អន្តរជាតិ
UN ជំរុញ​ក្រុម​ប្រយុទ្ធ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចរចា​ដោយផ្ទាល់ ដើម្បី​ស្វែងរក​សន្តិភាព​
11, Sep 2019 , 3:03 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រេសិត​អង្គការសហប្រជាជាតិ លោក Tadamichi Yamamoto  នៅ​ថ្ងៃទី​១០ ខែកញ្ញា បាន​ជំរុញ​ឲ្យ​ភាគី​ប្រយុទ្ធ​ទាំងអស់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន បើក​ការចរចា​ដោយផ្ទាល់ ដើម្បី​បញ្ចប់សង្គ្រាម​រាំ​រៃ​នៅក្នុង​ប្រទេស​។ ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​លុបចោល​ជំនួប​ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់​ដែល​គ្រោង​ធ្វើ​នៅ​សប្ដាហ៍​នេះ​។



​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា​កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់​បាន​ស្លាប់​រួចមក ភាព​តានតឹង​នៅក្នុង​តំបន់​បាន​ត្រលប់​មករក​ភាព​ក្តៅគគុក​ឡើងវិញ​។ ក្រុម​តា​លី​បង់​ដែល​ចរចា​ជាមួយ​អាមេរិក​ជាច្រើន​ជុំ បានប្រកាស​បន្តសកម្មភាព​របស់ខ្លួន និង​គំរាម​ក្រុង​វ៉ាស៊ីនតោន​ត្រង់ៗ​ថា យោធា​អាមេរិក នឹង​បន្ត​បង្ហូរឈាម​របស់ខ្លួន​ទៀត​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP តំណាង​របស់​អង្គការសហប្រជាជាតិ (UN)  លោក Tadamichi Yamamoto  បាន​និយាយថា អំពើហិង្សា​កំពុង​គំរាមកំហែង​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ថ្ងៃទី​២៨ ខែកញ្ញា​។ និយាយ​នៅឯ​កិច្ចពិភាក្សា​របស់​ក្រុមប្រឹក្សាសន្តិសុខ ប្រេសិត​អង្គការសហប្រជាជាតិ​រូបនេះ បាន​លើកឡើងថា ព្រឹត្តិការណ៍​ក្នុង​រយៈពេល​ថ្មីៗ​នេះ តម្រូវ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហានយោបាយ​ជាបន្ទាន់​ជាង​ពេលណាៗ​ទាំងអស់​។

​ក្នុងនេះ​ន័យ​លោក​ចង់​បញ្ជាក់ថា ជម្លោះ​ប្រដាប់អាវុធ អាច​ដោះស្រាយបាន​ដោយ​ការសន្ទនា​ដោយផ្ទាល់​ជាមួយគ្នា​តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត​កិច្ចចរចា​ដោយផ្ទាល់​គឺ​វា​សំខាន់​ណាស់ ដូច្នេះ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ក្រុម​តា​លី​បង់ ត្រូវតែមាន​ជំនួប​ក្នុងពេល​ឆាប់ៗ​នេះ​។

​ការប្រកាស​លែង​ចរចា​របស់​អាមេរិក ធ្វើ​ឲ្យ​ក្ដីសង្ឃឹម​រក​សន្តិភាព​បា​ត់ប​ង់​។ ប៉ុន្តែ​ការិយាល័យ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន សាទរ​ចំពោះ​ការលុបចោល និង​គោរព​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សម្ព័ន្ធមិត្ត​របស់ខ្លួន បន្ទាប់ពី​លោក ត្រាំ លុបចោល​ការចរចា​ជាមួយ​ក្រុម​តា​លី​បង់ នៅ​Camp David ក្រៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​សូមបញ្ជាក់ថា លោក​ប្រធានាធិបតី ត្រាំ មាន​គំរោង​ដកទ័ព​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​កុំ​ឲ្យ​មានការ​ចំណាយ​លើ​ថវិការ​ជាតិ​ច្រើនពេក​។ ប៉ុន្តែ​អា​ហ្វ​ហ្គា​នី​ស្ថាន​បារម្ភ​ថា ការដក​ទ័ព​របស់​អា​មេ​រិ​ក​គឺ​លឿន​ពេក ខណៈពេល​បញ្ហា​ក្នុង​តំបន់​កំពុង​តែមាន​ភាព​តានតឹង​។ ការចរចា​ជាមួយ​ក្រុម​តា​លី​បង់ ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​អាមេរិក មុន​ចាប់ផ្ដើម​ដកទ័ព ប៉ុន្តែ​ការវាយប្រហារ​អត្តឃាត​ថ្មីៗ ធ្វើ​ឲ្យ​លោក ត្រាំ ប្រកាស​បញ្ចប់​ការចរចា​តែម្ដង​៕


Tag:
 អា​ហ្វ​ហ្គា​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com