះ ដើម្បីសិក្សាតាមសាកលវិទ្យាល័យល្បីៗ នៅប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិ NIPTICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កម្មវិធីអាហារូបករណ៍ SmartEdu បានផ្ដល់អាហារូបករណ៍ដល់សិស្សចំនួន ៥០នាក់ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ និស្សិត ហុង ម៉ារ៉ាឌី ដែលជាជ័យលាភីអាហារូបករណ៍ ឆ្នាំ២០១៧ នៃកម្មវិធីអាហារូបករណ៍ SmartEdu បាននិយាយថា៖«បើមិនមានកម្មវិធីអាហារូបករណ៍ SmartEdu ខ្ញុំមិនអាចស្រមៃ ថាតើជីវិតរបស់ខ្ញុំ នឹងជួបការលំបាកយ៉ាងណាទេ។ អាហារូបករណ៍នេះ មិនត្រឹមតែផ្តល់ឲ្យខ្ញុំនូវការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងលើកទឹកចិត្តឲ្យខ្ញុំ ចេះកែលម្អខ្លួនឯង ឲ្យក្លាយជាមនុស្សម្នាក់ដ៏ល្អប្រសើរ និងមានសមត្ថភាពនៅក្នុងសង្គម»។
ដើម្បីដាក់ពាក្យអាហារូបករណ៍ សិស្សត្រូវតែទទួលបាននិទេ្ទសរួម A ឬ B ពីការប្រលងបាក់ឌុបខែសីហា ឆ្នាំ2019។ ការដាក់ពាក្យអាចធ្វើបាន តាមយៈគេហទំព័រ smartedu.com.kh ឬទទួលយកពាក្យសរសេរដៃនៅតាមសាខា Smart Shop ទូទាំងប្រទេស ឲ្យបានមុនថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com