អន្តរជាតិ
លោក ត្រាំ បញ្ចប់​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ តែ​សាមីខ្លួន​ថា សុំលាលែង​ដោយ​ខ្លួនឯង
11, Sep 2019 , 4:44 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃអតីតទីប្រឹក្សាសន្តិសុខ ចន ប៊ូលតុន ។ រូបភាព AFP
ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃអតីតទីប្រឹក្សាសន្តិសុខ ចន ប៊ូលតុន ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១០ ខែកញ្ញា បានប្រកាស​បញ្ចប់​តំណែង​លោក ច​ន ប៊ូល​តុ​ន ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ក្រោម​ហេតុផល​ថា មាន​ជំហរ​ខុសគ្នា​ច្រើន​។ ប៉ុន្តែ​លោក ប៊ូល​តុ​ន ផ្ទាល់ និយាយថា សុំលាលែង​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​។ ការចាកចេញ​របស់លោក ប៊ូល​តុ​ន ទំនង​ជាការ​យុទ្ធសាស្ត្រ​ថ្មី ដែល​អនុញ្ញាត​ឲ្យ​រដ្ឋបាល​លោក ត្រាំ បត់បែន​គោលនយោបាយ​ការបរទេស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដូចជា​អ៊ីរ៉ង់ កូរ៉េខាងជើង និង​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាដើម​។​



​លោក ច​ន ប៊ូល​តុ​ន ត្រូវបាន​បណ្ដេញចេញ ឬ​លាលែង​ដោយ​ស្ម័គ្រចិត្ត​? ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​សាមីខ្លួន​ផ្ដល់ព័ត៌មាន​ខុសគ្នា​។ តាមរយៈ Twitter របស់ខ្លួន​នៅ​ថ្ងៃទី​១០ ខែកញ្ញា លោក ត្រាំ បានប្រកាស​ព័ត៌មាន​នៃ​ការចាកចេញ​របស់លោក ប៊ូល​តុ​ន ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ ព្រោះ​លោក មាន​ជំហរ​ផ្ទុយគ្នា​លើ​គោលនយោបាយ​អាមេរិក​។ លោក​បន្តថា លោក​បាន​ប្រាប់​ឲ្យ​លោក ប៊ូល​តុ​ន ដាក់ពាក្យ​លាលែង ហើយ​លោក ប៊ូល​តុ​ន ក៏បាន​ធ្វើតាម​រួចហើយ​ដែរ​។​

​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី ដែល​នឹង​ក្លាយជា​មន្ត្រី​សន្តិសុខ​ជាតិ​អាមេរិក​ទី​បួន​ក្នុង​រយៈពេល​មិន​ដល់​បី​ឆ្នាំ​ផង​នោះ នឹងត្រូវ​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ត្រាំ នៅលើ Twitter ដដែល​។​

​លោក ប៊ូល​តុ​ន ជា​អ្នកនយោបាយ​ជើងចាស់​ម្នាក់​ដែលមាន​គោលនយោបាយ​រឹងត្អឹង​ខ្លាំង​។ ការឈ្លានពាន​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣ និង​គោលនយោបាយ​តឹងរ៉ឹង​ដ៏ទៃទៀត​របស់​អាមេរិក សុទ្ធ​តែមាន​ជាប់ទាក់ទង​លោក​ទាំងអស់​។ ក្នុង​អាណត្តិ​លោក ត្រាំ នេះ លោក ប៊ូល​តុ​ន ក៏​នៅតែ​ប្រកាន់​ជំហរ​ចាស់​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​អាមេរិក​អនុវត្ត​ធម៌​ក្ដៅ​ជាង​ធម៌​ត្រជាក់​ដូចជា​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាដើម​។​

​រឿង​ខុសគ្នា​ទាំង​អម្បាលម៉ាន​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក ប៊ូល​តុ​ន និង​លោក ត្រាំ ចាប់ផ្ដើម​បែរខ្នង​ដាក់គ្នា ខណៈ​គោលនយោបាយ​ការបរទេស​របស់លោក ត្រាំ ក៏​រង​ការរិះគន់​ខ្លាំង​ផងដែរ​។ ទោះជា​យ៉ាងណា លោក ប៊ូល​តុ​ន បាន​បដិសេធ​សម្ដី​របស់​ប្រធានាធិបតី​អាមេរិក​ដែលថា លោក​ត្រូវ​បានបញ្ចប់​តំណែង​។ នៅលើ​គណនី Twitter របស់ខ្លួន អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រូបនេះ​បញ្ជាក់ថា លោក​បានដាក់​ពាក្យ​លាលែង​ទៅកាន់​លោក ត្រាំ ។

​អស់ពី​លោក ប៊ូល​តុ​ន ទៅ គេ​រំពឹងថា គោលនយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​លោក ត្រាំ ទំនងជា​ផ្លាស់ប្ដូរ​ច្រើន ហើយ​អាច​ទន់ភ្លន់​ជាង​មុន​ផងដែរ​។ លោក Rob Malley ប្រធាន​ក្រុម​ផ្ដល់​ប្រឹក្សា International Crisis Group និយាយថា ពេល​មាន​លោក ប៊ូល​តុ​ន ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ លោក ត្រាំ មាន​អ្នក​ផ្លុំ​ត្រចៀក​ពីរ គឺ​ម្ខាង​ផ្ដល់យោបល់​ការទូត និង​ព្រមាន​ពី​ផ្ទុះ​សង្គ្រាម ឯ​ម្ខាង​ទៀត​លើក​យោបល់​ឲ្យ​ធ្វើសង្គ្រាម​៕

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ច​ន ប៊ូល​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com