កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ថៃ សិង្ហ​បុរី និង​ហ្វីលីពីន សុទ្ធតែ​ឈ្នះ​
11, Sep 2019 , 2:26 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ សិង្ហ​បុរី និង​ហ្វីលីពីន ជា​ក្រុម​ពី​តំបន់​អាស៊ាន​ដែល​អាច​រកបាន​ជ័យជម្នះ​ជា​លើកដំបូង​របស់​ពួកគេ​រៀងៗ​ខ្លួន​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup 2022 ជុំ​ទី​ពីរ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។​



​បន្ទាប់ពី​បាន​ត្រឹម​ស្មើ​ជាមួយ​វៀតណាម​កាលពី​ប្រកួត​បើកឆាក​ពូ​ល G រូ​ចមក ក្រុម​ជម្រើសជាតិ​ថៃ​បាន​រកឃើញ​ជ័យ​របស់​ពួកគេ​ហើយ​នៅ​ជំនួប​ទី​២ ដោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​ដល់​ទៅ ៣-០ ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Gelora Bung Karno ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ចំនួន ១១៦០០​នាក់​។

៣​គ្រាប់​របស់​ថៃ ធ្វើបាន​នៅ​វគ្គ​ទី​ពីរ​ទាំងអស់ ក្រោយ​បញ្ចប់ទៅ​សូន្យ​ស្មើ​នៅ​វគ្គ​ទី​១​។ ខ្សែបម្រើ Supachok Sarachart អាច​ស៊ុត​បាន​២​គ្រាប់​ម្នាក់ឯង ពោលគឺ​គ្រាប់​នាំមុខ​ដំបូង​នៅ​នាទី​៥៦ និង​គ្រាប់​ទី​៣​នៅ​នាទី​៧២ ខណៈ​មិត្ត​រួម​ក្រុម​របស់គេ ខ្សែការពារ Theerathorn Bunmathan រកបាន​១​គ្រាប់​ដោយ​ការ​ស៊ុត​ពិន័យ​ប៉េ​ណា​ល់​ទី​នៅ​នាទី​៦៤​។​

​ជ័យជម្នះ​នេះ​បាន​នាំ​ថៃ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​លោក Akira Nishino ទទួលបាន​៤​ពិន្ទុ ឡើងឈរ​កំពូល​តារាង​ពូ​ល G បណ្តោះអាសន្ន តាម​ពីក្រោយ​ដោយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែល​ទទួលបាន​៣​ពិន្ទុ​នៅ​ប្រកួត​ដំបូង​។

​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​វាយបក​យកឈ្នះ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ២-១​។ ខ្សែប្រយុទ្ធ Syafiq Syafiq ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ម៉ាឡេស៊ី​តាំងពី​១​នាទី​ដំបូង​នៃ​វគ្គ​ទី​១​ម្លេះ មុនពេល​ខ្សែប្រយុទ្ធ Ali Ahmed Mabkhout រក​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​៤៣​។ Ali Ahmed Mabkhout ដដែល​បានផ្តល់​ការខកចិត្ត​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​តាមរយៈ​ការ​ស៊ុត​គ្រាប់​ទី​២ ដែលជា​គ្រាប់​ជ័យជម្នះ​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​សម្រាប់​ការប្រកួត​ដំបូង​របស់​ពួកគេ​ក្នុង​ពូ​ល G​។​

​ម៉ាឡេស៊ី​ឈរ​នៅ​លេខ​រៀង​ទី​៣ មាន​៣​ពិន្ទុ ខណៈ​វៀតណាម​មាន​១​ពិន្ទុ​ឈរ​លេខ​៤ ហើយ​ឥណ្ឌូណេស៊ី​នៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​។​
​សម្រាប់​សិង្ហ​បុរី​ដែលជា​ក្រុម​ពី​តំបន់​អាស៊ាន​ដែល​នោះ ក៏​កំពុង​ឈរ​នៅ​កំពូល​តារាង​ពូ​ល D ផងដែរ​ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ​ប៉ា​ឡេ​ស្ទី​ន ២-១ នា​ជំនួប​លើក​ទី​២​របស់​ពួកគេ​។ ឆ្លងកាត់​២​ពីរ​ប្រកួត ស្មើ​១ និង​ឈ្នះ​១ នាំ​ឲ្យ​សិង្ហ​បុរី​ទទួលបាន​៤​ពិន្ទុ នាំមុខ​ក្រុម​លេខ​២​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​៣​ពិន្ទុ ខណៈ​លេខ​៣​យេ​មែនមាន​២​ពិន្ទុ​។ អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ទើប​ប្រកួត​មួយ​លើក​ឈរ​លេខ​៤​មាន​១​ពិន្ទុ ហើយ​អ៊ូ​ស​បេ​គី​ស្ថាន​នៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​។​

​ក្រុម​ពី​អាស៊ាន​មួយទៀត គឺ​ហ្វីលីពីន​ក៏​អាច​រកបាន​៣​ពិន្ទុ​ក្នុងជំនួប​លើក​ទី​២​ផងដែរ ក្រោយ​បរាជ័យ​នៅ​ប្រកួត​បើកឆាក​។ បន្ទាប់ពី​ចាញ់​ស៊ី​រី ៥-២ រួចមក ហ្វីលីពីន​បាន​យកឈ្នះ​កោះ​ហ្គា​ម​ដោយ​លទ្ធផល ៤-១ ដែល​នាំ​ឲ្យ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​វគ្គ​ជម្រុះ​ពូ​ល A​។ ក្នុង​ពូ​ល A នេះ​មាន​៤​ក្រុម លើកលែង​កោះ​ហ្គា​ម សុទ្ធ​តែមាន​៣​ពិន្ទុ​ដូចគ្នា ប៉ុន្តែ​ចិន​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​ម៉ា​ល់​ឌី​វ ៥-០ នា​ជំនួប​ដំបូង​របស់​ពួកគេ ខណៈ​ស៊ី​រី​ឈរ​លេខ​២ ព្រោះ​ចាញ់​គ្រាប់​ស៊ុត​។

​ដោយឡែក​កម្ពុជា បើទោះជា​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​លោក Keisuke Honda និង​លោក Felix Dalmas ជា​គ្រូបង្វឹក​នោះ បាន​រង​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​ដោយ​ចាញ់​បា​រ៉ែ​ន ១-០​។ ឆ្លងកាត់​ការប្រកួត​២​លើក គោព្រៃ​កម្ពុជា​រកបាន​១​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៤ ពូ​ល C តែ​នៅលើ​ហុងកុង ខណៈ​បា​រ៉ែ​ន​នៅ​កំពូល​តារាង​មាន​៤​ពិន្ទុ​។ អ៊ីរ៉ង់​មាន​៣​ពិន្ទុ ពី​ការប្រកួត​មួយ​លើក ហើយ​អ៊ីរ៉ាក់​ឈរ​លេខ​៣​មាន​១​ពិន្ទុ​៕

Tag:
 World Cup
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com