កម្ពុជា ឆ្លើយ​ទៅ​អាមេរិក​ថា «​លោក កឹម សុខា រស់នៅ​ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល​»
ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ឆ្លើយ​ទៅ​អាមេរិក​ថា «​លោក កឹម សុខា រស់នៅ​ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល​»
11, Sep 2019 , 8:19 pm        
រូបភាព
លោក កឹម សុខា ជាមួយម្តាយនិងភរិយា។ រូបនេះ ថតពេលលោក មកដល់ផ្ទះ ក្រោយត្រូវបានដោះលែងពីពន្ធនាគារ។ រូបពីគណនីហ្វេសប៊ុក Chantha Muth
លោក កឹម សុខា ជាមួយម្តាយនិងភរិយា។ រូបនេះ ថតពេលលោក មកដល់ផ្ទះ ក្រោយត្រូវបានដោះលែងពីពន្ធនាគារ។ រូបពីគណនីហ្វេសប៊ុក Chantha Muth
ដោយ: ថ្មីៗ
«​លោក កឹម សុខា ត្រូវបាន​ដោះលែង​ឲ្យ​រស់នៅ​ក្នុងផ្ទះ​របស់គាត់​ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល ក្រោម​ការត្រួតពិនិត្យរ​បស់​តុលាការ​»​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បរិយាយ​ដូច្នេះ ទៅកាន់​អាមេរិក តាមរយៈ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។



អ្នកនាំពាក្យ​ការបរទេស ប្រាប់​អាមេរិក​ទៀតថា ដោយសារតែ​គិតពី​ហេតុផល​មនុស្សធម៌ ទើបបាន​ជា​ចៅក្រម​ស៊ើបសួរ សម្រេច​ដោះលែង​លោក កឹម សុខា ចាប់តាំងពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​មក​។ អ្នកនាំពាក្យ​ការបរទេស ពន្យល់​អាមេរិក​ថា​៖«​ដូច​បណ្តា​ប្រទេស​ដទៃទៀត ដែល​អនុវត្ត​ប្រព័ន្ធ​ច្បាប់​ស៊ីវិល នីតិវិធីតុលាការ​កម្ពុ​ជា មិនមាន​ចែង​អំពី​ថេរវេលា​អតិបរិមា សម្រាប់​រឿងក្តី​ដែល​ស្ថិតក្រោម​ការឃ្លាំមើល​តាម​ផ្លូវ​តុលាការ​នោះទេ​»​។

ការចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ការបរទេស​កម្ពុជា គឺធ្វើឡើង​ក្រោយពី​អ្នកស្រី Morgan Ortagus អ្នកនាំពាក្យ​ការបរទេស​អាមេរិក ថ្លែង​តាមរយៈ​វីដេអូ​ឃ្លី​ប​ខ្លី​មួយ ទាក់ទង​នឹង​សំណុំរឿង​របស់លោក កឹម សុខា ដោយ​អ្នកស្រី ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​តុលាការ ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា​។ អ្នកស្រី ហៅ​ការចោទប្រកាន់​លើ​លោក កឹម សុខា ថា​គ្មាន​មូលដ្ឋាន​និង​មិនទាន់មាន​ភស្តុតាង​ណាមួយ ដែល​គួរ​ឲ្យ​ទុកចិត្ត​បានឡើយ​។ អ្នកស្រី នៅ​ចាត់ទុក​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការចាប់​លោក កឹម សុខា ដែលជា​ប្រធាន និង​ការដកហូត​តំណែង​ពី​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​មួយ​នេះ ថា​ជា «​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។ 

អ្នកនាំពាក្យ​ការបរទេស​កម្ពុជា បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការលើកឡើង​របស់​អ្នកស្រី Morgan Ortagus គឺ​បង្ខំ​ឲ្យ​ភាគី​កម្ពុជា ត្រូវតែ​ឆ្លើយតប​វិញ​។ អ្នកនាំពាក្យ​ការបរទេស​កម្ពុជា បាន​រម្លឹក​អាមេរិក​ថា ការប៉ុនប៉ង​របស់​ក្រុមប្រឆាំង​នាពេល​កន្លងមក ក្នុងការ​ផ្លាស់ប្តូរ​រប​ប​នៅ​កម្ពុជា មិនមែនជា​ការអនុវត្ត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​និង​លទ្ធិប្រជាធិបតេយ្យ​នោះទេ​។

អ្នកនាំពាក្យ​ការបរទេស​កម្ពុជា បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​និង​អង្គភាព ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ ដើម្បី​ការពារ​សន្តិសុខ​ជាតិ​។ អ្នកនាំពាក្យ​ការបរទេស​កម្ពុជា សង្កត់ធ្ងន់ថា កម្ពុជា ទាមទារ​ឲ្យ​បរទេស​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា និង ចៀសវាង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច សម្រុក​ចូលទៅ​ចាប់ខ្លួន​ដល់​គេហដ្ឋាន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការសង្ស័យថា លោក លួច​ទៅ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​បទល្មើស​នេះ ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​។ ក្រោយ​មកពីរ​-​បី​ខែ គឺ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​របស់លោក ក៏​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល និង​ហាម​ថ្នាក់ដឹកនាំ​របស់លោក​ជាង​១០០​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

​រហូតដល់​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ បានសម្រេច​ឲ្យ​លោក កឹម សុខា រស់នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​មិន​ព្រម​ទម្លាក់​បទ​ចោទ ហើយ​បានដាក់​បម្រាម​យ៉ាង​តឹងរឹង​ចំពោះ​លោក​ថែមទៀត ដែល​រួមមាន មិន​ឲ្យ​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង និង មិន​ឲ្យ​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​។ វា មាន​រយៈពេល​ពីរ​ឆ្នាំ​ហើយ បើ​គិត​ទាំង​ពេលដែល​លោក កឹម សុខ ជាប់ពន្ធនាគារ និង ក្រោយ​ពេលដែល​លោក ត្រឡប់​ទៅ​រស់នៅ​ក្នុងផ្ទះ​។​

​បច្ចុប្បន្ន លោក កឹម សុខា រស់នៅ ជាមួយ​ភរិយា និង ម្តាយ ក្នុង​គេហដ្ឋាន ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​ពីរ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ​។ ចំណែក​កូនស្រី​របស់លោក​ទាំងពីរ បន្ត​រស់​នៅឯ​បរទេស​។

​លោក សម រង្ស៊ី ដែលជា​ដៃគូ​នយោបាយរ​ស់លោក ប្រកាសថា នឹង​ដឹកនាំ​កម្លាំង មក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com